ជាតិ
សម្តេច ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់៖ កុំខ្មាសអៀន កុំខ្លាចអន់ ពេលសួរមន្ត្រីថ្នាក់ក្រោម
24, Feb 2023 , 9:52 am        
រូបភាព
ដោយ: រួបរួម
«សភាពការណ៍វិវត្តលឿនណាស់ ការនៅទ្រឹងណាមួយ វាស្មើនឹងមានចរិតថយក្រោយ»។ នេះជាការក្រើនរំលឹករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអភិបាលខេត្ត ឱ្យខិតខំរៀនសូត្របន្ថែម ដោយកាត់ចោលនូវភាពខ្មាសអៀន ក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា។

 
នាពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ជាង៧ពាន់នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការរៀនសូត្រគ្មានថ្ងៃបញ្ចប់នោះទេ ហើយក៏មិនតម្រូវតែលើកុមារ យុវជន និស្សិតនោះឡើយ តែរាប់បញ្ចូលទាំងមន្ត្រីជាន់ខ្ពស់ផងដែរ។
 
ប្រមុខរដ្ឋាភិបាល កត់សម្គាល់ថា ដោយសារតែការខ្មាសអៀននឹងមន្ត្រីថ្នាក់ក្រោម រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអភិបាលខេត្ត មិនហ៊ានសាកសួរនោះឡើយ។ «ចាប់ផ្តើមឡើងធ្វើរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត ឬអភិបាលរងខេត្តតែម្តង ប៉ុន្តែដោយសារខ្លាចខ្មាស់អៀន សួរគេទៅថា អន់ អ៊ីចឹងមនុស្សហ្នឹងនៅតែអត់ចេះរហូត ទោះឆ្លងកាត់ខ្លួនធ្វើរដ្ឋមន្ត្រីហើយក៏ដោយ បើអត់មានការចេះដឹងបន្ថែម ដោយសារតែខ្លួនខ្លាច ខ្មាសអៀនទៅនឹងការសួរមន្ត្រីថ្នាក់ក្រោម»។
 
«កុំខ្មាស កុំអៀន សួរគេទៅ បង្ហាញគេទៅ»។ សម្តេចបានបន្ថែមយ៉ាងដូច្នេះ ពីព្រោះសម្តេចក៏ត្រូវតែរៀនបន្ថែមផងដែរ ចាប់តាំងពីការនិយាយពីអក្ខរកម្មកុំព្យូទ័រ ទៅជាអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសចំណេះដឹងលើការប្រើប្រាស់ស្មាតហ្វូន និងប្រព័ន្ធណ្តាញសង្គមនានា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com