ជាតិ
កម្ពុជា អាចចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧
10, Mar 2023 , 9:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា។ រូបពី ក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា។ រូបពី ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជាអាចនឹងចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ២០២៧ បើសិនការវាយតម្លៃនៅឆ្នាំក្រោយ រកឃើញសេដ្ឋកិច្ចដំណើរការទៅដោយរលូន។

 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា កត់សម្គាល់ឃើញថា ប្រទេសអភិវឌ្ឍន៍តិចតួចបានពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបត្តិពិភពលោកកំពុងជួបប្រទះ។ សន្និសីទអង្គការសហប្រជាជាតិលើកទី៥នេះ ធ្វើឡើងពីថ្ងៃទី៤ដលទី៩ មីនា។ 
 
នៅក្នុងសន្ទរកថា ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ «Leaving No One Behind» របស់ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC។ លើសពីនេះ លោកបន្ថែមយ៉ាងដូច្នេះ៖ «កម្ពុជា នឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ 
 
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន។ 
 
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស កាលពីចុងខែកុម្ភៈ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញការព្រួយបារម្ភដែរ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន័តិចតួច។ សម្ដេច ស្នើដល់ប្រទេសនានា ឲ្យបន្តអនុគ្រោះ និងបន្តយកអត្រាការប្រាក់កម្ចីលុយទាបបន្តទៀត បើសិនកម្ពុជាឈានផុតប្រទេសអភិវឌ្ឍន៍តិចតួចនោះ។ 
 
បញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ជាដំណោះស្រាយ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ។ លើសពីនេះ គឺការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ,ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់ ,ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ នេះជាកិច្ចពិភាក្សាដែលបណ្ដាប្រទសអភិវឌ្ឍន៍តិចតួច បានជជែកគ្នា ក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)៕ 
 

Tag:
 អភិវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com