កីឡាអន្តរជាតិ
អន្តរជាតិ
Man City អាចឈានដល់បណ្តេញចេញពី Premier League ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ
07, Feb 2023 , 10:32 am        
រូបភាព
ក្របខណ្ឌ Premier League ចោទក្លិប Manchester City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនច្រើនជាង១០០ករណី បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំ។ Man City អាចរងការដាក់ទណ្ឌកម្ម ផាកពិន័យ កាត់ពិន្ទុ ឬឈានដល់បណ្តេចេញពីលីគកំពូលតែម្តង។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបរហស្សនាមមេឃខៀវ ត្រូវបានគណៈកម្មការឯករាជ្យរបស់លីគកំពូលអង់គ្លេសដែលធ្វើការជុំវិញការបំពានច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ (FFP) ស៊ើបអង្កេតដោយរកឃើញថាមានល្មើសលើការចំណាយក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៨ ។ ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៨។
 
ក្រោយការស៊ើបអង្កេតរយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២២ គណៈកម្មការឯករាជ្យ បានរកឃើញថា Man City បានបំពានច្បាប់ហិរញ្ញវត្ថុច្រើនជាង១០០ករណី។ ក្នុងចំណោមករណីដ៏ច្រើននេះ ប្រសិនបើរកឃើញថាក្លិបអ្នកមានអង់គ្លេសមួយនេះ ពាន់ព័ន្ធករណីធ្ងន់ធ្ងរណាមួយ ពួកគអាចអាចប្រឈមនឹងការដាក់ទោសទណ្ឌ។
 
ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអេមីរ៉ាតអារ៉ាប់រួមមួយនេះ អាចត្រូវគណៈកម្មការ ដាក់ទណ្ឌកម្មរាប់ចាប់ពីការផាកពិន័យ កាត់ពិន្ទុ និងរហូតដល់ការបណ្តេញចេញពីក្របខណ្ឌ Premier League តែម្តង។

ក្លិប Man City បង្ហាញការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នេះ។ «Manchester City មានការភ្ញាក់ផ្អើលចំពោះការចេញការចោទប្រកាន់ដ៏ច្រើន ជុំវិញការបំពានច្បាប់ Premier League បើទោះករណីទាំងនោះត្រូវបាន EPL បានអនុញ្ញាតរួចទៅហើយ»។ នេះជាការបញ្ជាក់របស់ក្លិប Man City ក្នុងសេចក្តីថ្លែងការរបស់ខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ។
 
ចាប់តាំងពីក្រុមហ៊ុន Abu Dhabi United Group កាន់កាប់ក្លិប Man City នៅឆ្នាំ២០០៨មក ក្រុមដែលមានលោក Pep Guardiola ជាអ្នកចាត់ការទូទៅនេះ ​ឈ្នះ​ជើងឯក Premier League ៦លើករួចមកហើយ។
 
Man City រងការចោទប្រកាន់ជាច្រើនលើកមកហើយ ករណីរំលោភច្បាប់​ហិរញ្ញវត្ថុ លើការចំណាយទិញដូរកីឡាករនេះ និងថែមទាំងត្រូវបានតុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ចោទថា Man City មិនសហការជាមួយសហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ចំពោះការស៊ើបអង្កេតលើពួកគេ៕
 
 

Tag:
 Premier League
  Manchester City
  FFP
© រក្សាសិទ្ធិដោយ thmeythmey.com