ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ថា លោក សម រង្ស៊ី ប្រមាថគ្រួសារលោក និងកេងចំណេញនយោបាយ
09, Feb 2023 , 2:03 pm        
រូបភាព
លោក ហ៊ុន ម៉ានី នាពេល​ចូលរួម​កម្មវិធីមួយ
លោក ហ៊ុន ម៉ានី នាពេល​ចូលរួម​កម្មវិធីមួយ
ដោយ: រត្តញូ
ក្រោយចប់ពិធីបុណ្យសពរបស់ម្ដាយមីង ទើបលោក ហ៊ុន ម៉ានី បញ្ចេញប្រតិកម្មចំពោះលោក សម រង្ស៊ី។ នៅព្រឹកថ្ងៃទី៩ខែកុម្ភៈនេះ មុននឹងលោកចាកចេញជាមួយប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន លោក ហ៊ុន ម៉ានី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដែលគេអាចអានបានយ៉ាងដូច្នេះ៖«ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។»។ លោក ម៉ានី បានសរសេរបញ្ជាក់ទៀតថា៖«វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់។ មិនមែនអ្វីៗ សុទ្ធតែនយោបាយនោះទេ។»។


 
នេះគឺជាសារឆ្លើយតបទៅលោក សម រង្ស៊ី។ ភ្ជាប់ជាមួយនឹងខ្លឹមសារសំណេរ លោក ហ៊ុន ម៉ានី ក៏បានបង្ហាញអត្ថបទរបស់លោក សម រង្ស៊ី ដែលសរសេររៀបរាប់ចោទប្រកាន់លោកស្រី ប៊ុន សុថា ដែលជាម្ដាយមីង និងបានបង្ហោះរូបភាពដែលលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារទៅចូលរួមពិធីបុណ្យសពម្ដាយរបស់លោកស្រី ជូឡុង សូមួរ៉ា កាលពីឆ្នាំ២០១៦។
 
ពីក្នុងក្រុមអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ គេបានឃើញលោក កឹម សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធសពម្ដាយបង្កើតសម្ដេច ប៊ុន រ៉ានី និងក្រោយមក ក៏បានដឹកនាំប្រតិភូគោរពសពលោក ហ៊ុន ណេង ដែលជាតំណាងរាស្ត្រ និងជាបងប្រុសរបស់សម្ដេច ហ៊ុន សែន ផងដែរ។ ក្នុងពេលថ្មីៗនេះ ភរិយារបស់លោក កឹម សុខា បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកស្រី ប៊ុន សុថា ដែលជាប្អូនស្រីរបស់សម្ដេច ប៊ុន រ៉ានី។
 
លោក ហ៊ុន ម៉ានី ក៏ធ្លាប់បានចូលរួមក្នុងពិធីបុណ្យសពលោក ជាម ចន្នី អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិផងដែរ។
 
នៅក្នុងសង្គមខ្មែរ ការរំលែកមរណទុក្ខគឺជាកាយវិការដែលត្រូវបានផ្ដល់តម្លៃយ៉ាងខ្លាំង ហើយដែលត្រូវបានកត់សម្គាល់អំពីសីលធម៌ សុជីវធម៌របស់បុគ្គល។
 
លោក ឯម សុវណ្ណារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយកម្ពុជាមួយរូបបានរំឭកថា ប្រទេសកម្ពុជាដែលជាប្រទេសបដិបត្តិព្រះពុទ្ធសាសនា តែផ្តល់តម្លៃដល់ការចែករំលែកសម្មានចិត្ត និងអធ្យាស្រ័យគ្នារវាងគ្នា ជាពិសេសនៅពេលដែលមានមរណភាព បើទោះជាពួកគេមានភាពរកាំរកូសនឹងគ្នាក៏ដោយ។ អ្នកវិភាគនយោបាយដដែលក៏បានកត់សម្គាល់ចំពោះគំនិតរបស់លោក ហ៊ុន ម៉ានី ដែលបានសរសេរថា «មិនមែនអ្វីៗទាំងអស់ សុទ្ធតែជានយោបាយ» នោះដែរ។ សម្រាប់អ្នកវិភាគដដែលនេះ បើសិនជាអ្នកនយោបាយបន្តវេនអាចបង្កើត និងពង្រឹងវប្បធម៌នៃការអធ្យាស្រ័យ ខន្តី ពួកគេនឹងទទួលបានការគាំទ្រពីសាធារណជន៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com