ជាតិ
អ្នករកស៊ីអាល្លឺម៉ង់ មើលឃើញថា នៅកម្ពុជា «ងាយស្រួលក្នុងការរកស៊ី»
16, Feb 2023 , 4:29 pm        
រូបភាព
លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ (សក់ស និងអង្គុយនៅមុខទង់ជាតិអាល្លឺម៉ង់) ដឹកនាំគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ (សក់ស និងអង្គុយនៅមុខទង់ជាតិអាល្លឺម៉ង់) ដឹកនាំគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ទទួលស្គាល់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម មានស្ថិរភាព និងបើកចំហ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជា។




ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ហ្វ្រង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងបានដឹកនាំគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលជួបសម្តេចផង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គណៈប្រតិធុរកិច្ចអាល្លឺម៉ង់ បានសរសើរកម្ពុជា ដែលមានការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ សេចក្តីប្រកាសព័ត៌មាន អះអាងថា ពួកគេ មានបំណងចង់បង្កើនវត្តមានរបស់ខ្លួននៅកម្ពុជា។ 
 
សេចក្តីប្រកាសព័ត៌មានដដែល បានរំលេចពីប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកសហភាពអឺរ៉ុប អាល្លឺម៉ង់ គឺជា «ដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា»។ បន្ថែមពីនេះ មេដឹកនាំកម្ពុជា បង្ហាញឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមវិនិយោគិនអាល្លឺម៉ង់ ហើយអញ្ជើញពួកគេ ឲ្យរើសយកកម្ពុជាជាប្រទេសគោលដៅក្នុងការវិនិយោគ។ 
 
លោក លោក ហ្វ្រង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ និងភរិយា ព្រមទាំងគណៈប្រតិភូអាល្លឺម៉ង់ បានមកដល់កម្ពុជា នៅថ្ងៃទី១៤ និងបានចាកចេញពីកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា លោក និងភរិយា ក៏បានដើរទស្សនាប្រាសាទបុរាណខ្មែរផងដែរ ដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ជាអាទិ៍។ 
 
គួរដឹងចំណុចសំខាន់១ថា កម្ពុជា ពុំធ្លាប់មានប្រធានាធិបតីអាល្លឺម៉ង់ មកបំពេញទស្សនកិច្ចឡើយ។ លោក ហ្វ្រង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ គឺជាប្រធានាធិបតីអាល្លឺម៉ង់ទី១ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា៕ 
 

Tag:
 កម្ពុជា-អាល្លឺម៉ង់
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com