កីឡាអន្តរជាតិ
អន្តរជាតិ
ទីក្រុងមូស្គូ ៖ ការអំពាវនាវឱ្យហាមឃាត់អត្តពលិករុស្ស៊ីពីកីឡាអូឡាំពិក មិនអាចទទួលយកបាន
12, Feb 2023 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងកីឡារុស្ស៊ីលោក Oleg Matytsin ថ្ងៃទី១១ ខែកុម្ភៈ និយាយថាការអំពាវនាវពីរដ្ឋមន្ត្រីកីឡាជាង ៣០ប្រទេស ឱ្យហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុសពីកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស គឺមិនអាចទទួលយកបាននោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​TASS។

ប្រទេសចំនួន ៣៥ ដែលក្នុងនោះរួមមានសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ និងអូស្រ្តាលី ថា នឹងទាមទារឱ្យអត្តពលិករុស្ស៊ី និង បេឡារុស ស្ថិតនៅក្នុងការហាមឃាត់ពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤។ ប្រទេសមួយចំនួន នៅតំបន់ Nordic ក៏បានស្នើឱ្យហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស ពីការប្រកួត ​Paris 2024 ដែរ ព្រោះតែសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បញ្ចប់់។
 
ចំណាត់ការពីក្រុមប្រទេសជាង ៣៥​ នេះ បានបង្កើតសម្ពាធលើគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ដែលចង់បញ្ចៀសព្រឹត្តិការណ៍កីឡាពីការហែកហួរគ្នាដោយជម្លោះ ដែលកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន។ 
 
«នេះជាការជ្រៀតជ្រែកដោយផ្ទាល់របស់រដ្ឋមន្រ្តីក្នុងសកម្មភាពរបស់អង្គការកីឡាអន្តរជាតិឯករាជ្យ ដែលនេះជាការប៉ុនប៉ងកំណត់លក្ខខណ្ឌ សម្រាប់ការប្រកួតរបស់អត្តពលិកក្នុងការប្រកួតអន្តរជាតិ ហើយដែលនេះជារឿងមិនអាចទទួលយកបានជាដាច់ខាត។ ឥឡូវនេះ យើងឃើញថាមានចេតនាចង់បំផ្លាញការរួបរួមនៃកីឡាអន្តរជាតិ ក៏ដូចជាចលនាអូឡាំពិក ដើម្បីធ្វើឱ្យកីឡាក្លាយជាសម្ពាធដើម្បីដោះស្រាយបញ្ហានយោបាយ។»។ នេះសម្តីរបស់លោក Matytsin ដែលដកស្រង់ដោយ TASS។ 
 
កាលពីខែមុន IOC បាននិយាយថា អត្តពលិកដែលមកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងអាចត្រូវបានអនុញ្ញាតឱ្យវិលមកកាន់ការប្រកួតអូឡាំពិកវិញ។ អត្តពលិករុស្ស៊ី និងបេឡារុស អាចប្រកួតជម្រុះស្វែងរកកៅអី តាមរយៈការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដើម្បីទៅកាន់ការប្រកួតអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ អន្តពលិកទាំង ២ប្រទេសនោះ ត្រូវប្រកួតក្រោមរូបភាពទង់របស់អូឡាំពិក ឬទង់អត្តពលិកអន្តរជាតិ។
 
អ៊ុយក្រែនបានអំពាវនាវបន្តហាមឃាត់ក្រុមអត្តពលិកដែលមកពីប្រទេសទាំងពីរនោះ ដរាបណាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់។ មកដល់ពេលនេះសង្គ្រាមក្នុងអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ីមានរយៈពេល ១១ខែហើយ។
 
គួររំលឹកថា កាលពីសប្តាហ៍មុន ប្រទេសតំបន់ Nordic រួមមានប្រទេសឡេតូនី លីទុយអានី អេស្តូនី និងប៉ូឡូញ បានអំពាវនាវឱ្យស្ថាប័នកីឡាអន្តរជាតិនានា បន្តហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុស ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាកម្មវិធីប្រកួតដទៃផ្សេងទៀត ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ី កំពុងតែបន្តយ៉ាងក្តៅកគុក៕

Tag:
 Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com