អន្តរជាតិ
អង្គការសហប្រជាជាតិ ព្រមានកាត់បន្ថយជំនួយទៅអាហ្វហ្កានីស្ថាន ជុំវិញការបំពានសិទ្ធិស្រ្តី
09, Mar 2023 , 4:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រេសិតអង្គការសហប្រជាជាតិ (UN) នៅអាហ្វហ្កានីស្ថាន នៅថ្ងៃទី៨ ខែមីនា បានព្រមានថា ការបង្រ្កាបលើសិទ្ធិស្រ្តីទំនងនាំឱ្យមានការថយចុះលើការផ្តល់ជំនួយសម្រាប់ប្រទេសអាស៊ីមួយនេះ។ ការព្រមានរបស់ប្រេសិត UN ធ្វើឡើងស្របពេលរដ្ឋបាលអាហ្វហ្កានីស្ថានរបស់ក្រុមតាលីបង់ បន្តហាមឃាត់ស្ត្រីចូលសិក្សាក្នុងវិទ្យាល័យ, សកលវិទ្យាល័យ, ទៅសួនកម្សាន្ត និងធ្វើការឱ្យក្រុមអ្នកផ្តល់ជំនួយជាដើម។

 
ក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ស្រ្តីនៅអាហ្វហ្កានីស្ថាន មិនទទួលបានសិទ្ធិពេញលេញដូចជាបុរស សម្រាប់កិច្ចការនៅក្នុងសង្គម និងទទួលបានការសិក្សានៅថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យឡើយ។ ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិបានថ្កោលទោស ចំពោះការបំពានសិទ្ធិស្រ្តី និងការកាត់បន្ថយជំនួយ។ 
 
«ជំនួយសម្រាប់អាហ្វហ្កានីស្ថាន ទំនងជាធ្លាក់ចុះ ប្រសិនបើស្រ្តីនៅតែមិនត្រូវបានអនុញ្ញាតឱ្យទៅធ្វើការ»។ លោកស្រី Roza Otunbayeva តំណាងពិសេសអង្គការសហប្រជាជាតិ និងជាប្រធានបេសកកម្មផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិទៅអាហ្វហ្កានីស្ថាន បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែមីនា ដោយបន្តថា​ អាហ្វហ្កានីស្ថាន ដែលស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ជាប្រទេសដែលមានការបង្រ្កាបខ្លាំងបំផុតលើសិទ្ធិស្រ្តី។ 
 
បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានអះអាងថា អង្គការសហប្រជាជាតិ បានស្វះស្វែងរកជំនួយច្រើនជាងគេសម្រាប់អាហ្វហ្កានីស្ថាន ក្នុងទំហំ ៤,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ បើតាមលោកស្រី Roza ប្រជាជនអាហ្វហ្កានីស្ថាន ២ភាគ៣ នៃប្រជាជនសរុប២៨លាននាក់ ត្រូវការជំនួយ ដើម្បីរស់រាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីUNរូបនេះ បានបន្ថែមថា ប្រសិនបើបរិមាណជំនួយ ត្រូវបានកាត់បន្ថយ នៅពេលបន្ទាប់ការដឹកជញ្ជូនលុយដុល្លារសម្រាប់ការគាំទ្រជំនួយនៅអាហ្វហ្កានីស្ថាន ក៏ត្រូវធ្លាក់ចុះដែរ។ នៅក្នុងឆ្នាំ២០២២ អង្គការសហប្រជាជាតិ ជាម្ចាស់ជំនួយដ៏ធំជាងគេសម្រាប់ផែនការជំនួយ UN ដោយមានទំហំជាង ១ពាន់លានដុល្លារ។
 
ជុំវិញការកាត់បន្ថយជំនួយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យមើលលើភាពពាក់ព័ន្ធនៃការហាមឃាត់ការផ្តល់ជំនួយ និងពិភាក្សាជាមួយអង្គការសហប្រជាជាតិ។ 
 
មន្រ្តីអង្គការសហប្រជាជាតិខាងលើ ក៏បានជំរុញឱ្យក្រុមតាលីបង់ យកចិត្តទុកដាក់ចំពោះសហគមន៍អន្តរជាតិ និងលើកចោលក្រឹត្យដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្រ្តីនៅក្នុងប្រទេសផងដែរ៕ 
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com