កីឡាអន្តរជាតិ
អន្តរជាតិ
Conte ៖ បើ Spur បានចំណាត់លេខ ៤ នៅរដូវកាលនេះ ប្រៀបដូចឈ្នះពាន
12, Mar 2023 , 2:59 pm        
រូបភាព
បើ Tottenham Hotspus នារដូវកាលនេះ អាចបញ្ចប់ចំណាត់ថ្នាក់លេខ៤ នៅ Premeir League ប្រៀបដូចជាការឈ្នះពានរង្វាន់អ៊ីចឹង។ លោក Antonio Conte បាននិយាយបែបនេះនាថ្ងៃទី១១ ខែមីនា បន្ទាប់ពីក្រុមបានយកឈ្នះលើការប្រកួតទល់ Nottingham Forest ៣-១ ។

ជ័យជម្នះ ៣-១ របស់ Spurs រកបានដោយខ្សែប្រយុទ្ធ Harry Kane ស៊ុត ២គ្រាប់នៅវគ្គទីមួយ មុនពេល Son Heung-Min បន្ថែមគ្រាប់ទី៣ នៅវគ្គទី២ ជួយក្រុមលុបបំបាត់ការឈឺចាប់ ក្រោយធ្លាក់ចេញពីការប្រកួត Champions League នឹងជួយបន្ថយកំដៅតំណែងលោក Conte។ 
 
នេះជាជ័យជម្នះដំបូងក្នុង ៤ប្រកួតចុងក្រោយក្នុងរយៈពេល ១០ថ្ងៃ សម្រាប់ Spurs បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពានរង្វាន់ FA Cup ផងដែរ។
«សម្រាប់យើងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ប្រៀបដូចជាការឈ្នះ Premier League អ៊ីចឹង។ វាបានកើតឡើងកាលពីរដូវកាលមុន ហើយខ្ញុំបាននិយាយអំពីរឿងនេះថាវានឹងអាចក្លាយជារឿងដ៏អស្ចារ្យម្តងទៀត។ រដូវកាលនេះវាមានភាពលំបាកខ្លាំង មានក្រុមជាច្រើននឹងអាចរាប់បញ្ចូលនៅពេលចុងបញ្ចប់ ក្នុងពេលនេះគឺមានកន្លែងមួយប៉ុណ្ណោះ ដែលនៅសល់សម្រាប់យើង។»។ លោក Conte បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
ឆ្លងកាត់ការប្រកួតចំនួន ២៧លើក Spurs រកបាន ៤៨ពិន្ទុ ហើយមានគម្លាតពិន្ទុចំនួន ៦ពិន្ទុ ពីក្រុមលេខ ៥ Liverpool។ Liverpool ទើបរងបរាជ័យក្រោមថ្វីជើងក្រុម Bournemouth ១-០ ប៉ុន្តែពួកគេនៅសល់ការប្រកួតក្នុងដៃ។ Newcastle United លេងទល់ Wolver ថ្ងៃទី១២ មីនា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ មានគម្លាតពិន្ទុត្រឹម ៤ពិន្ទុប៉ុណ្ណោះពី Liverpool។ 
លោក Conte ក៏បានបន្ថែមថា គ្មានក្រុមណាទៀតឡើយ ដែលនឹងប្រជែងបានកៅអីក្រុមកំពូលទាំង ៤ ខណៈបច្ចុប្បន្ន Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ៕
 

Tag:
 Antonio Conte
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com