ជាតិ
សង្គមជាតិ
យុវជនបរិស្ថានគ្រោងធ្វើកម្មវិធី «ក្ដីស្រឡាញ់កោះកុងក្រៅ» តែមន្ត្រីបរិស្ថានស្នើឱ្យបញ្ឈប់សកម្មភាពនេះ
13, Feb 2023 , 9:59 pm        
រូបភាព
ទេសភាពទីតាំងឆ្នេរមួយកន្លែងនៅកោះកុងក្រៅ និងរូប poster កម្មវិធី«ក្ដីស្រឡាញ់កោះកុងក្រៅ»។រូបភាពពីទំព័រហ្វេសប៊ុក ចលនាមាតាធម្មជាតិ។ (front) ទេសភាពទីតាំងឆ្នេរមួយកន្លែងនៅកោះកុងក្រៅ និងរូប poster កម្មវិធី«ក្ដីស្រឡាញ់កោះកុងក្រៅ»។រូបភាពពីទំព័រហ្វេសប៊ុក ចលនាមាតាធម្មជាតិ។
ទេសភាពទីតាំងឆ្នេរមួយកន្លែងនៅកោះកុងក្រៅ និងរូប poster កម្មវិធី«ក្ដីស្រឡាញ់កោះកុងក្រៅ»។រូបភាពពីទំព័រហ្វេសប៊ុក ចលនាមាតាធម្មជាតិ។ (front) ទេសភាពទីតាំងឆ្នេរមួយកន្លែងនៅកោះកុងក្រៅ និងរូប poster កម្មវិធី«ក្ដីស្រឡាញ់កោះកុងក្រៅ»។រូបភាពពីទំព័រហ្វេសប៊ុក ចលនាមាតាធម្មជាតិ។
ភ្នំពេញ៖ ក្រុមយុវជននៃចលនាមាតាធម្មជាតិ គ្រោងរៀបចំកម្មវិធី «ក្ដីស្រឡាញ់កោះកុងក្រៅ» នៅថ្ងៃ១៤កុម្ភៈ នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញក្ដីស្រឡាញ់ទៅកាន់កោះកុងក្រៅ។ ក្រុមយុវជនស្នើសុំតំណាងក្រសួងបរិស្ថានមកជួបពួកគេ ថ្ងៃកម្មវិធីនោះ។ ប៉ុន្តែក្រសួងបរិស្ថានមិនមានការឆ្លើយតបលើសំណើនេះឡើយ ដោយស្នើឱ្យក្រុមយុវជននេះ ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន។



នៅថ្ងៃ១៤កុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់ ក្រុមយុវជនចលនាមាតា​ធម្មជាតិ គ្រោងរៀបចំកម្មវិធី «ក្ដីស្រឡាញ់កោះកុងក្រៅ» ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ កញ្ញា ភួន កែវរស្មី សកម្មជន​ចលនា​មាតា​ធម្មជាតិ លើកឡើងថា កម្មវិធីនេះធ្វើឡើងក្រោមគោលបំណង បង្ហាញក្ដីស្រឡាញ់ទៅកាន់កោះកុងក្រៅ និងការបង្ហាញសេចក្ដីស្រឡាញ់រាប់អានពីក្រុមយុវជនដែលធ្វើការងារសង្គម ធនធានធម្មជាតិ និងព្រៃឈើ ទៅកាន់ក្រសួងបរិស្ថាន។ 
 
គោលបំណងមួយទៀត នៃកម្មវិធីនេះ ដើម្បីស្នើទៅកាន់ក្រសួងបរិស្ថាន បញ្ឈប់ការចោទប្រកាន់ទៅកាន់ក្រុមយុវជនថា ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថានទៀត។ កញ្ញា ភួន កែវរស្មើ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«(គោលបំណង)ទី៣ គឺយើងស្នើសុំក្រសួងបរិស្ថានកុំឱ្យមានការចោទប្រកាន់ លាបពណ៌ ថាក្រុមយុវជនធ្វើសកម្មភាពញុះញុង ឬបង្កអសន្តិសុខ ក្រោមបញ្ជាបរទេសផ្សេងៗ ដែលលោកនេត្រ​ ភក្ត្រា តែងតែលើកឡើងនាពេលកន្លងមក»។ 
  

កញ្ញា ភួន កែវរស្មី (កាន់ឧបករណ៍បំពងសំឡេង) សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ អំឡុងចែកខិត្តប័ណ្ណទេសចរណ៍កោះកុងក្រៅ នាពេលកន្លងមក។ រូបភាពពីហ្វេសប៊ុក កញ្ញា កែវរស្មី។ 

បើតាមសម្ដីរបស់សកម្មជនបរិស្ថានរូបនេះ កម្មវិធីនេះ នឹងមានការដង្ហែក្បូនទៅកាន់ក្រសួងបរិស្ថាន ដែលនឹងមានការចូលរួមពីក្រុមយុវជន សិស្សានុសិស្ស និស្សិតសកលវិទ្យាល័យ និងការឃ្លាំមើលពីអង្គការសិទ្ធិមនុស្ស។ 
 
