ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន ស្រង់បទពិសោធន៍ល្អៗពីបុរីប៉េងហួតបឹងស្នោ 
×![]()
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងរាជធានីភ្នំពេញ ឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងគិតគូរឱ្យបានម៉ត់ចត់ពីប្រព័ន្ធអេកូឡូស៊ីទីក្រុង ធ្វើយ៉ាងណាកសាងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ លោក នួន ផារ័ត្ន បានជំរុញឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន ដកស្រង់បទពិសោធន៍ពី បុរីប៉េង ហួត បឹងស្នោ ដែលបានអនុវត្តយ៉ាងល្អប្រសើរលើចំណុចខាងលើ។
អភិបាលរងរាជធានីភ្នំពេញថ្លែងដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលា «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ដែលរៀបចំនៅព្រឹកថ្ងៃទី ២៧កុម្ភៈនេះ នៅសាលប្រជុំធំ នៃបុរីប៉េងហួត បឹងស្នោ។ សិក្ខាសាលានេះ មានការចូលរួមពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ស្ទេហ្វាន ម៉េសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោកស្រី Heike Bauer តំណាងក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់។

នៅក្នុងពិធីបើកសិក្ខាសាលានោះ លោក នួន ផារ័ត្ន បានលើកពីការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ទាំងលើវិស័យនគរូបនីយកម្ម និងកំណើនប្រជាសាស្ត្រ ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវលើកកម្ពស់ផែនការគ្រប់គ្រងរបស់ខ្លួន តាមរយៈការព្យាយាមស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងគិតគូរពីចក្ខុវិស័យវែងឆ្ងាយរបស់រាជធានី។ អភិបាលរងរាជធានីភ្នំពេញរូបនេះ បានបន្តថា គម្រោង Build4People ដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់ជាសេនាធិការនេះ ពិតជាបានចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាប្រឈម និងបានចូលរួមគូសវាសផែនការអនាគតរបស់រាជធានីភ្នំពេញ ជាពិសេសនៅតំបន់ច្បារអំពៅ ដែលជាតំបន់មួយមានកំណើនប្រជាជនកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ។
ជាលទ្ធផលនៃការអនុវត្តគម្រោងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក គម្រោងនេះបានឈានដល់ដំណាក់កាលទី២ និងសម្រេចបាននាពេលនេះ គឺការចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ រវាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងគម្រោង Build4People ដើម្បីសហការ និងគាំទ្រដល់ការអនុវត្តគម្រោង តាមរយៈការបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀត នៃរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រលើការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងបានលើកឡើងពីភាពរីកចម្រើននៃចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជា កាលពីពេលថ្មីៗនេះ៕






© រក្សាសិទ្ធិដោយ thmeythmey.com