ជាតិ
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៧លានដុល្លារ នាដើមឆ្នាំ២០២៣
03, Mar 2023 , 6:59 pm        
រូបភាព
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត។
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត។
ភ្នំពេញ៖ រយៈពេល២ខែឆ្នាំ២០២៣ មានទេសចរអន្តរជាតិប្រមាណ ១៥ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំនួនទេសចរអន្តរជាតិទាំងនេះ បានផ្ដល់ជាង ៧លានដុល្លារដល់គ្រឹះស្ថានអង្គរ។ ចំនួននេះ កើនឡើងជាង ១០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។



គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល២ខែនៃឆ្នាំ២០២៣នេះ មានទេសចរសរុប ១៥៦ ៩៥១នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើន ១៤៤៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណូលជាង ៧លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបាន ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៣១៣ ៩០២ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ 
 
ដោយឡែក ក្នុងខែកុម្ភៈ  មានទេសចរ ៧៩ ៥១៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ៣ ៧៤៣ ២៩៤ដុល្លារ។ 
ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ២១ ៥១០ដុល្លារដែរ ដល់ទេសចរអន្តរជាតិចំនួន ១ ៤៣៤នាក់ ក្នុងខែកុម្ភៈ។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែកុម្ភៈ មានចំនួន ១១៩ ០៦២ដុល្លារផងដែរ៕
 
 
 

Tag:
 ThmeyThmey25
  គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com