កញ្ញា កែវរស្មី អះអាងថា ក្បួនដង្ហែនឹងមិនបង្កអសណ្ដាប់ធ្នាប់នៅទីសាធារណនោះឡើយ។ កញ្ញាក៏រំពឹងដែរថា កម្លាំងអាជ្ញាធរមូលដ្ឋាន មិនរារាំងក្បួនដង្ហែនេះ ជំនួសដោយការជួយសម្រួលចរាចរណ៍ និងការពារសុវត្ថិភាពសម្រាប់ក្រុមយុវជន។ 
 
ជុំវិញការរៀបចំកម្មវិធី «ក្ដីស្រឡាញ់កោះកុងក្រៅ»នេះ លោក នេត្រ ភក្ត្រា មិនមានអ្វីឆ្លើយតបនោះឡើយ ដោយជំនួសដោយការស្នើសុំឱ្យយុវជនចលនាមាតាធម្មជាតិ ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងក្រោមបញ្ជាជនបរទេស។ 
  

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ រូបភាពពីទំព័រហ្វេប៊ុក លោក នេត្រ ភក្ត្រា។ 

លោកបានឆ្លើយតបសារជាអក្សរ ក្នុងប្រព័ន្ធតេឡេក្រាមដូច្នេះ៖ «ខ្ញុំស្នើឱ្យប្អូនៗជាយុវជននៃចលនាមាតាធម្មជាតិ គួរលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ ចេះស្រឡាញ់ជាតិដោយស្មោះត្រង់ និងកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេសដូចជា អាឡិច ជាដើមដែលជាមេគំនិតទុច្ចរិតប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»។ 
 
ជាការឆ្លើយតបទៅនឹង ការឡើកឡើងរបស់លោក នេត្រ ភក្ត្រា កញ្ញា កែវរស្មី ចាត់ទុកថាជាការបំបាក់ទឹកចិត្តដល់យុវជន។ កញ្ញាសង្កត់ធ្ងន់ដូច្នេះ៖«យើងគ្រោងនៅថ្ងៃ១៤កុម្ភៈ យើងនឹងស្នើសុំកុំឱ្យមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន គ្មានភស្ដុតាង ជាការបំបាក់ទឹកចិត្តខ្លាំងមែនទែន ចំពោះការឆ្លើយតបរបស់អ្នកនាំក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មកលើយុវជន»។ 
 
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរូបនេះ ត្រូវបានកញ្ញា រស្មី ចាត់ទុកថា ជាការមើលងាយមកលើយុវជន។ កញ្ញាសង្កត់ធ្ងន់ដូច្នេះ៖«ទោះបីយើងអត់ប្រាក់ ឬថវិកាច្រើន យើងនៅទទួលការផ្គតផ្គង់ពីឪពុកម្ដាយ តែយើងឆ្លៀតក្នុងការចូលរួមការពារធនធានធម្មជាតិ ប៉ុន្តែបែរជា លោក នេត្រ ភក្ត្រា ថាយើងធ្វើការងារបម្រើគណបក្សនយោបាយ ជ្រកក្រោមពាក្យស្លាកបរិស្ថាន ឬយើងទទួលជំនួយបរទេសយកមក ហើយធ្វើតាមការបញ្ជារបស់គេ អាហ្នឹងជាការមើលងាយមកដល់យុវជនខ្លួនឯងផ្ទាល់»។ 
 
ជាមួយគ្នានេះ កញ្ញា​ កែវរស្មើ ក៏ស្នើទៅកាន់ក្រសួងបរិស្ថាន ក្នុងការចាត់តាំងអ្នកតំណាង ដើម្បីមកជួបពួកគេ ក្នុងន័យបង្ហាញក្ដីស្រឡាញ់គ្នាទៅវិញទៅមក បើទោះក្រុមយុវជនមិនមាន ញត្តិ ឬលិខិតផ្លូវច្បាប់។ 
 
ទាក់ទិននឹងសំណើរបស់យុវជនចលនាមាតាធម្មជាតិនេះ លោកនេត្រ ភក្ត្រា មិនមែនអ្វីឆ្លើយតបនោះឡើយ ដោយលោកផ្ញើសារជាសំឡេងខ្លីមួយ តាមតេឡាក្រាមថា៖ «បងគ្មានអ្វីអត្ថាធិប្បាយក្រៅពីអាហ្នឹង(សារអក្សរខាងលើ)ទេ អាចប្រើប្រាស់បាន​ អរគុណ»៕ 
 

Tag:
 ThmeyThmey
  ក្រសួងបរិស្ថាន
  ក្ដីស្រឡាញ់កោះកុងក្រៅ
  យុវជននៃចលនាមាតាធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com