ជាតិ
លីកាដូថា អាជ្ញាធរបរាជ័យលើការទប់ស្កាត់ឃាតកម្ម
11, Mar 2023 , 1:59 pm        
រូបភាព
ករណីឃាត់កម្មក្នុងគ្រួសាដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័នាពេលកន្លងមក។ រូបពី អគ្គស្នងការដ្ខាននគរបាលជាតិ
ករណីឃាត់កម្មក្នុងគ្រួសាដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័នាពេលកន្លងមក។ រូបពី អគ្គស្នងការដ្ខាននគរបាលជាតិ
ភ្នំពេញ៖ អង្គការលីកាដូ រកឃើញថា មានស្ត្រី២៦រូប និងកុមារ៥រូប បានស្លាប់ ដោយសារឃាតកម្ម​ដែលប្រព្រឹត្តឡើងពីដៃគូស្និទ្ធស្នាល ឬអតីតដៃគូរបស់ពួកគេ។ ឆ្លងតាមករណីនេះ លីកាដូ ដាក់បន្ទុកដល់អាជ្ញាធរដែលបរាជ័យក្នុងការទប់ស្កាត់ ហើយស្នើឱ្យវិសោធនកម្មច្បាប់ ស្ដីពីការទប់ស្កាត់ហិង្សាក្នុងគ្រួសារ។

របាយការណ៍ប្រមាណ២០ទំព័ររបស់ អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ បានចេញផ្សាយ ក្រោមចំណងជើងថា “​គ្មាន​ច្រក​សុវត្ថិភាព៖បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល​”។ អង្គការនេះ បង្ហាញពីករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ ​២​៦​ ​នាក់​ ​និង​កុមារ​ ​៥​ ​នាក់​ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយដៃ​គូ​ស្និទ្ធស្នាល​បច្ចុប្បន្ន​ ​ឬ​អតីត​ដៃគូ​ ​នៅចន្លោះ​ខែ​មករា​ ឆ្នាំ​២​០​២​0 ​ដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​។​​
 
​លីកាដូ ថានៅកម្ពុជា អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ការរំលោភ​សិទ្ធិមនុស្ស ​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង។ ករណីនេះ គឺមាន​ភាព​ចន្លោះ​ប្រហោង​ ​និង​ការ​ខកខាន​ជារឿយៗ​ ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​។ ភាពខ្វះខាតនេះ បាន​អនុញ្ញាត​ឱ្យ​អំពើ​ហិង្សា​បន្ត​កើតមានឡើង​ ​និង​កើន​ឡើង​ជាលំដាប់​។​ ​ធ្ងន់ធ្ងរជាងនេះ វា​ក្លាយទៅជា​អំពើ​ឃាតកម្ម​។​ ក្នុងរបាយការណ៍ដដែល សង្គមស៊ីវិលនេះ បានទទូចទៅកាន់អ្នកអុវត្តច្បាប់យ៉ាងដូច្នេះ៖ «អង្គការ​ ​លី​កា​ដូ ​សូម​សំណូមពរ​ឱ្យ​មាន​កំណែ​ទម្រង់​ចំពោះ​បញ្ហា​នេះ​»។ 
 
ជាមួយគ្នាដែរ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ បានពន្យល់បន្ថែម មកកាន់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅល្ងាចថ្ងៃទី១០មីនាថា ការស្នើឲ្យមានការកែទម្រង់ច្បាប់នេះ ក៏ព្រោះតែការអនុវត្តវិធានការ និងច្បាប់ស្ដីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ច​គាំពារ​ជនរងគ្រោះ​ ​ឆ្នាំ​ ​២​០​០​៥​ មានភាពខ្វះចន្លោះ។ ក្នុងនោះ ចែងឱ្យមានការសម្របសម្រួល បើមានករណីហិង្សាកម្រិតស្រាល។ 
 
ប៉ុន្តែបញ្ហាដែលលោកសង្កេតឃើញជាក់ស្ដែង ក្នុងករណីហិង្សាវាយដំ ឬរបួស ក៏មានការសម្របសម្រួលដែរ។ អាជ្ញាធរមូលដ្ឋាន ពុំបានចាត់វិធានការផ្លូវច្បាប់ ដែលនាំឲ្យហិង្សាបន្តកើតកាន់តែធ្ងន់ រហូតដល់មានឃាតកម្ម។ លើសពីនេះ ជនបង្កហេតុខ្លះ បានរត់គេចខ្លួន ហើយខ្លះទទួលទោសកម្រិតស្រាលក៏មាន។ «អ៊ីចឹង បានយើងចង់ឱ្យមានការធ្វើសោធនកម្មច្បាប់ការទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ច​គាំពារ​ជនរងគ្រោះ»។ 
 
