កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ដ្បិតពិបាកប្រើភាសាទំនាក់ទំនង តែលោកគ្រូ ផល្លា ប្ដេជ្ញាផ្សព្វផ្សាយគុនខ្មែរទៅសិស្សចិន
08, Feb 2023 , 8:59 am        
រូបភាព
 សកម្មភាពលោក ទិត្យ ផល្លា បង្វឹកសិស្ស
សកម្មភាពលោក ទិត្យ ផល្លា បង្វឹកសិស្ស
លោក ទិត្យ ផល្លា គ្រូប្រដាល់គុនខ្មែរនៅក្លិបហាត់ប្រាណ Noble Sports Center ថាបញ្ហាភាសាជាផលវិបាកក្នុងការបង្ហាត់ក្បាច់ប្រដាល់គុនខ្មែរទៅកាន់កូនសិស្សជាជនជាតិចិន។ លោកផល្លា អតីតកីឡាករប្រដាល់គុនខ្មែរ អំឡុងទសវត្យឆ្នាំ២០០០ ថា លោកត្រូវព្យាយាមធ្វើកាយវិការ ដើម្បីបង្ហាញពីក្បាច់ក្បួនទៅកាន់សិស្សចិនទាំងនោះជំនួសឱ្យការប្រើភាសា។


តាមរយៈបទសម្ភាសមកសារព័ត៌មានថ្មីៗ លោក ទិត្យ ផល្លា ថាកូនសិស្សរបស់លោក មានកាយសម្បទាល្អ មាឌធំ កម្ពស់ខ្ពស់ និងមានកម្លាំងខ្លាំង ស្របពេលលោក ផល្លា ត្រូវកាន់ស៊ីបឲ្យសិស្សទាត់ដោយផ្ទាល់។ យ៉ាងណា គ្រូបង្វឹករូបនេះ មិនបានចាត់ទុកថាការទាត់ស៊ីប ដោយប្រើកម្លាំងខ្លាំងទាំងនោះ ជាបញ្ហា ឬជាការលំបាកសម្រាប់ខ្លួន ក្នុងការបង្វឹកសិស្សទាំងនោះឡើយ។ 
  

លោក ទិត្យ ផល្លា ផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ
 
គ្រូបង្វឹកមកពីខេត្តកោះកុងនេះ បញ្ជាក់ថាអ្វី ដែលជាការលំបាកក្នុងការហ្វឹកហាត់ គឺការប្រើប្រាស់ភាសា ព្រោះលោក ផល្លា មិនចេះភាសាចិន ដូច្នេះពេលខ្លះ ការបង្វឹកត្រូវការបើប្រាស់កាយវិការច្រើន ដើម្បីបញ្ជាក់ ហើយពេលខ្លះទៀតត្រូវការអ្នកបកប្រែតែម្តង។ អ្វីដែលពិបាកទៅទៀត ពាក្យបច្ចេកទេសខ្លះ ក៏អ្នកបកប្រែពិបាកក្នុងការពន្យល់។
 
«កាយសម្បទារបស់កូនសិស្ស មិនមែនជារឿងបញ្ហានោះទេ សំខាន់ គឺភាសា។ ខ្ញុំ ជួបការលំបាកដែរ ព្រោះខ្ញុំ អត់ចេះភាសាចិន។ ខ្ញុំ ធ្វើកាយវិការប្រាប់គាត់ ឲ្យគាត់យល់ពីក្បាច់គុនខ្មែរ។»។ លោក ទិត្យ ផល្លា បាននិយាយដូច្នេះ។ 
 
