អន្តរជាតិ
ប្រទេសហ្សកហ្ស៊ីដកចេញច្បាប់«ភ្នាក់ងារបរទេស»ដ៏ចម្រូងចម្រាសក្រោយការប្រឆាំងតវ៉ាហិង្សា
12, Mar 2023 , 7:29 pm        
រូបភាព
ដោយ: VOA
បុរសម្នាក់កាន់ដំបងក្នុងដៃដើរក្បែររថយន្តប៉ូលិសដែលកំពុងឆេះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអគារសភាហ្សកហ្ស៊ី ក្នុងទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ចែករំលែក ក្នុងការប្រឈមមុខការប្រឆាំងតវ៉ាដោយហិង្សានិងការរិះគន់ដ៏ខ្លាំងពីប្រទេសលោកខាងលិចនោះ គណបក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី និយាយថា ខ្លួនកំពុងដកចេញនូវច្បាប់ដ៏ចម្រូងចម្រាសមួយពីសភាស្តីពី«ភ្នាក់ងារបរទេស»។

 
គណបក្សកាន់អំណាច Georgian Dream party ក្នុងប្រទេសហ្សកហ្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះក្នុងគេហទំព័ររបស់ខ្លួនថា ក្នុងឋានៈ«ជាគណបក្សរបស់រដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវលើសមាជិកសង្គមគ្រប់រូបនោះ យើងបានសម្រេចដកចេញច្បាប់នេះដោយគ្មានលក្ខខណ្ឌ»។
 
ការប្រឆាំងជាដំបូងបានផ្ទុះឡើង ខណៈពេលដែលក្រុមសមាជិកសភាប្រទេសហ្សកហ្ស៊ីបានពិនិត្យច្បាប់ដ៏ចម្រូងចម្រាសមួយនេះកាលពីថ្ងៃទី៧ ខែមីនា កន្លងទៅ។
 
សេចក្តីស្នើច្បាប់នេះដែលគាំទ្រដោយគណបក្សកាន់អំណាច Georgian Dream party ត្រូវបានអនុម័តយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃទី៧ មីនាដែលបង្ខំឱ្យអង្គការសង្គមស៊ីវិលនានាដែលទទួលថវិកាជាង២០ភាគរយពីបរទេសត្រូវចាត់ទុកថាជា«ភ្នាក់ងារបរទេស»។
 
ច្បាប់នេះបានបណ្តាលឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងក្នុងចំណោមពលរដ្ឋហ្សកហ្ស៊ី ហើយបានធ្វើការប្រឆាំងតវ៉ា និងទទួលបានការបង្រ្កាបដោយក្រុមកម្លាំងសន្តិសុខ និងប៉ូលិសដោយបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ និងកាណុងបាញ់ទឹកជាដើម។
 
ក្រុមបាតុករដែលត្រូវបានគេឮស្រែកថា «កុំធ្វើតាមច្បាប់រុស្ស៊ី» បានច្រៀងបទភ្លេងជាតិហ្សកហ្ស៊ី អ៊ុយក្រែន និងសហភាពអឺរ៉ុបផងដែរ។ មានបដាតវ៉ាមួយដែលបង្ហាញក្នុងការធ្វើបាតុកម្មបន្តទៀតក្នុងអំឡុងពេលនៃទិវានារី ៨ មីនា ថា «ស្ត្រីប្រឆាំងនឹងការត្រួតត្រាផ្តាច់ការ»។
 
ប្រតិភូសហភាពអឺរ៉ុបប្រចាំក្នុងប្រទេសហ្សកហ្ស៊ីបាននិយាយក្នុងសារបង្ហោះតាម Twitter ថា ខ្លួនស្វាគមន៍សេចក្តីប្រកាសរបស់គណបក្ស Georgian Dream party៕
 

© រក្សាសិទ្ធិដោយ thmeythmey.com