ពាក់ព័ន្ធនឹងការដាក់បន្ទុកលើអាជ្ញាធរ មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ ពីការបរាជ័យក្នុងការអនុវត្តច្បាប់នេះ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទងសុំការឆ្លើយតបពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឡើយ។ ចំណែក ការស្នើសុំការវិសោធនកម្មច្បាប់ខាងលើវិញ លោកស្រី ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី ពុំអាចឆ្លើយតបភ្លាមៗបានទេ គឺរង់ចាំការប្រជុំរួមគ្នាជាមួយ រដ្ឋមន្ត្រីកិច្ចការនារីសិន ទើបដឹងច្បាស់ថា កែប្រែកម្រិតណា និងនៅពេលណាជាក់លាក់។ យ៉ាងណា លោកស្រីថា កន្លងមកក្រសួងក៏បានពិភាក្សាលើច្បាប់នេះដែរ។ 
 
ទាក់ទិននឹងករណីខាងលើ លោក អំ សំអាត ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ អនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ខណៈការគាំពារដល់ជនរងគ្រោះ ពិសេសស្ត្រីក៏នៅមានកម្រិត។ ជាពិសេសការអន្តរាគមន៍ អនុវត្តច្បាប់ គាំពារជនរងគ្រោះ ក៏នៅមានភាពប្រទាំងប្រទើសគ្នាដែរ។ 
 
ជុំវិញការវាយតម្លៃថា ការអនុវត្តច្បាប់នៅមានកម្រិត ក្នុងការជួយជនរងគ្រោះនេះ លោកស្រី ប៊ុន ពុទ្ធី បដិសេធ។ អនុរដ្ឋលេខាធិការរូបនេះ អះអាងថា ក្រសួងនិងអាជ្ញាធរ បានខិតខំជួយដោះស្រាយបញ្ហាទាំងនោះ ចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ជាពិសេសតាមមូលដ្ឋានសុទ្ធតែមានក្រុមគាំពារដល់ស្ត្រី និងទប់ស្កាត់ហិង្សា។ លើសពីនេះ ក្រសួងតែងផ្សព្វផ្សាយ ហើយផ្ដល់ជាមេធាវីដល់ជនរងគ្រោះទៀតផង ដើម្បីរកយុត្តិធម៌។ 
 
«ដូច្នេះ បើនិយាយនៅមានកម្រិត គឺមិនសមឡើយ ហើយករណីមិនឲ្យមានបញ្ហាខាងលើកើតឡើងទាល់តែសោះ គឺពុំអាចទៅរួចឡើយ»។ នេះបើតាមលោកស្រី ពុទ្ធី ដែលបានលើកពីប្រទេសធំៗថា សូម្បីមហាអំណាចក៏នៅមាន អំពើហិង្សា ឃាតកម្មដែរ។ 
 
ករណី​ឃាតកម្ម​ ដែលនាំឲ្យស្ត្រី២៦រូប និងកុមារនាក់ស្លាប់ខាងលើ​ ​មិនបាន​តំណាង​ឱ្យ​ចំនួន​អំពើ​ហិង្សា​គ្រួសារ​ទាំងអស់ ​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស​នោះ​ទេ​ ​ប៉ុន្តែ​ជាការ​រក​ឃើញ​ដោយអង្គការលីកាដូ ដែលចង់ឆ្លុះបញ្ចាំងពីបទដ្ឋានមិនគាំទ្រ​យេ​ន​ឌ័​រ​ ​និង​ធ្វើ​ឱ្យ​មានអំពើ​ហិង្សា​ប៉ុណ្ណោះ​។​ បើតាមលីកាដូ​ ជា​ង​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​ត្រូវ​បាន​សម្លាប់​ ​ភាគច្រើន​គឹ​ប្រឈម​នឹង​អំពើ​ហិង្សា​គ្រួសារ​ ​មុន​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​។ បើតាមលីកាដូដដែល ​ទោះបីជា​ពួកគេ​បាន​រាយការណ៍​ពី​អំពើ​ហិង្សា​គ្រួសារ​ ​ប៉ុន្តែ​ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​ ​គឺ​តែងតែ​មាន​ភាព​យឺតយ៉ាវ​ ​និង​គ្មាន​ប្រសិទ្ធ​ភាព​៕  
 

Tag:
 ហិង្សា
  ឃាត់កម្ម
© រក្សាសិទ្ធិដោយ thmeythmey.com