អន្តរជាតិ
ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា យោធា​រុស្ស៊ី​ទំនង​ជា​មិន «សម្រេច​បាន​ធំដុំ​ទេ​នៅ​អ៊ុយក្រែន»
13, Mar 2023 , 5:30 pm        
រូបភាព
ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិកផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភាអំពី​ការ​គំរាមកំហែង​នៅ​ទូទាំង​ពិភពលោកនៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៨ ​ខែមីនា ឆ្នាំ២០២៣។
ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិកផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភាអំពី​ការ​គំរាមកំហែង​នៅ​ទូទាំង​ពិភពលោកនៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៨ ​ខែមីនា ឆ្នាំ២០២៣។
ដោយ: VOA
ក្នុង​ពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជូន​ទាហាន​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន លោក​កំពុង​ចាប់ផ្ដើម​ទទួល​ស្គាល់​នូវ​ភាព​កម្សោយ​របស់​ទាហាន​របស់​លោក និង​បាន​សម្របសម្រួល​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​នៅ​ទីបំផុត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក។


 
នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ទី ៨ ខែ​មីនា​នៅ​ក្នុង​សវនាការ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​គំរាមកំហែង​ជុំវិញ​ពិភពលោក មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា យោធា​រុស្ស៊ី​បាន​ប្រយុទ្ធ​នៅ​ក្នុង​អ្វី​ដែល​បាន​ក្លាយជា​សង្គ្រាម​ពង្រេចពង្រឹល​ជាមួយ​នឹង​អ៊ុយក្រែន ហើយ​កំពុង​ត្រូវ​បង្ខំ​ខ្លួន​ផ្ដោត​លើ «គោលដៅ​ល្មម​គួរសម​ជាង​មុន»។
 
ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក​អ្នកស្រី Avril Haines បាន​ប្រាប់​សមាជិក​សភា​អាមេរិក​ថា៖ «រុស្ស៊ី​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង Bakhmut ប្រទេស​អ៊ុយក្រែន ដែល​ទីក្រុង​នេះ​មិន​មែន​ជា​គោលដៅ​យុទ្ធសាស្ត្រ​ជា​ពិសេស​នោះ​ទេ ប៉ុន្តែ​រុស្ស៊ី​កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​គួរសម​ដូចជា​កង្វះ​ទាហាន​និង​គ្រាប់​រំសេវ​ជាដើម»។
 
អ្នកស្រី Haines បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​រុស្ស៊ី​មិន​ធ្វើ​ការ​កេណ្ឌ​ទាហាន​ជា​ចាំបាច់​និង​មិន​ស្វែងរក​អ្នក​ផ្គត់ផ្គង់​គ្រាប់​រំសេវ​ជា​ភាគី​ទី​បី​នោះ​ទេ រុស្ស៊ី​នឹង​ប្រឈម​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ការ​រក្សា​សូម្បីតែ​កម្រិត​បច្ចុប្បន្ន​នៃ​ប្រតិបត្តិការ​វាយលុយ​របស់​ខ្លួន។ យើង​ឃើញ​ថា យោធា​រុស្ស៊ី​មិន​បាន​រើប​ឡើង​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​វាយ​ដណ្ដើម​យក​ដែនដី​ធំដុំ​ណា​មួយ​ទេ។

...ពួកគេ​ប្រហែលជា​ងាក​ទៅ​រក​ការ​ឃុំ​គ្រង​និង​ការ​ការពារ​ដែនដី​ដែល​ពួកគេ​កំពុង​កាន់កាប់​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ»។
 
ការ​ប៉ាន់​ប្រមាណ​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​បញ្ជាក់​ថា ទាហាន​រុស្ស៊ី​ប្រហែល ២០០.០០០ នាក់​ត្រូវ​បាន​សម្លាប់​ឬ​ក៏​បាត់​ខ្លួន​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។
 
