កីឡាអន្តរជាតិ
អន្តរជាតិ
ត្រឹមវ័យ ៣៦ឆ្នាំ Ramos ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអេស្ប៉ាញទាំងអាក់អន់ចិត្ត
24, Feb 2023 , 7:29 pm        
រូបភាព
Sergio Ramos ខ្សែការពារ និងជាកីឡាករតែម្នាក់ ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញច្រើនជាងគេ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ថ្ងៃទី២៣ ខែកុម្ភៈ។ ការប្រកាសទាំងអាក់អន់ចិត្តបែបនេះ បន្ទាប់ពីរូបគេទទួលបានដំណឹងពីគ្រូបង្វឹកថ្មីអេស្ប៉ាញលោក Luis de la Fuente ថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះ គ្មានក្នុងគម្រោងរបស់លោកនោះទេ។

ខ្សែការពារវ័យ ៣៦ឆ្នាំ ដែលកំពុងលេងឱ្យ ​Paris Saint Germain នឹងធ្លាប់ជាកីឡាករម្នាក់ ដែលជួយអេស្ប៉ាញឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០១០ និងពានរង្វាន់ UEFA EURO ឆ្នាំ ២០១២ មិនបានចូលរួមលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ 
  


ក្រោយពេលអេស្ប៉ាញបានធ្លាក់ចេញពីព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតា ពេលនោះ Ramos ដែលគ្មានឈ្មោះលេង ក៏ធ្លាប់បាននិយាយថា រូបគេគួរឱ្យទទួលបានឱកាសបង្ហាញសមត្ថភាព ដែលគេនៅមានសម្រាប់ជួយប្រទេសជាតិ។ 
 
«ពេលវេលាបានមកដល់ហើយ ជាពេលវេលាក្នុងការនិយាយថាលាហើយចំពោះក្រុមជម្រើសជាតិដែលខ្ញុំស្រលាញ់ និងពេញចិត្តលេងឱ្យបំផុត។ ព្រឹកនេះខ្ញុំទទួលបានការហៅទូរស័ព្ទពីសំណាក់គ្រូបង្វឹក គាត់បានប្រាប់ខ្ញុំថាគាត់មិនបានរាប់បញ្ចូលខ្ញុំនោះទេ ដោយមិនគិតអំពីកម្រិតដែលខ្ញុំកំពុងតែបង្ហាញ ឬរបៀបដែលខ្ញុំកំពុងបន្តអាជីពកីឡារបស់ខ្ញុំ។»។ Ramos ដែលធ្លាប់ក្លាយជាប្រធានក្រុមអេស្ប៉ាញ ៥២លើក បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
  


បើតាមការអះអាងពីសំណាក់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ការជជែករវាងគ្រូបង្វឹកលោក De la Fuente និង Ramos បានធ្វើឡើងនាថ្ងៃទី២៣ កុម្ភៈ យ៉ាងពិតប្រាកដ ចំពោះរឿងអនាគតជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។ 
 
ទោះជាយ៉ាងណាការប្រកាសចូលនិវត្តន៍ពីក្រុមអេស្ប៉ាញ Ramos បានបង្ហាញក្តីអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកថ្មីរបស់អេស្ប៉ាញ ខណៈខ្សែការពារវ័យ ៣៦ឆ្នាំ កំពុងតែព្យាយាមបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្រុម PSG។ លោក Fuente ធ្លាប់បាននិយាយថា នឹងកោះហៅ Ramos ចូលក្រុមជម្រើសជាតិវិញ ក្រោយត្រូវបានតែងតាំងបន្ទាប់ពីលោក Luis Enrique បានចុះចេញពីតំណែង។
 
Ramos បង្ហាញក្តីអាក់អន់ចិត្តរបស់គេដូច្នេះថា៖«និយាយឱ្យងាយ ខ្ញុំគិតថាដោយសារតែការសម្រេចិត្តផ្ទាល់របស់ខ្ញុំ ឬប្រសិនបើការលេងរបស់ខ្ញុំមិនដល់កម្រិតជម្រើសជាតិសមនឹងទទួលបាន ប៉ុន្តែមិនដោយសារតែអាយុ ឬហេតុផលអ្វីផ្សេងពីនេះទេ។ ទោះមានវ័យក្មេង ឬក្មេងជាងនេះ ក៏មិនមែនជាហេតុផលនៃការបរាជ័យនោះទេ វាមិនទាក់ទងនឹងសមត្ថភាពទេ ខ្ញុំពិតជាសរសើរពេលខ្ញុំមើលឃើញ Luka Modric និង Messi, Pepe ទទួលបានការផ្តល់តម្លៃ ខ្លឹមសារ នឹងជាវប្បធម៌ ហើយជាគុណធម៌ក្នុងបាល់ទាត់សម្រាប់រឿងនេះ។ ​ជាអកុសលដែលវាមិនកើតឡើងសម្រាប់ខ្ញុំ ពេលខ្លះបាល់ទាត់មិនចេះតែមានយុត្តិធម៍រហូតនោះទេ។»។
 
កាលពី ២ឆ្នាំមុន Ramos ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិលោក ​Luis Enrique ដកឈ្មោះចេញពីក្រុម ។ ចាប់តាំងពីការប្រកួតដែលអេស្ប៉ាញបានប្រកួតជម្រុះ World Cup ឈ្នះក្រុមកូសូវូ លទ្ធផល ៣-១ រូបគេក៏លែងមានវត្តមានជាមួយអេស្ប៉ាញបន្តទៀត៕
 

Tag:
 Sergio Ramos
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com