ជាតិ
កម្ពុជា ស្នើអូស្រ្តាលីជួយបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា
09, Mar 2023 , 6:19 pm        
រូបភាព
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើទៅកាន់ភាគីអូស្រ្តាលី ឱ្យជួយបណ្ដុះបណ្ដាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់កម្ពុជា។ 

 
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានចូលជួបពិភាក្សាជាមួយលោក នេត សាវឿន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីអូស្ត្រាលី បានអបអរកម្ពុជាដែលចេញផុតពីបញ្ជីប្រផេះនៃប្រទេសមានករណីលាងលុយកខ្វក់។ 
 
បើតាមការផ្សាយរបស់ក្រសួងមហាផ្ទៃ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា តាមរយៈក្រុមការងារ TC​T។ លោក Peter Sykora ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCT។ ជាមួយគ្នាដែរ ភាគីនគរបាលសហព័ន្ធអូស្ត្រាលី បានសន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញ ដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ។
 
ជុំវិញការបណ្ដុះបណ្ដាលនេះ លោក នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្ររបស់ភាគីអូស្ត្រាលី។ លោកបានស្នើបែបនេះ៖ «ស្នើឱ្យភាគីអូស្រ្តាលីជួយគាំទ្របន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាប្រភេទបទល្មើសកំពុងមាននិន្នាការកើនឡើងជារួមនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី»។
 
ទន្ទឹមនឹងនេះ លោកអគ្គស្នងការ ក៏អរគុណអូស្ត្រាលីដែរ ដែលកន្លងមកជួយជ្រោមជ្រែងរបស់នគរបាលអូស្រ្តាលី ដូចជាការផ្តល់ទីប្រឹក្សា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយនគរបាលជាតិកម្ពុជា ជួយគាំទ្របង្កើតក្រុមការងារ TCT និងការជួយបណ្តុះបណ្តាលទាំងការកសាងសមត្ថភាពមន្ត្រី ការជួយមធ្យោបាយ សម្ភារៈ និងគម្រោងធំៗដទៃទៀត៕ 
 

Tag:
 កម្ពុជា-អូស្ត្រាលី
  បណ្ដុះបណ្ដាល
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com