ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំកម្ពុជា ទៅពិភាក្សាជាមួយភាគីឡាវ ពីរឿងសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច
13, Feb 2023 , 10:59 am        
រូបភាព
គណៈប្រតិភូកម្ពុជា ចុះពីយន្តហោះ ពេលទៅដល់ឡាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
គណៈប្រតិភូកម្ពុជា ចុះពីយន្តហោះ ពេលទៅដល់ឡាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ៖ ទេព ញាណ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានទៅដល់ប្រទេសឡាវហើយ នៅម៉ោងជាង៩ព្រឹក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៤កុម្ភៈ។

 
ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជា រួមមាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ជាដើម បានទៅជាមួយសម្តេចនាយករដ្ឋមន្រ្តី។ 
 
ហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរថា ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ឡាវ រួមមាន លោក ថងលួន ស៊ីសូលីត ជាប្រធានរដ្ឋ លោក សៃស៊ុមផន ភុមវិហាន ជាប្រធានរដ្ឋសភា និងលោក សនសៃ ស៊ីផាន់ដន ជានាយករដ្ឋមន្រ្តី។
 
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ នឹងចុះហត្ថលេខាលើ «ផែនការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជានិងឡាវ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧»៕ 
 

Tag:
 កម្ពុជា_ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com