ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គមស៊ីវិល៖ បញ្ហាទីផ្សារ អប់រំ សុខភាព គួរតែជាគោលនយោបាយប្រជែងសន្លឹកឆ្នោត នៅអាណត្តិនេះ
07, Feb 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ដើម្បីដើរឲ្យទាន់ការប្រែប្រួលសង្គម អ្នកតាក់តែងគោលនយោបាយក្នុងបក្សនីមួយៗ គួរតែរៀបចំគោលនយោបាយ ដោះស្រាយបញ្ហាសង្គមដូចជា បញ្ហាទីផ្សារ ការអប់រំ និងសុខភាពជាដើម។ បើបក្សណាមានយុទ្ធសាស្រ្តល្អនោះ នឹងអាចទាញចំណាប់អារម្មណ៍ពលរដ្ឋបាន។ 

 
លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាននិយាយថា បញ្ហាទីផ្សារកសិកម្ម គួរលើកជាគោលនយោបាយ ហើយត្រូវតែធានាឲ្យកសិករដែលខំផលិតបាន មានទីផ្សារគ្រប់គ្រាន់ ព្រោះបញ្ហាជាក់ស្ដែងបច្ចុប្បន្ន ពុំមែនមកពីពលរដ្ឋខ្ជិលច្រអូសឡើយ គឺមកពីខ្វះអ្នកជួយគាំទ្រ និងដោះស្រាយបញ្ហាទីផ្សារ។ 
 
ចំណែកការអប់រំក៏ដូចគ្នា គឺគុណភាពសាលារដ្ឋហាក់ធ្លាក់ចុះ ខណៈពលរដ្ឋដែលមានជីវភាពធូរធារ នាំគ្នាបញ្ជូនកូនទៅសាលាឯកជនកាន់តែច្រើន។ នេះបើតាមលោក យង់ គិមអេង។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោកបានពន្យល់បន្ថែមថា ៖«គោលនយោបាយពាក់ព័ន្ធនឹងបញ្ហាជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងជីវភាព មុខរបរ សុខភាព អប់រំ ការងារ។ និយាយឲ្យខ្លី! អ្វីដែលធ្វើឲ្យពួកគាត់ ងាយស្រួលក្នុងការរស់នៅ និងរកស៊ីទទួលទានបាន ជាគោលនយោបាយដែលទាក់ទាញពលរដ្ឋខ្លាំង គឺចាក់ចំបេះដូងនិងអារម្មណ៍ពលរដ្ឋ»។ 
 

  លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព

ជុំវិញបញ្ហានេះ លោក មាស នី យល់ឃើញដូចគ្នានឹងលោក យង់ គិមអេង ដែរ។ លោកថា រាល់បញ្ហាទាក់ទងនឹងការរស់នៅពលរដ្ឋ រួមទាំងបញ្ហាការងារ សេវាសុខាភិបាល ក្រមសីលធម៌ ប្រព័ន្ធយុត្តិធម៌ សុទ្ធតែជាចំណុចល្អៗ ដើម្បីរៀបចំតាក់តែងគោលនយោបាយ ដើម្បីប្រជែងយកសំឡេងឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។
 
អ្នកតាមដានព្រឹត្តិការណ៍សង្គមរូបនេះ បានលើកឡើងថា អ្នកនយោបាយភាគច្រើន សូត្រតែគោលនយោបាយចាស់ៗ ហើយគោលនយោបាយខ្លះ ពុំអាចធ្វើបានដូចអ្វី ដែលខ្លួនលើកឡើងក៏មាន។ បើតាមលោក មាស នី អ្នកនយោបាយគួរតែមានការកែប្រែចំណុចខ្លះ ដើម្បីឲ្យបក្សមានឥទ្ធិពលឡើងវិញ។ 
 
