ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មិនទទួលទទួលយកការសូមទោសពីលោក សុន ឆ័យ
28, Feb 2023 , 9:06 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឆាណែលតេឡេក្រាមរបស់ខ្លួន បានបដិសេធមិនទទួលយកការសូមទោសពីសំណាក់លោក សុន ឆ័យ នោះឡើយ។ សម្តេចបានបញ្ជាក់ថា ការបដិសេធនេះ គឺចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ ទាក់ទងនឹងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត។

 
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ពីការឆ្លើយឆ្លងសារគ្នារវាងសម្តេច កាលពីអំឡុងដំណើរទស្សនកិច្ចវៀងចន្ទនន៍ ប្រទេសឡាវ ជាមួយលោក សយ សុភាព អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប លើករណីលោក សុន ឆ័យ សូមទោស។
 
បន្ថែមពីលើការបង្ហោះរូបថតលោក សុន ឆ័យ និងលោក សយ សុភាព ជជែកគ្នានៅភោជនីយដ្ឋានមួយកន្លែង សម្តេច ហ៊ុន សែន បានភ្ជាប់នូវលិខិតដែលអនុប្រធានគណបក្សភ្លើងទៀន សរសេរសូមទោស ពាក់ព័ន្ធនឹងសំដីរបស់ខ្លួនក្នុងបទសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
 
ក្នុងលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ លោក សុន ឆ័យ បានបដិសេធថា លោកមិនបានចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោតនោះឡើយ។ «រូបខ្ញុំបាទ សុន ឆ័យ រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ»។ 
 
«បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។ លោកបន្ថែមយ៉ាងដូច្នេះ។
 
ក្នុងសំណេរលើតេឡេក្រាម ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា៖ «យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។ សម្តេចក៏បានលើកឡើងពី លោក សម រង្ស៊ី ដែលធ្លាប់សូមទោសសម្តេច ប៉ុន្តែករណីបែបនេះនៅតែបន្តកើតឡើង។
 
កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូល បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ លើសំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន «ទុកជាបានការ»។ តុលាការកំពូល នឹងទម្លាក់សំណុំរឿងនេះ ទៅឲ្យតុលាការភ្នំពេញវិញ ដើម្បីអនុវត្តតាមច្បាប់។ 
 
លោក សុន ឆ័យ បានប្តឹងជំទាស់ទៅតុលាការកំពូល បន្ទាប់ពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ហើយលោក ប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចាញ់ក្តីនៅតុលាការភ្នំពេញ។ លោក ត្រូវតុលាការភ្នំពេញ សម្រេចឲ្យបង់ប្រាក់ជាង៧,៣សែនដុល្លារ ទៅឲ្យគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់៩លានរៀល ទៅឲ្យគ.ជ.ប។ 
 
ពេលទៅដល់សាលាឧទ្ធរណ៍ លោក ក៏ត្រូវសាលាឧទ្ធរណ៍ សម្រេចឲ្យបង់ប្រាក់កាន់តែច្រើនជាងមុន។ សាលាឧទ្ធរណ៍ តម្រូវឲ្យលោក បង់ប្រាក់ជាង៩,៧សែនដុល្លារ ជូនទៅគណបក្សប្រជាជនកម្ពុជា (កើនជាង២,៤សែនដុល្លារ) និងបង់ប្រាក់១០លានរៀល ជូនទៅគ.ជ.ប (កើន១លានរៀល)។ ឯតុលាការកំពូល សម្រេចដូចសាលាឧទ្ធរណ៍ដដែល។ 
 



ដោយមើលឃើញថា លោក សុន ឆ័យ គ្មានឆន្ទៈក្នុងការបង់ប្រាក់ទៅឲ្យដើមបណ្តឹង តុលាការភ្នំពេញ បានរឹបអូសយកផ្ទះ២កន្លែងរបស់លោក គឺនៅភ្នំពេញ១កន្លែង និងនៅខេត្តសៀមរាប១កន្លែង។ 
 
មូលហេតុ ដែលនាំឲ្យដើមបណ្តឹងទាំង២ គឺគណបក្សកាន់អំណាច និងគ.ជ.ប ប្តឹងលោក ដោយសារលោក ធ្វើអត្ថាធិប្បាយតាមសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com