ជាតិ
សម្ដេច ស ខេង ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការលើសំណង់បំពានដីចំណីផ្លូវខុសច្បាប់
11, Mar 2023 , 10:59 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ រូបពី ក្រសួងមហាផ្ទៃ
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការទប់ស្កាត់រាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។

 
ស្របពេលរាជធានីភ្នំពេញ មានភាពរីកចម្រើនយ៉ាងលឿនរហ័សនេះ សម្ដេច ស ខេង ក៏បានសង្កេតឃើញនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធគុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកកស្ទះចរាចរណ៍ជាដើម។
 
ថ្លែងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា៖ «ដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ និងសោភ័ណភាពល្អ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ»។ 
 
សម្ដេច ក៏បញ្ជាឱ្យចាត់វិធានការទប់ស្កាត់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។ ក្រៅពីនេះ សំណង់ទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព សណ្ដាប់ធ្នាប់រៀបរយសាធារណៈ និងបរិស្ថានក្នុងទីក្រុងក៏ត្រូវពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ផងដែរ។
 
របាយការណ៍ដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានា ពីការប្រែប្រួលសភាពការណ៍ពិភពលោកក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ចជាតិ នៅតែមានការទាក់ទាញ។ ការវិនិយោគ ពីវិនិយោគិនក្នុងស្រុក​ និងពីបណ្តាប្រទេសនានា​ ដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្ម​ មានសន្ទុះក្នុងការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស៕ 
 
 

Tag:
 សណ្ដាប់ធ្នាប់សង្គម
  សម្ដេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com