ជាតិ
សិទ្ធិនារី៖ សង្គមស៊ីវិល ស្នើឱ្យមានការគាំពារដល់ស្ត្រី ខណៈក្រសួងអំពាវនាវឱ្យស្ត្រីរួមគ្នា រក្សាសន្តិភាព
06, Mar 2023 , 9:59 pm        
រូបភាព
កម្មករកាត់ដេរ។ រូបពី វីដេអូដែលសង្គមស៊ីវិលផលិតនិងស្នើរដ្ឋគាំពារដល់ស្ត្រី
កម្មករកាត់ដេរ។ រូបពី វីដេអូដែលសង្គមស៊ីវិលផលិតនិងស្នើរដ្ឋគាំពារដល់ស្ត្រី
ភ្នំពេញ៖ សង្គមស៊ីវិល រួមគ្នាលើកពីបញ្ហាប្រឈមរបស់ស្ត្រីនិងក្មេងស្រី ដើម្បីឲ្យរដ្ឋាភិបាលជួយគាំពារ និងផ្ដល់ភាពយុត្តិធម៌ដល់ពួកគេ។ ចំណែកភាគីក្រសួងកិច្ចការនារីវិញ បានអំពាវនាវឱ្យស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ហើយចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច។

 
ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំនេះ ក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាល រៀបចំឡើងក្រោមប្រធានបទផ្សេងទៀត។ ក្រុមសង្គមស៊ីវិល ប្រារព្ធឡើងក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។ ចំណែក ក្រសួងកិច្ចការនារី រៀបចំឡើងក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ 
 
ក្រុមសង្គមស៊ីវិល សហជីព សមាគម និងបណ្ដាញយុវជន ដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្ស កម្មករ និងការតស៊ូមតិ បញ្ជាក់ពីគោលបំណងនៃប្រធាននេះ គឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខំប្រឹងប្រែងរបស់ស្ត្រី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅគ្រប់វិស័យ។  ជាពិសេសចង់បង្ហាញដល់សាធារណជន ឱ្យដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមសង្គមស៊ីវិល ។
 
ពួកគេទាំងនោះ​ បានបញ្ជាក់បែបនេះ៖ «ស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះ»។ 
 
ជុំវិញ យុទ្ធនាការនៃទិវាអន្តរជាតិនារី ៨មីនា របស់ក្រុមសង្គមស៊ីវិលខាងលើ លោកស្រី មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ដ្រី និង​កុមារ​នៃ​សមាគម​អាដហុក បានឱ្យដឹងទៀតថា ពួកគេបានផលិតវីដេអូចំនួន៧ ដែលបានផ្សាយជាបន្ត ចាប់ពីតាំងពីថ្ងៃទី១មីនាមក។ ក្នុងវីដេអូ គឺលើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តី រួមជាមួយសំណើឲ្យមានការដោះស្រាយបញ្ហាចំនួន១៧ចំណុច។ ក្នុងនោះ រួមមាន ជម្រកសុវត្ថិភាពសម្រាប់ស្ត្រី ដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្រ្តីដែលធ្វើការតាមផ្ទះ និងកម្មករចំណាកស្រុក។ 
 
ការចាត់វិធានការឱ្យមានប្រសិទ្ធភាពចំពោះ អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រីដោយ គ្មានការលើកលែង។ លើសពីនេះ ការពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជម្រុញឱ្យមានការចុះបញ្ជី និងបង់វិភាគទាន ប.ស.ស ជាដើម។ នេះបើតាមសំណើរបស់សង្គមស៊ីវិល សហជីព និងសមាគមទាំងនោះ។ 
 
«ដោយសារស្ត្រីមានច្រើន ប៉ុន្តែតម្រូវការជាក់លាក់របស់ពួកគេមិនទាន់ពេញលេញ ទើបយើងលើកចំណុចអស់នេះ ទៅកាន់រដ្ឋាភិបាល ដើម្បីផ្ដល់យុត្តិធម៌ គាំពារទាំងផ្នែកច្បាប់និងសង្គមដល់ពួកគេ ពិសេសស្ត្រី ដែលរងហិង្សា មិនទាន់ទទួលបានយុត្តិធម៌ពេញលេញឡើយ លើផ្នែកសុខភាពផ្លូវការ ផ្លូវចិត្ត ការស៊ើបអង្កេត ការអនុវត្តច្បាប់ រួមទាំងមាននិទណ្ឌភាពថែមទៀត»។ លោកស្រី សាអ៊ីម ប្រាប់សារព័ត៌មានថ្មីៗបែបនេះ តាមប្រព័ន្ធទូរស័ព្ទ ដោយសង្ឈឹមថា រដ្ឋាភិបាលនឹងពិចារណាដោះស្រាយលើបញ្ហាទាំងនេះ។ 
 
ទន្ទឹមនេះ ពួកគេក៏បានអញ្ជើញភាគីរដ្ឋាភិបាល ដូចជាក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និងក្រសួងការងារជាដើម ទៅចូលរួមប្រារព្ធទិវាសិទ្ធិនារី ៨មីនា នៅទីលានប្រជាធិបតេយ្យផងដែរ ។ 
 
ទាក់ទងនឹងការរៀបចំពិធី និងសំណើរបស់សង្គមស៊ីវិលនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយ តបពីលោកស្រី ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារីបានទេ ។ លោកស្រី បានត្រឹមប្រាប់ឱ្យស្រង់ព័ត៌មានពាក់ព័ន្ធពីឯកសារទស្សនទានរបស់ក្រសួង ដែលបង្ហាញលម្អិតពីយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា។ 
 
ក្នុងឯកសារទស្សនទាន បានបញ្ជាក់ថា ការជ្រើសរើសមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅឆ្នាំនេះ ដើម្បីរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។ គោលបំណងសំខាន់ គឺបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងភាពជាដៃគូវិញ ប្រជាពលរដ្ឋកម្ពុជា ទាំងស្រ្តីនិងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក។ ជាពិសេសនៅក្នុងយុគសម័យឌីជីថល។ 
 
«ឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា   ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០»។ នេះជាអ្វីដែលក្រសួងកិច្ចនារី ចាត់ទុកជាគោលដៅ ។
 
ក្រសួង បានបន្ថែមថា ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោ​បាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធិ​ចូលរួមដោយស្មើភាព ក្នុងការ​អភិវឌ្ឍប្រទេសជាតិ៕ 
 

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com