ជាតិ
ដំណាំស្វាយចន្ទី អាចបន្តរងគ្រោះ ដោយសារបញ្ហាអាកាសធាតុ ក្នុងឆ្នាំនេះ
16, Feb 2023 , 8:59 am        
រូបភាព
 រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យស្វាយចន្ទី បានព្យាករថា ក្នុងឆ្នាំ២០២៣នេះ ដំណាំស្វាយចន្ទី អាចនឹងបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការប្រែប្រួលអាកាសធាតុ ដូចទៅនឹងឆ្នាំ ២០២២ដែរ។

 
បើតាមការជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២២ខែធ្នូ នៅរដូវប្រាំង និងវស្សាឆ្នាំនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ជាអន្លើ។ ភ្លៀងច្រើននេះ ជាមូលហេតុមួយនាំឱ្យចន្ទីអត់ចេញក្ដឹប ឬខូចផ្កា ជាដើម។
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានសង្កេតឃើញថា ក្នុងឆ្នាំ ២០២៣នេះ អាកាសធាតុហាក់មិនអំណាយផល ដល់ដំណាំស្វាយចន្ទីនោះទេ។ ចន្ទី ជាដំណាំមួយប្រភេទ ត្រូវការភាពស្ងួត និងពន្លឺគ្រប់គ្រាន់។ ដូច្នេះ ប្រសិនបើ មានភ្លៀងធ្លាក់ញឹកញាប់ ហើយមេឃអួអាប់ នឹងធ្វើឱ្យចន្ទីចេញក្ដឹបមិនបានល្អ ឬខូចផ្កា ជាដើម។ 


 លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
 
លោក អួន ស៊ីឡុត បានព្យាករថា ទិន្នផលស្វាយចន្ទីឆ្នាំនេះ ទំនងមិនហុចផលល្អលើសពីឆ្នាំ ២០២២ប៉ុន្មានឡើយ ពោលគឺប្រហែល ៥០ទៅ ៧០ម៉ឺនតោន ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៦៦ម៉ឺនតោន។ លោក ស៊ីឡុត បន្ថែមដូច្នេះថា៖« អាកាសធាតុមិនអំណាយផលនោះទេ។ ទិន្នផលស្វាយចន្ទី មិនទំនងជាប្រសើរជាងឆ្នាំ ២០២២ ឡើយ។ មេឃមិនអំណោយផល ភ្លៀងធ្លាក់ដោយអន្លើ ធ្វើឱ្យចន្ទីគាំងក្ដឹប ខូចផ្កា»។ 
 
ការធ្លាក់ទិន្នផល នឹងបើកឱកាសឱ្យគ្រាប់ស្វាយចន្ទី បានតម្លៃខ្ពស់ ប៉ុន្តែលោក ស៊ីឡុត ព្រួយបារម្ភថា កសិករនឹងបន្តកាប់ដើមស្វាយចន្ទីចោលបន្ថែមទៀត ដោយសារការបញ្ហាអាកាសធាតុ។ 
 

រូបពី សមាគមស្វាយចន្ទីកម្ពុជា 
 
ទិន្ន័យថតដោយប្រព័ន្ធផ្កាយរណប បង្ហាញថា ផ្ទៃដីដាំដុះស្វាយចន្ទីកាន់តែរួមតូច។ ជាក់ស្ដែងនៅឆ្នាំ២០២១ សមាគមនស្វាយចន្ទីកម្ពុជា ប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន ៨០ម៉ឺនហិកតា តែមកដល់ពេលនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ។ 
 
គួរបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ដោយឡែកកម្ពុជា នាំចន្ទីទៅវៀតណាមចំនួន ៦៤ម៉ឺនតោន ដោយថយចុះ ៣៧ភាគរយ៕ 
 
 

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទី
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com