អន្តរជាតិ
កូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីបជាថ្មី ចាប់តាំងពីចុងឆ្នាំ២០២២
19, Feb 2023 , 3:39 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េជើងនៅថ្ងៃទី១៩ ខែកុម្ភៈ បានអះអាងថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-15 នៅក្នុងថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីធានាពីកម្លាំងឆ្លើយតបនុយក្លេអ៊ែរចំពោះសត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។

 
ក្រោយកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង នៅក្នុងឆ្នាំ២០១៩ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក។ នៅថ្ងៃទី១៨ ខែកុម្ភៈ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-15 លើកដំបូង បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA មីស៊ីលនោះ ត្រូវបានបាញ់នៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងក្រុងព្យុងយ៉ាង។ មីស៊ីលអន្តរទ្វីបនោះ ហោះបាន៩៨៩គីឡូម៉ែត្រ ក្នុងរយៈពេល ៤០១៥វិនាទី ក្នុងកម្ពស់ ៥៧៦៨,៥គីឡូម៉ែត្រ។ 
 
ដោយមើលឃើញពីការគំរាមកំហែងពីសំណាក់អាម៉េរិក នីងកូរ៉េខាងត្បូង រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជាឱ្យកម្លាំងយោធាគ្រប់ផ្នែកទាំងអស់ទទួលបន្ទុកកិច្ចការមីស៊ីល ត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចនៅក្នុងការប្រយុទ្ធ។ 
 
សូមបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែកុម្ភៈ បានព្រមានថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ក៏បានចោទសមយុទ្ធនោះផងដែរថា ធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com