ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វង្ស ពិសេន សុំឲ្យជប៉ុន ឧបត្ថម្ភសម្ភារៈសុខាភិបាល តាមតម្រូវការរបស់កងទ័ពជើងគោកកម្ពុជា
15, Feb 2023 , 5:29 pm        
រូបភាព
ជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា និងលោក Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិកម្ពុជា
ជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា និងលោក Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិកម្ពុជា
លោកនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ស្នើឲ្យភាគីជប៉ុន ពិចារណាជួយឧបត្ថម្ភមធ្យោបាយ និងសម្ភារៈសុខាភិបាល តាមតម្រូវការរបស់កងទ័ពជើងគោកកម្ពុជា។ សំណើរបស់មេទ័ពកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

  
នៅចំពោះមុខលោក យូស៊ីដា យូស៊ីហ៊ីដិ ដែលដឹកនាំគណៈប្រតិភូកងទ័ពជើងគោកជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា លោក វង្ស ពិសេន ថែមទាំងស្នើឲ្យជប៉ុន បន្តទទួលយកសិក្ខាកាមកម្ពុជា ទៅបណ្តុះបណ្តាលឲ្យបានចំនួនកាន់តែច្រើន។
 
ខ្លឹមសារនៃជំនួបរវាងលោក វង្ស ពិសេន និងលោក យូស៊ីដា យូស៊ីហ៊ីដិ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា ។ សំណេររបស់ក្រសួងការពារជាតិកម្ពុជា ពុំបានរំលេចពីការឆ្លើយតបរបស់លោក យូស៊ីដា យូស៊ីហ៊ីដិ ទៅនឹងសំណើរបស់លោក វង្ស ពិសេន ឡើយ។  
 
លោក យូស៊ីដា យូស៊ីហ៊ីដិ កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានការវិវត្តឥតឈប់ឈរ ដោយក្នុងនោះ វិស័យការពារជាតិ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។ ជាមួយគ្នានេះ លោក អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
លោក វង្ស ពិសេន បានអរគុណកងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈ និងស្មារតីដល់កងយោធពលខេមរភូមិន្ទកម្ពុជានាពេលកន្លងមក ដូចជា ការជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង ដល់កងទ័ពកម្ពុជា ជាដើម។ ជាមួយគ្នានេះ លោក បានរម្លឹកអំពីការរួមចំណែករបស់ជប៉ុនក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងនៅតែបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍមកដល់បច្ចុប្បន្ន។
 
លោក យូស៊ីដា យូស៊ីហ៊ីដិ ក៏មានជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោកកម្ពុជាផងដែរ៕ 
 

Tag:
 កម្ពុជា-ជប៉ុន
  វង្ស ពិសេន
  Yoshida Yoshihide
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com