ជាតិ
ក្រសួងទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្ម ក្រោយកំណើនទេសចរចិនកើនឡើង
12, Feb 2023 , 1:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យអាជីវកម្ម និងប្រតិបត្តិករទេសចរ ដែលទទួលទេសចរចិន បន្តពង្រឹងគុណភាព សេវាកម្មទទួលទេសចរចចិនឡើងវិញ។ ការពង្រឹងនេះ  ​ ធ្វើឡើងដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរចិន និងពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្រោយកំណើនទេសចរចិនកើនឡើងវិញ។



ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អាជីវកម្មទទួលទេសចរចិន និងប្រតិបត្តិករទេសចរ សហការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញទេសចរ ក៏ដូចស្វាគមន៍ទេសចរចិនឡើងវិញផងដែរ។ 
 
ជាមួយគ្នានេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា ៖ « តាមបណ្តាខេត្តនានា អាជីវកម្មកំពុងពង្រឹងសមត្ថភាពខ្លួន និងអាជីវកម្មមួយចំនួនកំពុងរៀបចំកន្លែងលក់ដូរឡើងវិញ ខណៈទេសចរចិនបានមកកម្សាន្តនៅកម្ពុជាបណ្តើរៗ។ ដោយឡែក សណ្ឋាគារ និងអាជីកម្ម បានបើកដំណើរឡើងវិញស្ទើរតែទាំងស្រុង ដូច្នេះអាជីកម្មដែលទទួលទេសចរចិនត្រូវតែពង្រឹងសមត្ថភាព និងសេវាកម្ម»។ 


លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ។  រូបថត៖ ហ្វេសប៊ុកលោក តុប សុភ័ក

អ្នកនាំពាក្យរូបនេះ បន្តថា វិស័យទេសចរណ៍ សង្ឃឹមថា កំណើនទេសចរចិននឹងជួយឱ្យ អាជីវកម្មទទួលសេវាកម្មទេចរចិនមានស្ថេរភាពដូចមុនកូវីដ-១៩ ។ លើសពីនេះ គិតមកទល់ពេលនេះ អាជីវកម្មមួយចំនួន  បានបើកអាជីវកម្មទទួលទេសចរចិនប្រមាណ៨៥ភាគរយហើយ។ 
 
យ៉ាងណាមិញ ក្រសួងទេសចរណ៍ កំពុងទទួលពាក្យស្នើសុំពីម្ចាស់អាជីវក ដែលទទួលទេសចរចិន ដោយបន្តចុះត្រួតពិនិត្យសុវត្ថិភាព គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម។ ទន្ទឹមនឹងនោះក៏មានអាជីវកម្មចំនួន៦ ដែលត្រូវទទួលស្គាល់ពីក្រសួងទេសចរណ៍ រួមមាន ក្រុមហ៊ុន Tours Co.,Ltd (រាជធានីភ្នំពេញ) , ខេ-យ៉ក ត្រាវែល សឺវីស (រាជធានីភ្នំពេញ), អង្គរ 369 ត្រាវែល & ធួរ - Angkor 369 Travel & Tour (សៀមរាប), Sunny Jimmy Travel Co., Ltd. (សៀមរាប) , ឆាង យ៉ុង ធួរីហ្សឹម (សៀមរាប) , Dream Back To Angkor Wat Travel Agent  (សៀមរាប)ផងដែរ។ 
 
ក្រសួងទេសចរណ៍ បន្តលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទទួលទេសចរចិនទាំងអស់ ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
 
លោក តុប សុភ័ក ក៏បានអំពាវនាវឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ រក្សាគុណភាពសេវាកម្ម ព្រោះវិស័យទេសចរណ៍ ពឹងផ្អែកទាំងស្រុងលើសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងផលិតផល ដើម្បីត្រៀមទទួលទេសចរ។ បើសិនសេវាកម្មល្អ ទេសចរចិននឹងមានកំណើន ហើយអាជីវករនឹងមានចំណូលផងដែរ៕
 

Tag:
 ThmeyThmey25
 សេវាកម្មទេសចរចិន
© រក្សាសិទ្ធិដោយ thmeythmey.com