អន្តរជាតិ
ប្រមុខការទូតចិន ជំរុញឱ្យអាស៊ាននៅឱ្យឆ្ងាយពីការប្រកួតប្រជែងរបស់មហាអំណាច
07, Mar 2023 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព Xinhua
ប្រមុខការទូតចិ​ន លោក ឈីន កាង  បានជំរុញឱ្យអាស៊ានគួរនៅឱ្យឆ្ងាយពីការប្រកួតប្រជែងអំណាចរបស់ប្រទេសធំៗ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យបោះបង់គំនិតបែបសង្រ្គាម និងមិនគួរឱ្យមានសង្រ្គាមដូចនៅអ៊ុយក្រែនកើតឡើងនៅអាស៊ីឡើយ។

 
ប៉ុន្មានឆ្នាំចុងក្រោយ ប្រធានបទការជ្រើសយកភាគីមហាអំណាចតែម្ខាង បានកើតឡើងជាថ្មីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនឡើងឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ អាម៉េរិក ដែលជាមហាអំណាចផុតលេខក្រោយសង្រ្គាមត្រជាក់ បានចាប់ផ្តើមផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថែមទាំងប្រកាសឈរនៅខាងរដ្ឋមួយចំនួន ដែលមានជម្លោះជាមួយក្នុងចិនក្នុងសមុទ្រចិនខាងត្បូងថែមទៀត។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា លោកឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យអាស៊ានចៀសវាងពីការប្រកួតប្រជែងរបស់មហាអំណាច។ ជាចម្លើយទៅកាន់អ្នកសារព័ត៌មានដែលបានសួរជុំវិញសន្តិសុខក្នុងតំបន់ លោកឈីន បានអះអាងថា អាម៉េរិក បានព្យាយាមបង្កើតក្រុមប្រទេសមួយក្តាប់តូច ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រទេសក្នុតំបន់។ 
 
ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានព្រមានយ៉ាងច្បាស់ៗថា ការប៉ុនប៉ងរុំព័ទ្ធចិន នឹងទទួលបរាជ័យ។ លោកឈីន បានអះអាងថា ក្នុងនាមជាប្រទេសបង្កើតសន្តិភាពសម្រាប់ការអភិវឌ្ឍសកល អាម៉េរិកគួរតែប្រកាន់យកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាជាងប្រកួតប្រជែងភូមិសាស្រ្តនយោបាយក្នុងតំបន់។ 
 
បើតាមរដ្ឋមន្រ្តីការបរទេសចិនរូបនេះ រដ្ឋទាំងអស់ មិនគួរបង្កាត់ឱ្យមានសង្រ្គាមត្រជាក់ជាថ្មីឡើយ ហើយសង្រ្គាមដូចនៅអ៊ុយក្រែន ក៏មិនគួរកើតមាននៅតំបន់អាស៊ីដែរ។ 
 
កន្លងមក  សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានតៃវ៉ាន់យកជាឧទាហរណ៍ និងព្រមានថា ចិនអាចវាយប្រហារខ្លួន ដូចរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ យ៉ាងណាមិញ បញ្ហានេះ ត្រូវបានចិនបដិសេធ និងឈប់ឱ្យប្រើប្រាស់ពាក្យ «ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកតៃវ៉ាន់» ថែមទៀត។
 
ក្នុងសន្និសីទដដែលនោះ លោកឈីន បានប្រកាសពីការបង្រួបបង្រួមតៃវ៉ាន់ប្រកបដោយសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន ប៉ុន្តែលោកមិនបានច្រានចោលពីការចាត់វិធានការចាំបាច់ ក្នុងករណីមានការបំពានច្បាប់ប្រឆាំងអបគមន៍ និងរដ្ឋធម្មនុញ្ញចិនឡើយ៕ 
 

Tag:
 ចិន
  អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com