និយាយដល់ចំណុចនេះ លោក មាស នី បានបន្ថែមថា ការប្រកួតប្រជែងនយោបាយមួយដ៏ល្អប្រសើរនោះ វាទាមទារឲ្យអ្នកនយោបាយគ្រប់រូប ត្រូវមានឆន្ទៈបង្រួបបង្រួមជាតិ និងកាត់បន្ថយការប្រឆាំង ជាជាងការប្រកួតពាក្យសម្ដី។ ជាពិសេសការប្រជែងគោលនយោបាយ ត្រូវផ្ដោតលើការដោះស្រាយបញ្ហាឲ្យចំគោលដៅ។ ក្នុងន័យនេះ លោក មាស នី ចង់ពន្យល់ថា បើមានគំនិតគោលនយោបាយល្អៗហើយ គួរតែដាក់ចេញមក ដើម្បីឱ្យការប្រកួតប្រជែងសន្លឹកឆ្នោត កាន់តែទាក់ទាញ ហើយកុំបារម្ភថា គេនឹងយកគោលនយោបាយខ្លួនទៅប្រើ នៅពេលបក្សខ្លួនគ្មានឱកាសកាន់អំណាចក្តី។
 
អ្នកតាមដានព្រឹត្តិការណ៍សង្គមរូបនេះ បានពន្យល់យ៉ាងដូច្នេះ៖ «បក្សខ្លះ ខ្លាចគេយកគោលនយោបាយរបស់បក្សខ្លួន ទៅប្រើ! ករណីយកប្រើនេះ តិចឬច្រើនតែងតែមាន ប៉ុន្តែនៅពេលបង្ហាញពីយុទ្ធសាស្រ្ត គោលនយោបាយឲ្យលម្អិតទៅពលរដ្ឋ ពួកគេនឹងមើលឃើញសក្តានុពលរបស់បក្សនោះវិញ»។ 
 

  លោក មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម។ រូបពីវេបសាយរាជបណ្ឌិត្យសភា

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ក៏ឆ្លៀតបន្ថែមថា បក្សនយោបាយ កុំព្រួយបារម្ភខ្លាចបក្សដទៃ លួចគោលនយោបាយរបស់ខ្លួនទៅប្រើ។ លោកអះអាងថា សព្វថ្ងៃពលរដ្ឋចេះប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីទទួលបានព័ត៌មាន ដូច្នេះពួកគេអាចស្ដាប់ព័ត៌មានជាសំឡេងបាន បើទោះជាមិនចេះអានអក្សរក្តី។ បើតាមលោក គឹមអេង ប្រជារាស្ត្រ នឹងសម្រេចចិត្តផ្ដល់សន្លឹកឆ្នោតឲ្យគណបក្សណា ដែលអាចដោះស្រាយបញ្ហាសង្គមបាន។
 
ពលរដ្ឋកម្ពុជា ភាគច្រើនសម្រេចចិត្តបោះឆ្នោត ដោយពុំសូវបានពិនិត្យមើលលើគោលនយោបាយបក្សនីមួយៗឡើយ ។ ពួកគេមានទំនោលគាំទ្រទៅលើបុគ្គលជាមេដឹកនាំ ជាងគោលនយោបាយ។ នេះជាទស្សនៈរបស់​លោក វណ្ណ ប៊ុនណា និង លោក ថាច់ វណ្ណា ដែលចង់ឃើញបណ្ដាបក្សនីមួយៗ គិតពីប្រយោជន៍សង្គម ជាជាងចោទប្រកាន់គ្នា។
 
លោក វណ្ណ ប៊ុនណា ដែលជាយុវជនសកម្មម្នាក់ ចូលចិត្តតាមដានស្ថានភាពនយោបាយ យល់ឃើញថា គោលនយោបាយចាស់ៗ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន បញ្ហាដីធ្លី ភូមិឃុំសុវត្ថិភាព ក្លាយទៅជារឿងធម្មតាសម្រាប់ពលរដ្ឋ ដោយពុំមានការទាក់ទាញអារម្មណ៍ឡើយ។ នយោបាយដែលលោក និងពលរដ្ឋដទៃចង់ឃើញនោះ គឺដំណោះស្រាយបញ្ហាសង្គម ឱ្យមានការអភិវឌ្ឍប្រសើរឡើង មិនមែនចោទតែគ្នាទៅវិញទៅមកឡើយ។ ចំពោះ យុទ្ធសាស្រ្តដោះស្រាយបំណុល គឺជាចំណុចសំខាន់សម្រាប់បក្សនីមួយៗ ពិនិត្យមើល ក្នុងការដាក់ជាគោលនយោបាយ ខណៈពលរដ្ឋកម្ពុជាភាគច្រើនសុទ្ធតែជាប់បំណុល។
 
