កីឡាអន្តរជាតិ
អន្តរជាតិ
ប្រព័ន្ធមីក្រូហ្វូនអាជ្ញាកណ្តាល ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងការប្រកួត Club World Cup 
×![]()
ការប្រកួតពានរង្វាន់ក្លិបកំពូលលើពិភពលោក (FIFA Club World Cup) កំពុងតែដំណើរការប្រើប្រាស់សាកល្បងនូវប្រព័ន្ធមីក្រូហ្វូន សម្រាប់អាជ្ញាកណ្តាលក្នុងពេលប្រកួត ។ ការប្រើមីក្រូហ្វូននេះ ដើម្បីនិយាយពន្យល់អ្នកគាំទ្រក្នុងកីឡដ្ឋាន ឱ្យយល់ដឹងអំពីការប៉ះទង្គិចគ្នារវាងកីឡាករ និងការពិន័យផ្សេងៗ ក្រោយពេលមានការសម្រេចចិត្តពីប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ត្រួតពិនិត្យរួច។
តាមធម្មតាអាជ្ញាកណ្តាលនៃការប្រកួតតែងកាត់សេចក្តី និងទាក់ទងគ្នា តាមរយៈការប្រើមីក្រូហ្វូននេះ ។ វាមិនមែនជារឿងថ្មីឡើយ សម្រាប់កីឡាបាល់ទាត់ ឬក៏បាល់ឱបនៃក្របខណ្ឌ NFL។
ប្រព័ន្ធដែល FIFA បានដាក់ឱ្យប្រើប្រាស់ក្នុងវិស័យបាល់ទាត់ ដើម្បីជំនួយដល់ការកាត់សេចក្តីឱ្យកាន់តែយុត្តិធម៍ពីសំណាក់អាជ្ញាកណ្តាល នាពេលចុងក្រោយមាន ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) និងបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Off-Side។ ពាក់កណ្តាលស្វ័យប្រវត្តិ Off-side បានប្រើប្រាស់ដំបូងក្នុង World Cup 2022 ប្រទេសកាតា។
នាការប្រកួតរវាង Al Ahly តទល់ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid អាជ្ញាកណ្តាលសញ្ជាតិអ៊ុយរ៉ូហ្កាយលោក Andres Matonte បានពន្យល់ទៅកាន់កីឡាករ ព្រមទាំងអ្នកគាំទ្រក្នុងកីឡដ្ឋានទាំងអស់ អំពីមូលហេតុដែលលោកបានផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅកាន់ Real Madrid បន្ទាប់ពីត្រួតពិនិត្យកំហុស ក្នុងប្រអប់ទីរួចពីសំណាក់ VAR។
លោក Matonte បាននិយាយដូច្នេះថា៖«សម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រ កីឡាករអាវលេខ ១៧ បានបង្កកំហុស។»។ កីឡាករ Emr El Solia របស់ Al Ahly បានបង្កកំហុសដាក់ Vinicius JR តំបន់គ្រោះថ្នាក់ ចំណែក Luka Modric មិនអាចស៊ុតសម្រេចបញ្ចូលទីបាល់នោះ។
ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ ដែលក៏ជាសមាជិកកីឡា បានអនុម័តការប្រើប្រាស់វិធីសាស្ត្រកាត់ក្តីក្នុងការប្រកួតបែបនេះ តាំងពីខែមករាកន្លងទៅ ដែលមាននាយកប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) លោក Mark Bullingham ជាប្រធានក្រុមប្រឹក្សាភិបាល។ ចំពោះការដាក់សាកល្បងនេះលោក Bullingham បាននិយាយថា វាពិតជាមានសារៈសំខាន់ខ្លាំង ចំពោះតម្លាភាពពេលប្រកួត។
ក្រៅពី Club World Cup សហព័ន្ធ FIFA ក៏កំពុងតែពិចារណាលើការដាក់ឱ្យប្រើប្រាស់សាកល្បងបន្ថែមទៀត នៅការប្រកួត World Cup អាយុក្រោម ២០ឆ្នាំ ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែឧសភា រហូតដល់ខែមិថុនា។ ប្រសិនបើការប្រើប្រាស់នេះ ឃើញថា ទទួលបានជោគជ័យនោះ ប្រព័ន្ធនេះ នឹងត្រូវបន្តឱ្យប្រើប្រាស់ដោយទទួលបានភ្លើងខៀវ សម្រាប់ប្រើក្នុងការប្រកួត World Cup ស្ត្រីនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងខែ កក្កដា ដល់ខែសីហា៕
Tag:
FIFA
FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com