ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងសិក្សាលើការអភិវឌ្ឍផ្លូវល្បឿនលឿនទី៤ ពី ភ្នំពេញ-ប៉ោយប៉ែត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ផ្តល់ការសម្ភាសឱ្យអ្នកសារព័ត៌មាន។ រូបថត៖MPWT
× ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត ដែលជាប់ព្រំដែនប្រទេសថៃ។ ការអភិវឌ្ឍផ្លូវនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការតភ្ជាប់ពីប៉ូលសេដ្ឋកិច្ចមួយទៅប៉ូលសេដ្ឋកិច្ចមួយទៀត។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជាង២ពាន់លានដុល្លារអាម៉េរិក ដំណើរការបានជាង៤ខែហើយ ខណៈផ្លូវល្បឿនលឿនទី២ពីភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់នាពាក់កណ្តាលឆ្នាំ២០២៣។ ក្រៅពីផ្លូវល្បឿនលឿន២ខ្សែ កម្ពុជា ក៏កំពុងសិក្សាលើការអភិវឌ្ឍផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាប និងផ្លូវល្បឿនលឿនពី ភ្នំពេញ-ប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ចំពោះការសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នឹងត្រូវបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣។ «យើងសង្ឃឹមថាអាចបើកការចរចានៅឆ្នាំនេះ ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញ-សៀមរាប»។ រដ្ឋមន្ត្រីសាធារណការបានថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី ២៨កុម្ភៈ ដែលបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយទៀត សិក្សាលើការអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញ-ប៉ោយប៉ែត។
លោក ស៊ុន ចាន់ថុល បន្តនិយាយដូច្នេះ៖ «ទោះបីយើងធ្វើផ្លូវជាតិលេខ៥ ដែលពង្រីកពី ២ គន្លងទៅ ៤ គន្លង ក៏មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT ពីភ្នំពេញទៅបាត់ដំបង បន្តទៅប៉ោយប៉ែតដែរ។ ក្រុមហ៊ុនយល់ឃើញថា ផ្លូវជាតិលេខ ៥ មាន៤គន្លងមែន! ប៉ុន្តែមានសត្វឆ្លងកាត់ និងមានការយឺតយ៉ាវ ដូច្នេះក្រុមហ៊ុនបានស្នើសុំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ យើងបានអនុញ្ញាតហើយដោយក្រុមហ៊ុនមួយហ្នឹងកំពុងសិក្សា»។
ចំពោះការសិក្សានេះ គឺគម្រោងផ្លូវល្បឿនលឿនទីបួនរបស់កម្ពុជា ដែលអាចចំណែកយ៉ាងច្រើនក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចតាមរយៈការតភ្ជាប់ពីប៉ូលសេដ្ឋកិច្ច មួយទៅប៉ូលសេដ្ឋកិច្ចមួយ។៕
Tag:
ផ្លូវល្បឿនលឿន
លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com