ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ សុំឲ្យតុលាការកំពូលពិចារណាឡើងវិញលើការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលឲ្យលោកចាញ់ក្តី
17, Feb 2023 , 3:01 pm        
រូបភាព
លោក សុន ឆ័យ ដើរចូលតុលាការកំពូល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
លោក សុន ឆ័យ ដើរចូលតុលាការកំពូល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចង់ឲ្យតុលាការកំពូល ពិចារណាឡើងវិញ លើសេចក្តីសម្រេចរបស់តុលាការភ្នំពេញ និងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលឲ្យលោកចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោក ថែមទាំងចង់ឲ្យដើមបណ្តឹងទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ពិចារណាឡើងវិញផងដែរ លើការដាក់បណ្តឹងប្តឹងលោក។ 


លោក សុន ឆ័យ បង្ហាញបំណងចង់បានខាងលើនេះ នៅមុខអ្នកកាសែត បន្ទាប់ពីលោក ចេញពីសវនាការតុលាការកំពូល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយបញ្ចប់សវនាការ តុលាការកំពូល សម្រេចថា សាលដីកា នឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ គ្មានចេតនាចោទប្រកាន់គណបក្សប្រជាជនទេ»។ 
 
លោក ត្រូវតុលាការភ្នំពេញ សម្រេចឲ្យបង់ប្រាក់ជាង៧,៣សែនដុល្លារ ទៅឲ្យគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់៩លានរៀល ទៅឲ្យគ.ជ.ប។ លោក បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ សម្រេចឲ្យលោក បង់ប្រាក់កាន់តែច្រើនជាងមុនទៅឲ្យគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។ 
 
សាលាឧទ្ធរណ៍ តម្រូវឲ្យលោក បង់ប្រាក់ជាង៩,៧សែនដុល្លារ ជូនទៅគណបក្សប្រជាជនកម្ពុជា (កើនជាង២,៤សែនដុល្លារ) និងបង់ប្រាក់១០លានរៀល ជូនទៅគ.ជ.ប (កើន១លានរៀល)។ ក្រោយចាញ់ក្តីនៅតុលាការទាំង២ថ្នាក់នេះ លោក ក៏សម្រេចដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ 
 
មូលហេតុ ដែលនាំឲ្យគណបក្សកាន់អំណាច និងគ.ជ.ប ប្តឹងលោក ដោយសារលោក ធ្វើអត្ថាធិប្បាយតាមសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ៕ 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com