កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត៤គ្រាប់ម្នាក់ឯងឱ្យ Al Nassr កើនគ្រាប់ទី៥០៣ក្នុងលីគ
10, Feb 2023 , 10:09 am        
រូបភាព
Cristiano Ronaldo ស៊ុតបាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯង ដើម្បីជួយ Al Nassr ឈ្នះ Al Wehda ៤-០ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League នៅថ្ងៃទី៩ ខែកុម្ភៈ។ ៤គ្រាប់នេះ ជួយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់កើនដល់៥០៣គ្រាប់ សម្រាប់ការប្រកួតក្នុងលីគអាជីព។



៤គ្រាប់របស់ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ ធ្វើបាននៅវគ្គទី១ចំនួន២គ្រាប់ និងវគ្គទី២ចំនួន២គ្រាប់។ បន្ថែម៤គ្រាប់ បានធ្វើឱ្យ Ronaldo កើនគ្រាប់បាល់ទី ៥០៣ ក្នុងការបង្ហាញខ្លួនឱ្យក្រុមចំនួន ៥ នៃលីគ៥ផ្សេងៗគ្នា។
 
ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យដែលបានចូលរួមជាមួយ Al Nassr ក្នុងខែធ្នូ ដោយទទួលបានប្រាក់ឈ្នួលជាង២០០លានដុល្លារក្នុងមួយឆ្នាំរកបាន៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣ប្រកួតជាមួយក្រុមក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត។
 
ក្នុងចំណោមគ្រាប់បាល់ទាំង៥០៣គ្រាប់ របស់ Ronaldo ធ្វើបានឱ្យក្រុមចំនួន៥ ក្នុងលីគ៥ផ្សេងគ្នារួមមាន Sporting CP ៣គ្រាប់ Manchester United ១០៣គ្រាប់ Real Madrid ចំនួន៣១១គ្រាប់ Juventus ចំនួន៩៨គ្រាប់ និង Al Nassr ចំនួន៥គ្រាប់។
 
៤គ្រាប់របស់ Ronaldo ក៏បានជួយ Al Nassr ឡើងទៅឈរកំពូលតារាង Saudi Pro League ដោយរកបាន៣៧ពិន្ទុពីការប្រកួត១៦លើក ស្មើពិន្ទុជាមួយក្រុមលេខ២ Al Shabab ដែលប្រកួត១៧លើក៕
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com