អន្តរជាតិ
លោកកៅ គឹមហួន៖ អាស៊ាន-អង់គ្លេស គួរដំឡើងទំនាក់ទំនងបន្តទៀត ដើម្បីវិបុលភាព និងជឿនលឿន
09, Mar 2023 , 9:29 am        
រូបភាព
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថ្លែងតាមប្រព័ន្ធវីដេអូ នៅក្នុងវេទិកាធុរកិច្ចអាស៊ាន-អង់គ្លេស នៅថ្ងៃទី៨ ខែមីនា។ រូបភាព UK-ASEAN Business Council
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថ្លែងតាមប្រព័ន្ធវីដេអូ នៅក្នុងវេទិកាធុរកិច្ចអាស៊ាន-អង់គ្លេស នៅថ្ងៃទី៨ ខែមីនា។ រូបភាព UK-ASEAN Business Council
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃទី៨ ខែមីនា បានជំរុញឱ្យអង់គ្លេស់ និងអាស៊ាន ដំឡើងកម្រិតទំនាក់ទំនងទៅមុខបន្តទៀត ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ដែលអាចធ្វើឱ្យលេចចេញជារូបរាងនូវចក្ខុវិស័យរួមលើភាពជឿនលឿន និងវិបុលភាព។

 
អាស៊ាន បានផ្តល់ឋានៈភាពជាដៃគូពិភាក្សាដល់អង់គ្លេស នៅក្នុងឆ្នាំ២០២១ ស្របពេលទំនាក់ទំនង និងពាណិជ្ជកម្មប្រទេសទាំងពីរ មានការអភិវឌ្ឍយ៉ាងខ្លាំង។ ដោយទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរបែបនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជំរុញឱ្យមានការអភិវឌ្ឍទៅមុខបន្ថែមទៀត។ 
 
«យើងគួរតែដំឡើងការអភិវឌ្ឍមួយនេះ ដើម្បីពង្រីក និងធ្វើឱ្យស៊ីជម្រៅនៅក្នុងទំនាក់ទំនងជាមួយអង់គ្លេស និងដើម្បីធ្វើឱ្យលេចជារូបរាងនូវចក្ខុវិស័យរួមសម្រាប់ភាពជឿនលឿន និងវិបុលភាព»។ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកាធុរកិច្ចអាស៊ាន-អង់គ្លេសឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែមីនា។ 
 
ទន្ទឹមនេះ ប្រមុខអង្គការតំបន់ បានជំរុញឱ្យមានការរៀបចំច្រវាក់ផលិតកម្មសម្រាប់ការរក្សាទំនាក់ទំនង និងសកម្មភាពសម្របសម្រួលដ៏ល្អមួយ ដើម្បីដោះស្រាយបញ្ហាច្រវាក់ផលិតកម្ម ដែលកើតចេញពីភាពតានតឹងភូមិសាស្រ្តនយោបាយ ជម្លោះពាណិជ្ជកម្ម ក៏ដូចជាជំងឺឆ្លងសកល។ 
 
បន្ថែមពីនេះ លោកកៅ គឹមហួន ក៏បានលើកទឹកចិត្តឱ្យធុរកិច្ចអង់គ្លេសមានចក្ខុវិស័យរយៈពេលវែង សម្រាប់ការការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់មួយនេះ។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការអាស៊ាន បានចាត់ទុកអង់គ្លេស ជាដៃគូយុទ្ធសាស្រ្តមួយ ក្នុងការជួយគាំទ្រអាស៊ាន និងធុរកិច្ចក្នុងតំបន់ តាមរយៈគំនិតបង្កើតថ្មី និងប្រព័ន្ធឌីជីថល។ 
 
ក្នុងវេទិកាដដែលនេះ លោក Nigel Huddleston សមាជិកសភាអង់គ្លេស ក៏បានអះអាងផងដែរថា​ កិច្ចការអាស៊ាន និងអង់គ្លេសក្នុងពេលនេះ គឺសំខាន់ជាងពេលណាទាំងអស់ ដោយសារពិភពលោកកំពុងប្រឈមបញ្ហាជាច្រើនដូចជា អតិផរណា, ពាណិជ្ជកម្មសេរីស្ថិតនៅក្រោមការគំរាមកំហែង និងច្រវាក់ផលិតកម្មភាពភាពយឺតយ៉ាវ។ មន្រ្តីអង់គ្លេសរូបនេះ ក៏បានរិះគន់សង្រ្គាមនៅអ៊ុយក្រែន ដែលបង្កដោយរុស្ស៊ីផងដែរ។ 
 
ចំណែករដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក Zulkifli Hasan បានយល់ថា អាស៊ាន បានដើរតួនាទីដ៏សំខាន់ និងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនទាំងក្នុងតំបន់ និងក្រៅតំបន់។ 
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអង់គ្លេស នៅក្នុងឆ្នាំ២០២១ មានទំហំប្រមាណ ៤៥ពាន់លានដុល្លារ ដោយកើនឡើង៣,៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំប្រមាណ ៤៣,៣ពាន់លានដុល្លារ៕ 
 

Tag:
 អាស៊ាន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com