ជាតិ
USAID និងក្រុមហ៊ុនឯកជន បោះទុនជាង ៤លានដុល្លារ លើវិស័យកសិកម្មកម្ពុជា
16, Feb 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានសហការជាមួយក្រុមហ៊ុនឯកជនចំនួន៣ បោះទុនវិនិយោគវិស័យកសិកម្ម ក្នុងគោលបំណងបង្កើនចំណូលដល់កសិករ។ ភាពជាដៃគូនេះ មានរយៈពេល ២ឆ្នាំ ដែលតម្លៃ ៤,៤លានដុល្លារ ក្នុងនោះពាក់កណ្ដាលនៃទុនបានមកពីក្រុមហ៊ុនវិនិយោគផ្ទាល់។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនផ្នែកវិស័កសិកម្មកម្ពុជារួមមាន ប៊ីអអិម អាហ្គ្រោ ឯ.ក, សហករណ៍សរីរាង្គខ្មែរ និងសហគ្រាស លាង ឡេង ក្នុងការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងលទ្ធភាពអាចជ្រៀតចូលទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិដល់កសិករខ្នាតតូច។
  


អ្នកស្រី Hanh Nguyen នាយិកាស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ លើកឡើងថា កិច្ចសហការជាមួយក្រុមហ៊ុនថ្មីទាំងនេះ បានការគាំទ្រដោយផ្ទាល់លើ​គោលដៅរបស់ USAID ក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុក្រុមហ៊ុន ដែលហ៊ានសាកល្បង និងអនុវត្តដំណោះស្រាយប្រកបដោយនវានុវត្ត។ ពិសេស លើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ដើម្បីជួយបង្កើនចំណូលដល់កសិករ បង្កើនភាពអាចរកបាននូវផលិតផលកសិកម្មកម្ពុជាប្រកបដោយគុណភាព និងសុវត្ថិភាពនៅទូទាំងផ្សារក្នុងស្រុកនិងអន្តរជាតិ។
 
ក្រុមហ៊ុនប៊ីអអិម អាហ្គ្រោ ឯ.ក. (BRM Agro) វិនិយោគលើដំណាំស្រូវ និងម៉ាស៊ីនស្រូវមានទីតាំងនៅខេត្តកំពង់ធំ នឹងដំណើរការលើឡសម្ងួត ដែលអាចឲ្យក្រុមហ៊ុនមួយនេះ បង្កើនបរិមាណនាំចេញអង្ករក្រអូប ប្រកបដោយគុណភាពខ្ពស់។  ក្រុមហ៊ុននេះ បាន​បញ្ជាទិញស្រូវពីកសិករខ្នាតតូចៗ ដែលប្រភពច្បាស់លាស់ និងផ្ដល់​ទំនុកចិត្តដល់អ្នកប្រើប្រាស់ ។

រី​ឯ សហករណ៍សរីរាង្គខ្មែរ (KOC) គឺជាក្រុមហ៊ុនធុរកិច្ចកសិកម្មសង្គម(social agribusiness) ដែលផលិតនិងលក់ផលិតផលកសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មល្អ (GAP)។ សហករណ៍សរីរាង្គខ្មែរ នឹងពង្រីកកន្លែងទុកដាក់ត្រជាក់ និងវេចខ្ចប់ ដើម្បីបង្កើនសមត្ថភាពក្នុងការកែច្នៃ ទុកដាក់ និងដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកលើផលិតផលសរីរាង្គ។ ផលិតផលទាំងនេះ ត្រូវកុងត្រាទិញចេញពីកសិករខ្នាតតូចក្នុងស្រុក។
  
 
កិច្ចការនេះ នឹងជួយដល់កសិករកម្ពុជាជាច្រើនទៀតតាមរយៈការបណ្តុះបណ្តាល និងចុះកិច្ចសន្យាទិញពីពួកគាត់។ តាមរយៈមធ្យោបាយនេះ នឹងជួយបង្កើនចំណូលកសិករ និងអ្នកទិញអាចរកទិញបាននូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពហើយចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស។  
 
ចំណែក សហគ្រាស លាង ឡេង ជាសហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងប្រេងខ្យងសម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន ផ្សារទំនើប និងគ្រួសារ នឹងវិនិយោគលើប្រព័ន្ធផលិតកម្មទឹកម្ទេសដោយកុងត្រាទិញពីកសិករ ព្រមទាំងពង្រីកទីផ្សារទៅកាន់ខេត្តចំនួន​៥ ក្នុងប្រទេសកម្ពុជា។
 
គួរបញ្ជាក់ថា កម្មវិធី Feed the Future គឺជាផ្តួចផ្តើមជាសាកលរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងភាពអត់ឃ្លាន និងសន្តិសុខស្បៀង។ ពិសេស គាំទ្រយ៉ាងទូលំទូលាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិក្នុងប្រទេសកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈធ្វើការជាមួយវិស័យឯកជន៕
 

Tag:
 កសិកម្ម
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com