ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតីអាល្លឺម៉ង់ ឆ្លៀតជួបលោក កឹម សុខា
16, Feb 2023 , 10:29 am        
រូបភាព
រូបពីស្ថានទូតអាល្លឺម៉ង់
រូបពីស្ថានទូតអាល្លឺម៉ង់
ដោយ៖ ទេពញាណ 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយា បានឆ្លៀតជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក កឹម សុខា និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា សុទ្ធតែបង្ហោះព័ត៌មានអំពីជំនួបនេះ លើបណ្តាញសង្គម។ 
 
លោក កឹម សុខា សរសេរថា លោក «មានកិត្តិយស» ដែលបានជួបប្រធានាធិបតីអាល្លឺម៉ង់។ មេដឹកនាំប្រឆាំងនៅកម្ពុជា ដែលមិនទាន់អាចធ្វើនយោបាយរូបនេះ អះអាងដូច្នេះថា៖«ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា ឯកឧត្តមផ្ទាល់ រដ្ឋាភិបាល រដ្នសភា សហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ កំពុងតាមដានករណីសិទ្ធិសេរីភាពរបស់ខ្ញុំ ស្របពេលការបោះឆ្នោតជាតិនៅកម្ពុជាខិតជិតចូលមកដល់»។
 
ស្ថានទូតអាល្លឺម៉ង់ រំលេចសំណេរយ៉ាងខ្លីថា លោកប្រធានាធិបតី និងលោក កឹម សុខា បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងទូលំទូលាយលើស្ថានការណ៍នយោបាយនៅកម្ពុជា។  
 
ក្នុងជំនួបខាងលើ លោក កឹម សុខា បានអរគុណលោកប្រធានាធិបតី និងរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានផ្តល់តម្លៃដល់លោក ក្នុងការតស៊ូដោយអហិង្សា និងមានការអត់ធ្មត់ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក មើលឃើញថា អាល្លឺម៉ង់ គឺជាប្រទេសដ៏មានឥទ្ធិពលទាំងនយោបាយ និងសេដ្ឋកិច្ច ក្នុងសហភាពអឺរ៉ុប ក៏ដូចជាក្នុងពិភពលោក។ 
 
មុនជួបលោក កឹម សុខា លោកប្រធានាធិបតីអាល្លឺម៉ង់ បានជួបថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយមុនជួបថ្នាក់ដឹកនាំកម្ពុជា ប្រធានាធិបតីនៃប្រទេសជឿនលឿនមួយនេះ បាននាំភរិយា ដើរទស្សនាតាមប្រាសាទនានារបស់ខ្មែរ ដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ជាដើម។ គណៈប្រតិភូអាល្លឺម៉ង់ មានវត្តមាននៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ 
 
ក្នុងប្រវត្តិសាស្រ្ត មិនធ្លាប់មានប្រធានាធិបតីអាល្លឺម៉ង់ មកបំពេញទស្សនកិច្ចនៅកម្ពុជាឡើយ។ ស្ថានទូតអាល្លឺម៉ង់ អះអាងថា លោក ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ គឺជាប្រធានាធិបតីអាល្លឺម៉ង់ទី១ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា៕ 
 

Tag:
 កឹម សុខា
  Frank-Walter Steinmeier
© រក្សាសិទ្ធិដោយ thmeythmey.com