អន្តរជាតិ
សភាចិន បើកកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋ
05, Mar 2023 , 11:20 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ជជែកជាមួយនាយករដ្ឋមន្រ្តី លី ខឹឈាំង។ រូបថត AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង ជជែកជាមួយនាយករដ្ឋមន្រ្តី លី ខឹឈាំង។ រូបថត AFP
សភាប្រជាជនចិន បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា ជាមួយនឹងការកំណត់កំណើនសេដ្ឋកិច្ចត្រឹម៥ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៣ ដែលជាអត្រាទាបបំផុតក្នុងប៉ុន្មានឆ្នាំមកនេះ។ អំឡុងកិច្ចប្រមាណ១សប្ដាហ៍ សមាជិកសភាចិន ក៏នឹងបោះឆ្នោតលើសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋថ្មីផងដែរ។

 
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង បានអានរបាយការណ៍សមិទ្ធផលរបស់រដ្ឋាភិបាលជាលើកចុងក្រោយនាកិច្ចប្រជុំសភាប្រជាជនចិនដែលបើកនៅថ្ងៃទី៥ ខែមីនា។ លោក លី ដែលធ្វើជានាយករដ្ឋមន្រ្តី២អាណត្តិមកហើយ នឹងត្រូវចាកចេញពីតំណែងនេះ ហើយចូលនិវត្តន៍តែម្ដង ដោយសារលោកគ្មានឈ្មោះក្នុងបញ្ជីក្បាលម៉ាស៊ីនដឹកនាំបក្សដែរ។
 
របាយការណ៍ដែលអានដោយលោក លី បញ្ជាក់ថា ចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅជុំវិញ៥ភាគរយសម្រាប់ឆ្នាំខាងមុខ ដែលជាតួលេខទាបបំផុតមួយ។ កាលពីឆ្នាំ២០២២ ចិនមានកំណើសេដ្ឋកិច្ចត្រឹម៣,៣ភាគរយប៉ុណ្ណោះ ដែលទាបជាងគោលដៅ៥,៥ភាគរយ ព្រោះតែផលប៉ះពាល់បង្កដោយជំងឺកូវីដ-១៩ និងវិបត្តិអចលនទ្រព្យ។ ប៉ុន្តែលោក លី នៅតែអះអាងថា ស្ថានភាពជាទូទៅមានភាពល្អប្រសើរដដែល។
 
«ជាមួយការជម្នះការលំបាក និងការប្រឈមដ៏អស្ចារ្យ យើងជោគជ័យក្នុងការធានាគុណផលស្ថិរភាពសេដ្ឋកិច្ចជាទូទៅ។» លោក លី បញ្ជាក់បែបនេះ។ ប្រមុខរដ្ឋាភិបាលចិន ក៏កំណត់ឱនភាពថវិកាជាតិក្នុងអត្រា៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយជំរុញស្ថិរភាពសេដ្ឋកិច្ចបន្ថែមទៀត ដោយបង្កើតការងារនៅទីក្រុងចំនួន១២លានបន្ថែមទៀត។
 
អ្វីដែលគេរង់ចាំមើលនាកិច្ចប្រជុំនេះ គឺសមាសភាពដឹកនាំរដ្ឋថ្មី។ លោក ស៊ី ជិនភីង រំពឹងបន្តកាន់តំណែងប្រធានាធិបតីអាណត្តិទី៣ ហើយលោក លី ឈាំង នឹងកាន់តំណែងនាយករដ្ឋមន្រ្តីបន្តពីលោក លី ខឹឈាំង។ តំណែងប្រធានសភាប្រជាជន នឹងធ្លាក់ក្នុងដៃលោក ចាវ ឡឹជី មនុស្សលំដាប់ទី៣ ដែលជាអតីតប្រធានគណៈកម្មការត្រួតពិនិត្យវិន័យបក្សកុម្មុយនីស្តចិន ស្របពេលលោក វ៉ាង ហ៊ូនីង ឥស្សរជនលំដាប់ទី៤ កាន់តំណែងប្រធានសភាពិគ្រោះយោបល់ដែលទើបបើកកិច្ចប្រជុំនៅថ្ងៃទី៤ ខែមីនា។
 
សមាសភាពគណៈរដ្ឋមន្រ្តីក៏មានការប្រែប្រួលដែរក្នុងការផ្លាស់ប្ដូររៀងរាល់៥ឆ្នាំម្ដង។ ជាមួយគ្នានោះ សភាចិនក៏នឹងពិភាក្សាកំណែទម្រង់ស្ថាប័នរដ្ឋ ដែលគេរំពឹងថា នឹងផ្ដល់អំណាចកាន់តែច្រើនដល់បក្សកុម្មុយនីស្តចិនក្នុងការចាត់ចែងការងាររដ្ឋលើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសន្តិសុខ៕
 
 
 

Tag:
 (ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com