ជាតិ
ក្រសួងសាធារណការ បានស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត ៨៣១ ខ្សែ នៅឆ្នាំ២០២២
15, Feb 2023 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ និងជួសជុលផ្លូវជាតិ និងផ្លូវខេត្ត បានចំនួន ៨៣១ខ្សែ នៅក្នុងឆ្នាំ២០២២។



លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួង បានសាងសង់ និងជួសជុលផ្លូវជាតិកម្រិត១ បាន ៩ខ្សែ មានប្រវែងជាង ២០០០គីឡូម៉ែត្រ, ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ ប្រវែងជាង ៥០០០គីឡូម៉ែត្រ និងផ្លូវខេត្តចំនួន ៧៥០ខ្សែ ប្រវែងជាង ១ម៉ឺនគីឡូម៉ែត្រ។
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
 
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដូច្នេះថា៖« គិតមកដល់បច្ចុប្បន្ននេះ ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៣១ខ្សែ ដែលបានស្ថាបនា និងជួសជុលនៅឆ្នាំ២០២២ មានប្រវែង ១៩ ៧៩៥ គីឡូម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ និងបេតុងសរុប ១១ ០៤២គីឡូម៉ែត្រ ស្មើនឹង ​៥៦ភាគរយ នៃប្រវែងផ្លូវសរុប»។
 
ក្រសួង ក៏បានបើកការដ្ឋានគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨, ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, កំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម), គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ទៀតផង។ 
 
រដ្ឋមន្រ្តីរូបនេះ បន្តថា ក្រៅពីស្ថាបនា និងជួសជុលផ្លូវ ក្រសួងបានចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។ 
 
បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) បានបញ្ចប់ការចរចា និងឯកភាពលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលគ្រោងនឹងស្នើចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះផងដែរ។
 
សូមជម្រាបថា នាពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានប្រកាសផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ៣០០លានយ័ន(ប្រមាណ៤៤លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងផ្លូវដែក៕
 
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
  បូកសរុបការងារឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com