កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup ផ្តាច់ព្រ័ត្រ៖ Man Utd មានប្រៀបជាង Newcastle ដោយសារ EFL ប្តូរច្បាប់ថ្មី
26, Feb 2023 , 4:59 pm        
រូបភាព
Manchester United នឹង​ត្រូវ​ប៉ះ Newcastle ក្នុង​ការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ EFL Cup នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២៦ ខែកុម្ភៈ វេលាម៉ោង ១១:៣០នាទី [ម៉ោងនៅកម្ពុជា]។ បិសាចក្រហមត្រូវបានគេមើលឃើញថាជាក្រុមមានប្រៀបជាងសារិកាព្រៃ ដោយសារពានរង្វាន់នេះ ត្រូវបានប្តូរច្បាប់ថ្មីសម្រាប់ជំនួបផ្តាច់ព្រ័ត្រ។



Man Utd ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ League Cup បន្ទាប់ពីយកឈ្នះ Nottingham Forest ទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៥-០ ស្របពេល Newcastle បាន​ទម្លាក់ Southampton ដោយលទ្ធផលទាំងពីរជើង ៣-១។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup រដូវកាល២០២២-២៣ រវាង Man Utd និង Newcastle ត្រូវបានផ្លាស់ប្តូរច្បាប់ថ្មី ដោយបន្ថែមម៉ោងប្រកួត១៥នាទីពីរដង មុនឈានដល់វគ្គកាត់ក្តីប៉េណាល់ទី ប្រសិនលទ្ធផល៩០នាទីស្មើគ្នា។ កាលពីជំនួបផ្តាច់ព្រ័ត្ររដូវកាលមុនៗ គ្មានការបន្ថែមម៉ោង១៥នាទីពីដងឡើយ នៅពេលប្រកួត៩០នាទីស្មើគ្នា ពោលគឺឈានដល់ការទាត់ប៉េណាល់ទីតែម្តង។ 
 
ដោយសារច្បាប់ថ្មីត្រូវបន្ថែមរយៈពេលប្រកួតកន្លះម៉ោង ត្រូវបានគេមើលឃើញថាក្រុមលោក Erik ten Hag មានប្រៀបជាងក្រុមរបស់លោក Eddie Howe។ មានប្រៀបត្រង់ថា Man Utd មានសមាសភាពកីឡាករល្អៗច្រើនទាំងជម្រើសដំបូង និងបម្រុង ដែលអាចលេងក្នុងម៉ោងបន្ថែម ក្រោយប្រកួតស្មើនៅ៩០នាទី។
 
បិសាចក្រហមពេលនេះ មិនខ្វះកីឡាករមានគុណភាពនោះទេ ស្របពេលដែលកីឡាករមានបទពិសោធន៍ដូចជា Harry Maguire, Victor Lindelof និង Scott McTominay មិនស្ថិតក្នុងជម្រើសដំបូង។ Jadon Sancho, Raphael Varane និង Aaron Wan-Bissaka សុទ្ធតែបង្ហាញខ្លួនឡើងវិញ ហើយ Diogo Dalot និង Antony ក៏​ធូរស្រាល​​ពី​​របួសដែរ។
 
ដោយឡែក Newcastle បើទោះពួកគេបានបង្ហាញភាពខ្លាំងនៅរដូវកាលថ្មីនេះក៏ដោយ ប៉ុន្តែពួកគេមិនសម្បូរកីឡាករបម្រុងដែលមានគុណភាពដើម្បីលេងនៅម៉ោងបន្ថែម៣០នាទី ដូច Man Utd ឡើយ។
 
Newcastle United ត្រូវរង់ចាំ៤៧ឆ្នាំ ដើម្បីអាចបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ក្រោយក្រុមដែលមានម្ចាស់ថ្មីជាអ្នកមានទ្រព្យមួយនេះ បង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ១៩៧៦។ សម្រាប់ពាននេះ សារិការព្រៃបានត្រឹមរងជើងឯកមួយលើកប៉ុណ្ណោះ។
 
សម្រាប់ Man Utd ដែលជាម្ចាស់ជើងឯក EFL Cup ៥សម័យ ត្រូវការលើកពាននេះជាចាំបាច់ ដ្បិតពួកគេមិនស្គាល់ជាតិពានណាមួយទាល់តែសោះ គិតចាប់តាំងពីឆ្នាំ២០១៧មក៕
 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com