ជាង​នេះ​ទៀត ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​កាលពី​ខែ​កុម្ភៈ​ថា សូម្បីតែ​ក្រុម​ទាហាន Wagner Group ដែល​ជា​កង​កម្លាំង​ទាហាន​ប៉ារ៉ា​របស់​រុស្ស៊ី ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ​ដោយ​មាន​ពល​ទាហាន​រងគ្រោះ​ចំនួន​ប្រហែល ៣០.០០០ នាក់ ដែល​ក្នុង​នោះ​ពល​ទាហាន​ដែល​បាន​ស្លាប់​មាន​ចំនួន ៩.០០០ នាក់។
 
របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​លែង​សម្ងាត់ ដែល​បាន​ចេញ​ផ្សាយ​នៅ​ពេល​ដែល​អ្នកស្រី Haines និង​មន្ត្រី​ផ្សេង​ទៀត​ផ្ដល់​សក្ខីកម្ម បាន​បង្ហាញ​បន្ថែម​ទៀត​ថា កងទ័ព​រុស្ស៊ី​បាន​ចុះ​ខ្សោយ​ច្រើន​និង​កាន់តែ​រង​ផល​វិបាក។
 
របាយការណ៍​នេះ​បាន​បញ្ជាក់​ថា យោធា​រុស្ស៊ី «នឹង​ត្រូវការ​ពេល​រាប់​ឆ្នាំ​ដើម្បី​កសាង​ឡើង​វិញ ហើយ​ពួកគេ​មាន​សមត្ថភាព​តិច​ជាង​មុន​នៅ​ក្នុង​ការ​បង្ក​ការ​គំរាមកំហែង​ខាង​យោធា​ដោយ​ប្រើ​អាវុធ​ធម្មតា​មិនមែន​ជា​អាវុធ​នុយក្លេអ៊ែរ​ចំពោះ​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប​និង​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ម៉ឺងម៉ាត់​នៅ​តំបន់​អាស៊ី​អឺរ៉ុប​និង​នៅ​លើ​ឆាក​អន្តរជាតិ»។
 
របាយការណ៍​នេះ​បាន​ព្រមាន​ថា ជា​លទ្ធផល «រដ្ឋាភិបាល​រុស្ស៊ី​នឹង​កាន់តែ​ពឹងផ្អែក​ជាង​មុន​លើ​សមត្ថភាព​ផ្នែក​នុយក្លេអ៊ែរ ប្រព័ន្ធ​អ៊ីនធឺណិត និង​អវកាស នៅ​ពេល​ខ្លួន​ដោះស្រាយ​ជាមួយ​នឹង​ការ​ខូចខាត​ដ៏​ច្រើន​ចំពោះ​កងទ័ព​ជើង​គោក​របស់​ខ្លួន»។
 
បន្ថែម​ពី​លើ​នេះ​ទៀត លោក Putin ប្រហែល​ជា​កាន់តែ​ប៉ុនប៉ង​ជាង​មុន​នៅ​ក្នុង​ការ​ប្រើ​សមត្ថភាព​ទាំង​នេះ។
 
ការ​វាយតម្លៃ​ថ្មី​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​បញ្ជាក់​ថា ការ​បរាជ័យ​របស់​យោធា​រុស្ស៊ី​គឺ​កាន់តែ​ពិបាក​នឹង​លាក់​បាំង ដោយ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោល​ជំហរ​របស់​លោក Putin។
 
ហេតុ​ដូច្នេះ​ហើយ លោក Putin អាច «បង្កើន​សកម្មភាព​បង្កហេតុ​រាលដាល​បន្ថែម​ទៀត...នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ការ​គាំទ្រ​ជា​សាធារណៈ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​របាយការណ៍​នេះ។
 
ប៉ុន្តែ នៅ​ក្នុង​បរិបទ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន អ្នកស្រី Haines បាន​រៀបរាប់​អំពី​ការ​ប្រើ​របស់​លោក Putin នូវ​គោល​ជំហរ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ថា​ជា​ការ​សម្ញែង​កម្លាំង​យោធា «ដែល​មាន​បំណង​កម្លា​រារាំង​ក្រុម​បស្ចិម​ប្រទេស​មិន​ឱ្យ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត» ដល់​អ៊ុយក្រែន ខណៈ​ពេល​ដែល​លោក កំពុង​ព្យាយាម​កេង​ពេល​វេលា៕

© រក្សាសិទ្ធិដោយ thmeythmey.com