ជាតិ
រដ្ឋមន្រ្តីសេដ្ឋកិច្ច ជំរុញឱ្យពន្លឿនការសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យចប់តាមផែនការ
16, Feb 2023 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបភាព៖ ក្រសួងសាធារណការ
លោក អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
លោក អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមហ៊ុនពាក់ព័ន្ធ ពន្លឿនការងារតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែក ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។



លោក អូន ព័ន្ធមុន្នីរត្ន បានថ្លែងថា ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ត្រូវ​បញ្ចប់ឱ្យបានទាន់ពេល ស្របតាមផែនការគ្រោងទុក។ ជាពិសេសជំរុញការសិក្សាគម្រោងសាងសង់ផ្លូវ​ល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ចជាតិយ៉ាងច្រើន។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
 
លោក អូន ព័ន្ធមុន្នីរត្ន បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ ដោយបានបញ្ជាក់ថា៖ «ខ្ញុំសូមជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យបានទាន់ពេល ដើម្បីរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ »។
 
លោក អូន ព័ន្ធមុន្នីរត្ន បានជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និង ការធ្វើ​អាជីវកម្ម​​កំពង់ផែឱ្យកាន់តែល្អប្រសើរ។ ជាពិសេស ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ 
 
ក្រៅពីនេះ កិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក, ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង​កំពង់ផែ, ច្បាប់ស្តីពីផ្លូវដែក, គោលនយោបាយ, យុទ្ធសាស្រ្ត​ និងលិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់ការអនុវត្តច្បាប់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ឱ្យ​បានកាន់តែគ្រប់ជ្រុងជ្រោយ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច ថ្លែងបែបនេះ។
 


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ក្រសួង នឹងបន្តអនុវត្តកម្មវិធីកែទម្រងរដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីធានាឱ្យការបំពញមុខងារមានប្រសិទ្ធភាព និងឱ្យពលរដ្ឋទទួលបានសេវាសាធារណល្អប្រសើរ។ ករសួង ក៏ជំរុញការអភិវឌ្ឍធនធានមនុស្ស និងអ្នកបន្តវេនប្រកបគុណភាព តាមរយៈការពង្រឹង និងពង្រីកសមត្ថភាពវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ 
 
លើសពីនេះ ក្រសួង ក៏បន្តទំនាក់ទំនងជាមួយស្ថាប័នអប់រំស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីចុះអនុស្សរណៈនៃការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិក-មន្រ្តីរាជការ និងអ្នកបច្ចេកទេសអនុវត្តគម្រោងសាងសង់ផងដែរ។
 
រដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះ បានលើកឡើងដូច្នេះ៖«ដើម្បីសម្រេចបានតាមគោដៅរបស់ក្រសួង ផ្ដោតលើគុណភាព និងការតភ្ជាប់ដឹកជញ្ចូនពហុមធ្យោបាយប្រកបដោយគុណភាព និងប្រសិទ្ធភាព យើងខ្ញុំនឹងខិតខំពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត»៕
 
 
 

Tag:
 ក្រសួងសេដ្ឋកិច្ច
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com