អង្គុយឆ្លើយឆ្លងគ្នាជាមួយសារព័ត៌មានថ្មីៗ លោក វណ្ណ ប៊ុនណា អះអាងថា គោលនយោបាយដោះស្រាយបំណុល នឹងចាក់ចំបេះដូងប្រជារាស្រ្ត ខណៈដែលពួកគេកំពុងជួបបញ្ហានេះ។
 
«បំណុល សព្វថ្ងៃខ្ញុំក៏មានដែរ តាមរយៈការជួយដោះបំណុលឲ្យបងប្អូនខ្ញុំ។ បញ្ហាបំណុល វាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃពលរដ្ឋខ្លាំង។ ហេតុនេះ បញ្ហាបំណុល រដ្ឋាភិបាល បណ្ដាបក្ស គួររកយុទ្ធសាស្រ្តដោះស្រាយ បើពុំដូច្នេះទេ ពលរដ្ឋនឹងជាប់បំណុលវណ្ឌក»។ នេះជាអ្វីដែល លោក ប៊ុនណា បារម្ភ ។


  លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ។

បើតាមយុវជនរូបនេះ នីតិវិធីក្នុងការខ្ចី និងសងបំណុលនៅកម្ពុជាមានបញ្ហាច្រើន រួមទាំងការយល់ដឹងពលរដ្ឋនៅមានកម្រិត។ ជាមួយគ្នាដែរ បក្សនយោបាយនៅកម្ពុជាក៏ពុំទាន់មាន បក្សណាមួយ មានគោលការជាក់លាក់ ក្នុងការដោះស្រាយបំណុលដែរ។
 
ចំណែកលោក ថាច់ វណ្ណា យល់ថា គោលនយោបាយអប់រំ គឺជាចំណុចសំខាន់ ដើម្បីទាក់ទាញពលរដ្ឋ។ ក្នុងនាមជាយុវជន លោក មើលឃើញថា យុវជនមួយចំនួនបានបោះបង់ការសិក្សា ព្រោះកត្តាជីវភាព ខណៈអ្នកធូរធារបន្តបញ្ចូនកូនទៅរៀនសាលាឯកជនតម្លៃខ្ពស់ៗ។
 
ទន្ទឹមនឹងនេះ យុវជនទាំងពីរ ក៏មើលឃើញពីគោលនយោបាយអាទិភាពទៀតដែរ គឺគោលនយោបាយដែលផ្ដោតលើកការដោះស្រាយ បញ្ហាទីផ្សារ កសិកម្ម សុខភាព និងភូមិឃុំមានសុវត្ថិភាពជាដើម។
 
កន្លងមក គោលនយោបាយរបស់បណ្ដាបក្សនីមួយៗ ពុំសូវមានការប្រែប្រួលឡើយ ខណៈសង្គមមានការផ្លាស់ប្ដូរលឿន។ លោក យង់ គិមអេង មើលឃើញថា ពលរដ្ឋ ភាគច្រើនបារម្ភពីបញ្ហាគ្រឿងស្រវឹង ប៉ុន្តែពុំមានបក្សនយោបាយណាមួយ បានលើកពីករណីនេះ ឲ្យផុសផុលចេញជាគោលនយោបាយឡើយ។ លោកវាយតម្លៃថា បញ្ហានេះ ទំនងជាអ្នកធ្វើគោលនយោបាយ គិតតែមួយជ្រុងនៃក្រុមខ្លួន ដោយពុំបានពិគ្រោះយោបល់ ឬឈ្វេងយល់ពីប្រជារាស្រ្ត។ 
 
«អ៊ីចឹង កម្ពុជាកំពុងតែវិវឌ្ឍន៍បែបហ្នឹងដែរ។ បើយើងធ្វើគោលនយោបាយ ដោយមិនគិតពីសេចក្តីត្រូវការរបស់ពលរដ្ឋ ខ្ញុំថាគោលនយោបាយនោះ ក៏វាអត់មានការទាក់ទាញពលរដ្ឋដែរ! »។ នេះបើតាមប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com