ជាតិ
រដ្ឋាភិបាល ជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយ​​ន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
15, Feb 2023 , 8:59 pm        
រូបភាព
ស្ថានីយបញ្ចូលថាមពលអគ្គិសនីរថយន្ត។ រូបភាព៖ ក្រសួងសាធារណការ
ស្ថានីយបញ្ចូលថាមពលអគ្គិសនីរថយន្ត។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
ភ្នំពេញ៖  រដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ត្រៀមរៀបចំដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនី ២០០កន្លែងនៅកម្ពុជា និងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយ​​ន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។  លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រដ្ឋាភិបាល បានផ្ដល់អាទិភាពឱ្យក្រសួងសារធារណ រៀបចំគោលនយោបាយយុទ្ធសាស្រ្តក្នុងការប្រើប្រាស់រថយន្តបញ្ចូលថាមពលអគ្គិសនី និងធ្វើការជាមួយក្រុមហ៊ុនឯកជន ដើម្បីត្រៀមដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ២០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។ 
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
 
ក្រសួង បានធ្វើការជាមួយក្រុមហ៊ុន UNDP ផ្នែកឯកជន ដែលបានផ្តល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន៤ ដើម្បីដាក់នៅក្រសួងសាធារណការ ក្រុងព្រះសីហនុ សៀមរាប និងដាក់នៅបាត់ដំបង។ នៅឆ្នាំ២០២២ ជាការបើកទំព័រថ្មី ក្នុងការបើកឱ្យប្រើប្រាស់រថយន្តអគ្គិសនី ដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមលោក ស៊ុន ចាន់ថុល។
 
រដ្ឋមន្រ្តីរូបនេះ បានបន្តថា ប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តអគ្គិសនី មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ដោយសារពួកគេបានយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖«ប្រើរថយន្តអគ្គិសនីជួយកាត់បន្ថយការបំពុលបរិស្ថាន ហើយពន្ធនាំចូលរថយន្តដែលដើរដោយថាមពលអគ្គិសនី ក៏ត្រូវបានកាត់បន្ថយ និងតម្លៃនៃការធ្វើដំណើរតាមរថយន្តនោះ ថោកជាងរថយន្តចាក់ប្រេង»។
 

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួង នឹងជំរុញបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋប្រើប្រាស់រថយន្តដែលដំណើរការដោយថាមពលអគ្គិសនី ខណៈបច្ចុប្បន្ន មានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ដែលបានចុះបញ្ជីមានជាង ៧០០គ្រឿង ហើយក្នុងមួយឆ្នាំៗ មានការកើនឡើងរាប់ពាន់ភាគរយ។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅឆ្នាំ២០២២ ជាឆ្នាំនៃជំរុញចាប់ផ្ដើមឱ្យពលរដ្ឋប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី ហើយក្រុមហ៊ុនដៃគូរ ក៏បានផ្ដល់ម៉ូតូ ៣០គ្រឿង ប្រើដោយថាមពលអគ្គិសនីក្នុងសាកល្បង។ ក្រសួងបានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ 
 
សូមជម្រាបថា នៅឆ្នាំ២០២២ យានយន្តដែលបានចុះបញ្ជីមានជាង ៥២ម៉ឺនគ្រឿង ក្នុងនោះម៉ូតូជាង ៤៣ម៉ឺនគ្រឿង និងរថយន្តគ្រប់ប្រភេទមានជាង ៨ម៉ឺនគ្រឿង កើនឡើងជិត ៣ភាគរយ បើធៀបឆ្នាំ២០២១ គឺមានជាង ៥០ម៉ឺនគ្រឿង៕
 
 

Tag:
 បរិស្ថាន
  រថយន្តថាមពលអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com