អន្តរជាតិ
ប្រមុខUN អំពាវនាវឱ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
09, Mar 2023 , 11:49 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (ខាងឆ្វេង) ជាមួយលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (ខាងឆ្វេង) ជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៨ ខែមីនា បានជំរុញឱ្យកិច្ចព្រមព្រៀងបន្តលើសពីថ្ងៃទី១៨ ខែមីនា។ បើតាមប្រមុខអង្គការ UN គ្រាប់ធញ្ញជាតិប្រមាណ ២៣លានតោន ត្រូវបាននាំចេញ ក្រោមកិច្ចព្រមព្រៀងមួយនេះ។

 
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលត្រូវបានសម្រួបសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ នៅក្នុងខែកក្កដាកន្លងទៅ នឹងអាចបន្តជាថ្មីនៅថ្ងៃទី១៨ ខែមីនា ប្រសិនបើភាគីអ៊ុយក្រែន និងរុស្ស៊ី មិនបានជំទាស់។ ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យបន្តជាថ្មី។ 
 
«ខ្ញុំចង់បញ្ជាក់ពីភាពចាំបាច់នៃការបន្តគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នៅថ្ងៃទី១៨ ខែមីនា»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រុងកៀវ ក្នុងថ្ងៃទី១៨ ខែមីនា ដោយបន្តពីសារៈសំខាន់នៃការធ្វើការជាមួយគ្នាក្រោមលក្ខខណ្ឌដ៏សំខាន់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនាំចេញ តាមរយៈសមុទ្រខ្មៅ ដោយផ្អែកលើគំនិតផ្តួចផ្តើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
ទន្ទឹមនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ផងដែរថា គ្រាប់ធញ្ញជាតិប្រមាណ ២៣លានតោន ត្រូវបាននាំចេញពីកំពង់ផែអ៊ុយក្រែន ដោយផ្អែកលើកិច្ចព្រមព្រៀង។ ត្រង់ចំណុចនេះ លោកហ្គូតេរ៉េស ទំនងចង់មានន័យថា ការនាំចេញនេះ អាចជួយដល់ពិភពលោក ដែលកំពុងរងនឹងវិបត្តិខ្វះស្បៀងអាហារ ដោយសារតែសង្រ្គាម និងជំងឺឆ្លងសកលនៅពេលកន្លងមក។ 
 
បន្ថែមពីនេះ ប្រមុខអង្គការសហប្រជាជាតិ បានជំរុញ​ឱ្យមានការនាំចេញអាហារពីអ៊ុយក្រែន និងរុស្ស៊ីបន្ថែម ដើម្បីធានាពីសន្តិសុខស្បៀងសកល និងតម្លៃអាហារ។ 
 
សូមបញ្ជាក់ថា ការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចុងក្រោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ កាលនោះ រុស្ស៊ីបានព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើ រហូតទាល់តែមានការលើកចោលទណ្ឌកម្ម។ យ៉ាងណាមិញ រុស្ស៊ីនៅតែបន្តកិច្ចព្រមព្រៀងដដែល៕ 
 

Tag:
 UN
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com