ជាតិ
វត្ថុបុរាណមុននិងសម័យអង្គរ ចំនួន៧៧គ្រឿង បានវិលត្រឡប់មកមាតុភូមិវិញ!
20, Feb 2023 , 7:59 pm        
រូបភាព
គ្រឿងអលង្ការមួយក្នុងចំណោម ៧៧គ្រឿង​ ដែលទទួលបានពីប្រទេសអង់គ្លេសមកវិញ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី។
គ្រឿងអលង្ការមួយក្នុងចំណោម ៧៧គ្រឿង​ ដែលទទួលបានពីប្រទេសអង់គ្លេសមកវិញ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី។
ភ្នំពេញ៖ វត្ថុបុរាណ ដែលជាគ្រឿងអលង្ការចំនួន៧៧គ្រឿង ត្រូវបានបញ្ជូនប្រឡប់មកកាន់កម្ពុជាវិញ ពីប្រទេសអង់គ្លេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមសេចក្ដីជូនដំណឹង ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ វត្ថុបុរាណទាំងនោះ ត្រូវបានកាន់កាប់ដោយគ្រួសារលោក ឌូគ្លាស ឡាតហ្វដ។



បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ គ្រឿងអលង្ការមាស និងលោហៈទាំងនោះរួមមាន ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង។ វត្ដុបុរាណទាំងនោះទៀតសោត ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ដែលសាធារណជនភាគច្រើនមិនធ្លាប់បានឃើញពីមុនមក។





វត្ថុបុរាណ ដែលប្រគលើមកកាន់កម្ពុជាវិញ។ រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំងនោះ ត្រូវបានបាត់ពីកម្ពុជាអស់ជាច្រើនឆ្នាំ និងបាត់ក្នុងអំឡុងសង្គ្រាមក្នុងប្រទេសជាច្រើនទស្សវត្សរ៍កន្លងមក។ ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ​ ត្រូវបានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ថា​​ ជាការបើកទំព័រថ្មី ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់ នៃបេតិកភណ្ឌទាំងនោះ សម្រាប់ពិភពលោក។ 
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ ស្ថាប័ននានាលើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាវត្ថុបុរាណរបស់កម្ពុជា សូមសហការជារដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ ស្ថានទូតកម្ពុជាប្រចាំតាមបណ្ដាប្រទេស ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញ។ ព្រមជាមួយគ្នានេះ ក្រសួងក៏នឹងបន្តធ្វើការស្រាវជ្រាវ និងនាំយកសម្បត្តិវប្បធម៌ជាតិ ដែលបានបាត់បង់ ត្រឡប់មកកម្ពុជាវិញផងដែរ។ 
 
គួរជម្រាបផងដែរថា ការប្រគល់រតនសម្បត្តិវប្បធម៌ទាំងនេះ គឺអនុលោមតាមកិច្ចព្រមព្រៀងកាលពីខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ។ កន្លងមកកម្ពុជា ក៏ធ្លាប់ទទួលបានវត្ថុបុរាណពីថ្ម និងសំរឹទ្ធមួយចំនួន ត្រឡប់មកវិញផងដែរ ពីប្រទេសអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២១៕


 វត្ថុបុរាណ ដែលប្រគលើមកកាន់កម្ពុជាវិញ។ រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

Tag:
 ThmeyThmey
  វត្ថុបុរាណ
  ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com