ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាឧទ្ធរណ៍បដិសេធលើកទី២ មិនឲ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ
15, Feb 2023 , 12:19 pm        
រូបភាព
សកម្មជនសហជីព កាន់រូបកញ្ញា ឈឹម ស៊ីថរ ក្នុងយុទ្ធនាការទាមទារឲ្យដោះលែងកញ្ញានាពេលកន្លងមក។ រូបពីអង្គលីកាដូ
សកម្មជនសហជីព កាន់រូបកញ្ញា ឈឹម ស៊ីថរ ក្នុងយុទ្ធនាការទាមទារឲ្យដោះលែងកញ្ញានាពេលកន្លងមក។ រូបពីអង្គលីកាដូ
ដោយ៖ ទេពញាណ
បណ្តឹងជំទាស់ទៅនឹងតុលាការភ្នំពេញ ដែលប្តឹងដោយកញ្ញា ឈឹម ស៊ីថរ មេសហជីពនៃអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ត្រូវសាលាឧទ្ធរណ៍ភ្នំពេញទាត់ចោល។ សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធនឹងបណ្តឹងជំទាស់របស់កញ្ញា ក្នុងសវនាការ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។



លោក អំ សំអាត មន្រ្តីអង្គការលីកាដូ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះថា ថា មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ ដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីសុំជំទាស់នឹងដីកា២របស់តុលាការភ្នំពេញ គឺទី១ ដីកាដំណោះស្រាយ ដែលសម្រេចបន្តឃុំកញ្ញា និងទី២ ដីកាដាក់កញ្ញាឲ្យស្ថិតក្រោមការត្រួតពិនិត្យ។ លោក បញ្ជាក់ដូច្នេះថា៖«បណ្តឹងជំទាស់ហ្នឹង គឺក្នុងន័យសុំឲ្យកញ្ញានៅក្រៅឃុំ»។ 
 
លោក បន្តថា ហេតុផលរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលច្រានចោលបណ្តឹងរបស់មេធាវីការពារក្តីឲ្យកញ្ញា ឈឹម ស៊ីថរ គឺ ការសម្រេច ឬការចេញដីការបស់តុលាការភ្នំពេញ មានភាពត្រឹមត្រូវ ហើយហេតុផលម្យ៉ាងទៀតរបស់សាលាឧទ្ធរណ៍ភ្នំពេញ គឺត្រូវរក្សាកញ្ញាឲ្យស្ថិតក្នុងឃុំ ដើម្បីរង់ចាំសវនាការលើអង្គសេចក្តី។ សូមជម្រាបកន្លែងនេះថា តុលាការភ្នំពេញ នឹងបើកសវនាការ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ដើម្បីជំនុំជម្រះលើសំណុំរឿងរបស់កញ្ញា។
 
មន្រ្តីសង្គមស៊ីវិលរូបនេះ ផ្តល់ព័ត៌មានទៀតថា កញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញា គឺលោក សំ ចំរើន សុទ្ធតែបានចូលរួមសវនាការរបស់សាលាឧទ្ធរណ៍ភ្នំពេញ (ដែលទើបនឹងប្តូរទៅទីតាំងថ្មី ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ លោកមេធាវី សំ ចំរើន ប្រាប់សារព័ត៌មានថ្មីៗថា លោក កំពុងជាប់រវល់ ដូច្នេះ មិនអាចធ្វើអត្ថាធិប្បាយបានឡើយ។ 
 
គួររម្លឹកបន្តិចថា កាលពីចុងឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធបណ្តឹងរបស់មេធាវីម្តងរួចមកហើយ គឺបណ្តឹង ដែលជំទាស់នឹងនីតិវិធីរបស់តុលាការភ្នំពេញ ក្នុងការចាប់កញ្ញា ឈឹម ស៊ីថរ យកទៅឃុំ។ បណ្តឹងនេះ ក៏ស្ថិតក្នុងគោលបំណងចង់ឲ្យកញ្ញាបាននៅក្រៅឃុំបណ្តោះអាសន្នដែរ។ 
 
កញ្ញា ឈឹម ស៊ីថរ ត្រូវចាប់ខ្លួន២ដងហើយ។ កញ្ញា ត្រូវចាប់ខ្លួនលើកដំបូង កាលពីដើមឆ្នាំ២០២២ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារដឹកនាំក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ តវ៉ានឹងក្រុមហ៊ុនេះ។ ជាប់ឃុំបានប្រមាណ២ខែ កញ្ញា ក៏ត្រូវអនុញ្ញាតឲ្យនៅឃុំ តែនៅជាប់បទចោទដដែល និងជាប់បម្រាមមួយចំនួនដូចជា មិនអនុញ្ញាតឲ្យចេញក្រៅប្រទេស ជាដើម។ 
 
ដល់ចុងឆ្នាំ២០២២ កញ្ញា ត្រូវចាប់ខ្លួនវិញ បន្ទាប់ពីវិលមកពីចូលរួមសន្និសីទអន្តរជាតិ១ នៅអូស្រ្តាលី។ តុលាការ លើកហេតុផលថា កញ្ញា ត្រូវចាប់ខ្លួនសាជាថ្មីនេះ ដោយសារទៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាត។ 
 
ខណៈកំពុងរស់នៅក្នុងពន្ធនាគារ នារីជាមេសហជីពវ័យក្មេងរូបនេះ ក៏ត្រូវមហាអំណាចអាម៉េរិក ប្រកាសផ្តល់ «ពានរង្វាន់ការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២» ជូននាង។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា នាង គឺជាជនជាតិខ្មែរទី១ ដែលទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ៕ 
  
 

Tag:
 ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com