អន្តរជាតិ
អេស្ប៉ាញសុំឱ្យអាមេរិកសម្អាតកន្លែងធ្លាក់គ្រាប់បែកអ៊ីដ្រូសែននៅសម័យសង្គ្រាមត្រជាក់
12, Mar 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ធុងសាំងជាង ១០០០ ដែលផ្ទុកដីមានជាតិវិទ្យុសកម្មនៅក្បែរ Palomares ក្នុងប្រទេសអេស៉្បាញ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៦៦។
រូបឯកសារ៖ ធុងសាំងជាង ១០០០ ដែលផ្ទុកដីមានជាតិវិទ្យុសកម្មនៅក្បែរ Palomares ក្នុងប្រទេសអេស៉្បាញ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៦៦។
ដោយ: VOA
ក្នុងពេលជិត៦០ឆ្នាំក្រោយគ្រោះថ្នាក់នុយក្លេអ៊ែរអាក្រក់បំផុតក្នុងពិភពលោក ប្រទេសអេស្ប៉ាញបានសុំឱ្យសហរដ្ឋអាមេរិកសម្អាតដីមានវិទ្យុសកម្មរាប់ម៉ឺនតោនហើយបញ្ចប់ជំពូកចម្រូងចម្រាសមួយនៃសង្គ្រាមត្រជាក់។

រដ្ឋាភិបាលក្រុងម៉ាឌ្រីដសង្ឃឹមថាទំនាក់ទំនងល្អប្រសើរជាងមុនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើតាមការសន្យារបស់ខ្លួនកាលពីឆ្នាំ២០១៥ថានឹងសម្អាតដីមានវិទ្យុសកម្ម។
 
កាលពីឆ្នាំ១៩៦៦ យន្តហោះទម្លាក់គ្រាប់បែកធុន B-52 មួយគ្រឿងបានធ្វើឱ្យធ្លាក់គ្រាប់បែកអ៊ីដ្រូសែន (hydrogen) បួនគ្រាប់ក្រោយពីវាបានប៉ះទង្គិចជាមួយយន្តហោះចាក់សាំងមួយគ្រឿងនៅពីលើភូមិ Palomares នាប៉ែកខាងត្បូងប្រទេសអេស្ប៉ាញ។
 
ទោះជាគ្រាប់បែក hydrogen ទាំងនេះមិនបានផ្ទុះក៏ដោយ ក៏គ្រាប់បែកពីរគ្រាប់ក្នុងចំណោមបួនគ្រាប់នេះបានបញ្ចេញសារធាតុ plutonium នាំឱ្យផ្ទៃដីពីរគ.ម.ក្រឡាមានវិទ្យុសកម្ម។
មានបុគ្គលិកកងទ័ពអាកាសស.រ.អ.ប្រមាណ១៦០០នាក់ត្រូវបានបញ្ជូនពីមូលដ្ឋានយោធាមួយនៅជិតទីនោះឱ្យទៅសម្អាតតំបន់នោះ តែបានទទួលសម្ភារៈការពារខ្លួនបន្តិចបន្តួចនៅពេលចំណាយពេលច្រើនសប្ដាហ៍ធ្វើការនៅក្នុងកន្លែងដាច់ស្រយាលនោះ។ បុគ្គលិកទាំងនេះមួយចំនួនបានស្លាប់នៅពេលបន្ទាប់មក។
 
ដីប្រមាណ១៤០០តោនត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងមួយក្នុងរដ្ឋ South Carolina ស.រ.អ.។
ពេលនោះជាពេលវេលាមានសង្គ្រាមត្រជាក់ខ្លាំង ហើយបញ្ហានេះត្រូវបានចាត់ទុកថាជាបញ្ហារសើបណាស់ ដូច្នេះអាទិភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺកម្ចាត់ឱ្យបានឆាប់រហ័សនូវភ័ស្តុតាងទាំងអស់នៃគ្រោះថ្នាក់នុយក្លេអ៊ែរធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
 
ច្រើនឆ្នាំបន្ទាប់មក កង្វល់អំពីផលប៉ះពាល់នៃការប៉ះទង្គិចយន្តហោះនោះបានចាប់ផ្តើមលេចឡើងវិញនៅក្រោយការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០០៧ដោយក្រុមប្រឹក្សាសុវត្ថិភាពនុយក្លេអ៊ែរអេស្ប៉ាញដែលថាផ្ទៃដីរហូតដល់៥០.០០០ម៉ែត្រក្រឡានៅតែមានវិទ្យុសកម្ម។ តំបន់នោះត្រូវបានហ៊ុំព័ទ្ធដោយរបងហើយត្រូវបានហាមប្រាមមិនឱ្យប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍន៍ឬធ្វើកសិកម្មឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com