គ្រូបង្វឹកវ័យ៤៤ឆ្នាំនេះ បានចូលបង្វឹកសិស្សបរទេសនៅក្លិប Noble Sports Center ចាប់ពីខែកញ្ញា ឆ្នាំ២០២២ មកដល់ពេលនេះ ទទួលបានសិស្ស១០នាក់ ដែលជាជនជាតិចិន។ លោក ទិត្យ ផល្លា បានបន្ថែមថា ទោះជនជាតិចិនទាំងនោះរវល់នឹងរបរការងារជាអ្នកជំនួញ​ ប៉ុន្តែពួកគេចាប់អារម្មណ៍កីឡាប្រដាល់គុនខ្មែរ ព្រោះពួកគេ ទទួលបានការផ្សព្វផ្សាយ។ ដូចនេះ លោក ផល្លា ជឿថា ប្រសិនប្រព័ន្ធផ្សព្វផ្សាយរំលេចពីប្រដាល់គុនខ្មែរ ឱ្យកាន់តែខ្លាំង នោះបរទេសកាន់តែយល់ដឹងពីក្បាច់គុនដូនតាមួយនេះ កាន់តែច្រើនឡើងៗ។ 
 
គ្រូបង្វឹករូបនេះ បន្តទៀតថា អ្វីដែលធ្វើឲ្យកូនសិស្សរបស់លោក កាន់តែចាប់អារម្មណ៍ពីក្បាច់ប្រដាល់កម្ពុជានោះ គឺស្នៀត និងក្បាច់នៃការប្រើកែង និងជង្គង់ ជាពិសេសការវាយមួយៗ ប៉ុន្ដែច្បាស់ៗ និងចំគោលដៅ។ 
 
«ប្រជាជនចិនខ្លះ រស់នៅកម្ពុជា បានឃើញការផ្សព្វផ្សាយអំពីក្បាច់គុនខ្មែរ ដែលធ្វើឲ្យអ្នកទាំងនោះចាប់អារម្មណ៍។ អ្នកទាំងចាប់អារម្មណ៍ យ៉ាងខ្លាំងលើស្នែតវាយរបស់ប្រដាល់គុនខ្មែរ មានជង្គង់ កែង ការវាយចំៗ និងក្បាច់វាយគូប្រកួតជាច្រើនទៀត។»។ លោក ទិត្យ ផល្លា បានបញ្ជាក់ដូច្នេះ។
 
ក្នុងកិច្ចសម្ភាសដដែរនេះ គ្រូប្រដាល់មកពីកោះកុងរូបនេះ ក៏បង្ហាញពីមោទកភាពខ្លួន តាមរយៈទឹកមុខញញឹម ដោយចាត់ទុកថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បំពេញកិច្ចការមួយ ដែលឲ្យប្រជាពលរដ្ឋកម្ពុជា ពេញចិត្តទាំងស្រុង។ នោះ គឺការដាក់ឈ្មោះវិញ្ញាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ លោក ទិត្យ ផល្លា និយាយថា៖«ខ្ញុំ រំភើបយ៉ាងខ្លាំង ដោយចាត់ទុកថានេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។»។
 
គួរបញ្ជាក់ថា លោក ទិត្យ ផល្លា គឺជាអតីតកីឡាករប្រដាល់គុនខ្មែរ អំឡុងទសវត្យឆ្នាំ២០០០ ប្រចាំនៅខេត្តកោះកុង។ អតីតកីឡាកររូបនេះ មិនសូវជាមកប្រកួតនៅទីក្រុងភ្នំពេញប៉ុន្មានទេ ប៉ុន្ដែបានប្រកួតជាមួយថៃ ជាញឹកញ៉ាប់នៅទឹកដីខេត្តកោះកុង។ បច្ចុប្បន្ន លោក ផល្លា មានកូនប្រុសម្នាក់ ឈ្មោះ ធីម សៀងហៃ គ្រូបង្វឹកនៅក្លិបប្រដាល់គុនខ្មែរ The Temple នៅទីក្រុង Bordeaux ប្រទេសបារាំង និងមានប្អូនម្នាក់ទៀត ឈ្មោះ ទិត្យ សុវណ្ណគិរី ជាកីឡាករប្រដាល់គុនខ្មែរ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ទិត្យ ផល្លា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com