កីឡាអន្តរជាតិ
អន្តរជាតិ
​​​​Premier league ៖ ​Spurs បំបាក់ Chelsea ធ្វើឱ្យកៅអីតំណែងលោក Potter កាន់តែក្តៅ
27, Feb 2023 , 1:59 pm        
រូបភាព
Tottenham Hotspur បំបាក់ Chelsea លទ្ធផល ២-០ នៃជំនួបពានរង្វាន់ ​Premier league ថ្ងៃទី២៦ ខែកុម្ភៈ។​ កីឡាករ Oliver Skipp និង Harry Kane ស៊ុតម្នាក់មួយគ្រាប់សម្រាប់ Spurs ធ្វើឱ្យកៅអីគ្រូបង្វឹករបស់លោក Graham Potter រងសម្ពាធនិងកម្តៅកើនឡើង ខណៈដឹកនាំក្រុមតោខៀវមិនបានលទ្ធផលល្អ។



អំឡុងការប្រកួតក្នុងកីឡដ្ឋាន​ Tottenham Hotspur នៅក្នុងវគ្គទីមួយក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផល ០-០ ។ ប៉ុន្តែចាប់ផ្តើមវគ្គទីពីរមិនដល់ ១នាទីផងនោះកីឡាករ Oliver Skipp អាចស៊ុតបើកឆាកនាំមុខមុនត្រឹមនាទី៤៦ មុនពេលខ្សែប្រយុទ្ធ ​Harry Kane ស៊ុតបំប៉ោងសំណាញ់ទីបន្ថែមគ្រាប់ទី២ នៅនាទី៨២។ Spurs កំពុងតែបន្តតាមប្រម៉ាញ់យកចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ នៃ Premier league។
 
ឈ្នះ Chelsea បានជួយឱ្យ Spurs ក្រសោបបាន ៣ពិន្ទុបន្ថែមទៀត ហើយឡើងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ៤៥ពិន្ទុ ពីលើ Newcastle United ដែលធ្លាក់ទៅឈរលេខ ៥ មាន ៤១ពិន្ទុ។
 
បរាជ័យក្រោមថ្វីជើង Spurs ធ្វើឱ្យក្រុមតោខៀវបានរងបរាជ័យលើកទី៩ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ។ ឆ្លងកាត់ ១១ប្រកួតចុងក្រោយពួកគេរកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ និងស្មើ ៤ប្រកួត។ ទោះជាចាយប្រាក់ច្រើន ៣៥៨លានដុល្លារ នាំចូលកីឡាករថ្មីកាលពីខែមករារួចមក ប៉ុន្តែក្រុមម្ចាស់ ​Champions league ២សម័យនេះ នៅតែធ្វើមិនបានល្អក្រោមដឹកនាំរបស់លោក Potter។
 
Chelsea បន្តឈរនៅចំណាត់ថ្នាក់លេខ ១០​ មាន៣១ពិន្ទុក្នុងដៃ ដែលមានគម្លាតពិន្ទុពីក្រុម Spurs ឈរលេខ ៤ ចំនួន ១៤ពិន្ទុ។ ​Chelsea បច្ចុប្បន្នកំពុងតែបន្តប្រជែងក្នុងពានរង្វាន់ UEFA Champions league មួយទៀតតែប៉ុណ្ណោះដែលជាពានរង្វាន់មួយផ្សេងក្រៅពី Premier league។
 
សម្រាប់លោក ​Potter ចាប់តាំងពីផ្លាស់មកដឹកនាំ ​Chelsea លោកហាក់បីជាមិនទទួលបានលទ្ធផលល្អប៉ុន្មានឡើយ ស្របពេលទម្រង់លេងរបស់ក្រុមកីឡាករតោខៀវ មានភាពខុសប្លែកពីអ្វីដែលលោកបានដឹកនាំនៅក្រុម Brighton & Hove Albion។ កាលដឹកនាំនៅ ​Brighton លោក Potter បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់ទម្រង់លេងរបស់ Brighton នៅត្រឹម ១៤ប្រកួតដំបូងនៃ Premier league ហើយធ្វើឱ្យក្រុមមួយនេះ បានឈានជើងចូលឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ នៅដើមរដូវកាល។
 
យុទ្ធសាស្ត្រដឹកនាំនៅ Brighton ទទួលជោគជ័យ តែផ្លាស់មក Chelsea តំណែងលោក Potter កំពុងមានកម្តៅខ្លាំងឡើង​ ខណៈក្រុមធ្វើមិនបានល្អដូចកាលលោក Thomas Tuchel នៅដឹកនាំ។ 
 
កំណត់ត្រាអាក្រក់បំផុតនៅ Chelsea របស់លោក Potter ឆ្លងកាត់ ១៥ប្រកួត រកបានជ័យជម្នះបានតែ ១លើកប៉ុណ្ណោះ៕
 
 
 

Tag:
 Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com