ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន នឹងឲ្យលោក រ៉ុង ឈុន ឈរជាបេក្ខជនតំណាងរាស្រ្ត បើលោកចង់
13, Feb 2023 , 4:15 pm        
រូបភាព
លោក រ៉ុង ឈុន ថ្លែងក្នុងអង្គសមាជគណបក្សភ្លើងទៀន នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីវីដេអូលើហ្វេសប៊ុកគណបក្សភ្លើងទៀន
លោក រ៉ុង ឈុន ថ្លែងក្នុងអង្គសមាជគណបក្សភ្លើងទៀន នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីវីដេអូលើហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

លោក រ៉ុង ឈុន ដែលទើបត្រូវបានតែងតាំងជាអនុប្រធាន១រូបរបស់គណបក្សភ្លើងទៀន មានឱកាសច្រើនក្នុងការឈរជាបេក្ខជនតំណាងរាស្រ្តនៅរាជធានី ឬខេត្តណាមួយ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន បង្ហើបថា អ្វីដែលសំខាន់ គឺស្ថិតលើលោក រ៉ុង ឈុន ខ្លួនឯង ថា ចង់ឈរឬមិនចង់។


លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា បើលោក រ៉ុង ឈុន ចង់ឈរជាបេក្ខជនតំណាងរាស្ត្រ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងពិនិត្យមើលថា រាជធានី ឬខេត្តណា ដែលមានសក្តានុពលសម្រាប់លោក ដែលត្រូវឈរជាបេក្ខជនតំណាងរាស្រ្ត។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំ គ្រាន់តែដឹងថា គាត់ អាចមានសិទ្ធិឈរ នៅកន្លែងណា ខ្ញុំអត់ដឹងទេ»។ 
 
លោក រ៉ុង ឈុន ខ្លួនឯងផ្ទាល់ បែរជាអះអាងថា អ្វីដែលសំខាន់ចំពោះលោកនាពេលនេះ មិនមែនរឿងឈរជាបេក្ខជនតំណាងរាស្រ្តនោះទេ តែជារឿងជួយបង្កើនសក្តានុពលដល់គណបក្សភ្លើងទៀន ដើម្បីឲ្យមានការគាំទ្រក្នុងការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗបែបនេះថា៖«ត្រង់ចំណុចហ្នឹង ខ្ញុំ ដូចមិនចាប់អារម្មណ៍យកចិត្តទុកដាក់លើការឈរត្រង់កន្លែងណាកន្លែងណីនៅឡើយទេ»។ 
 
លោក គីមសួរ ភីរិទ្ធ លើកឡើងថា គណបក្សភ្លើងទៀន មិនទាន់រៀបចំបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់ខ្លួននៅឡើយទេ។ យោងតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សនយោបាយ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ដាក់ទៅគ.ជ.ប សម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 
 
និយាយពីរឿងលោក រ៉ុង ឈុន វិញ។ លោក និងបណ្ឌិតសេដ្ឋកិច្ចម្នាក់ គឺលោក សុក ហាច ត្រូវបានតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀន ដោយអង្គសមាជគណបក្សនេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ។ បន្ថែមលោកទាំង២នាក់ទៀត អនុប្រធានគណបក្សនេះ កើនដល់៥នាក់។ 
 
លោក រ៉ុង ឈុន ធ្លាប់ធ្វើជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ និងធ្លាប់ធ្វើជាប្រធានសហ​ភាព​សហ​ជីព​កម្ពុជា ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៥។ លោក ក៏ធ្លាប់ធ្វើជាសមាជិកគ.ជ.ប បានប្រមាណ៣ឆ្នាំផងដែរ គឺពីឆ្នាំ២០១៥មក។ ដោយសារនៅចុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល លោក បានសម្រេចចិត្តដើរចេញពីគ.ជ.ប ហើយត្រឡប់ទៅធ្វើជាប្រធានសហ​ភាព​សហ​ជីព​កម្ពុជាវិញ រួមទាំងធ្វើជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ទាំងនេះ ជាសាវតារសង្ខេបរបស់លោក ដែលលោករៀបរាប់កាន់សារព័ត៌មានថ្មីៗ។  
 
ក្រោយប្រឡូកការងារយ៉ាងជោគជាំមួយកម្មករ និងគ្រូបង្រៀនអស់ជាច្រើនឆ្នាំមក លោក រ៉ុង ឈុន ដែលមានវ័យ៥០ឆ្នាំស្តើង ក៏ហក់ចូលក្នុងនយោបាយវិញម្តង ហើយគណបក្សដែលលោកជ្រើសរើសនោះ គឺគណបក្សភ្លើងទៀននេះឯង។ លោក បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន តាមរយៈសន្និសីទកាសែត កាលពីចុងខែមករា ឆ្នាំ២០២៣។ លោក ត្រូវគណបក្សភ្លើងទៀន លើកតម្កើង ដោយផ្តល់តំណែងជាអនុប្រធានជូនលោកភ្លាមៗ ពេលលោកចូលក្នុងគណបក្សនេះ៕ 
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com