អន្តរជាតិ
កម្មករមីយ៉ាន់ម៉ាត្រឡប់ទៅធ្វើការនៅក្នុងក្រុងចិនដែលនៅជាប់ព្រំដែនវិញ
14, Mar 2023 , 8:30 am        
រូបភាព
កន្លែងត្រួតពិនិត្យនៅច្រកព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាក្នុងក្រុង Ruili ខេត្ត Yunnan ប្រទេសចិន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។
កន្លែងត្រួតពិនិត្យនៅច្រកព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាក្នុងក្រុង Ruili ខេត្ត Yunnan ប្រទេសចិន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
បើតាមតួលេខជាផ្លូវការ ក្នុងរយៈពេលជិតពីរខែក្រោយច្រកព្រំដែនមីយ៉ាន់ម៉ា-ចិនរវាងក្រុង Muse នៃប្រទេសមីយ៉ាន់ម៉ានិងក្រុង Ruili នៃប្រទេសចិនបានបើក មានមនុស្សជាមធ្យមជាង៣ពាន់នាក់បានឆ្លងកាត់ច្រកព្រំដែននេះជារៀងរាល់ថ្ងៃ ដោយភាគច្រើនគឺដើម្បីទៅធ្វើការក្នុងប្រទេសចិន។
 
លោក Maung Win អ្នកជំនួញបរទេសមកពីប្រទេសមីយ៉ាន់ម៉ាបាននិយាយប្រាប់បណ្តាញព័ត៌មានរដ្ឋនៃប្រទេសចិនថា នៅពេលដែលអាជ្ញាធរចិនលុបចោលការរឹតត្បិតនៅពេលមានការរាតត្បាតជំងឺកូវីដ១៩ ដោយតម្រូវឱ្យមានតែ«របាយការណ៍អំពីការធ្វើតេស្តអវិជ្ជមានចំនួន៤៨ម៉ោងនិងបណ្ណចេញ-ចូលដើម្បីឆ្លងកាត់កន្លែងគយ នេះជាការងាយស្រួលណាស់ដើម្បីចេញចូលទៅមកឆ្លងកាត់ព្រំដែន»។
 
ចំនួនមនុស្សឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃតាំងពីការបើកព្រំដែនជាថ្មីកាលពីថ្ងៃទី១៤ ខែមករាមកមានតិចតួចបើប្រៀបធៀបជាមួយចរាចរណ៍ឆ្លងកាត់ព្រំដែននៅមុនមានការរាតត្បាតជំងឺកូវីដ១៩ ដែលមានកម្មករមីយ៉ាន់ម៉ារាប់ពាន់នាក់ទៅធ្វើការក្នុងក្រុង Ruili។ ក្រុង Ruili នេះមានការលូតលាស់ក្នុងវិស័យឧស្សាហកម្មផ្នែកសាងសង់និងកសិកម្មនៅក្នុងខេត្ត Yunnan នាប៉ែកខាងលិចប្រទេសចិន។
 
ក៏ប៉ុន្តែ តម្រូវការកម្លាំងពលកម្មអស់សោហ៊ុយតិចក៏មានឡើងវិញនៅក្រោយការរាំងខ្ទប់នៅពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
 
អ្នកជំនួញមីយ៉ាន់ម៉ាម្នាក់នៅក្រុង Ruili បាននិយាយប្រាប់វីអូអេផ្សាយជាភាសាភូមាកាលពីដើមខែមីនាថា៖ «មានតម្រូវការកម្លាំងពលកម្មច្រើននៅទីនេះ។ តម្រូវការកម្លាំងពលកម្មនិងតម្រូវការការងារមានភាពស៊ីគ្នា»។
 
បើតាមសេចក្ដីរាយការណ៍មួយកាលពីខែកញ្ញា ឆ្នាំ២០២២ ដែលចេញផ្សាយដោយ Bloomberg ក្រុង Ruili បានលេចឡើងជាមជ្ឈមណ្ឌលផលិតឧបករណ៍ប្រើប្រាស់នៅពេលម្ចាស់សហគ្រាសផលិតឧបករណ៍ប្រើប្រាស់ចិននៅក្នុងកន្លែងឧស្សាហកម្មស្វះស្វែងរកកន្លែងអស់សោហ៊ុយតិចដែលនៅទីនោះពួកគេអាចរកបានកម្លាំងពលកម្មថោកៗ។
 
បើតាមទិន្នន័យផ្លូវការរបស់រដ្ឋបាលក្រុង Ruili ដែលចេញដោយកាសែត Global Times បានឱ្យដឹងថា ក្នុងនៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៩ មនុស្ស៩១,៣៥% ដែលឆ្លងកាត់ព្រំដែនទៅមកនៅក្រុងកំពង់ផែ Ruili គឺជាជនជាតិមីយ៉ាន់ម៉ា។
 
បើតាម Bloomberg ថា ក្នុងឆ្នាំ២០១៩ ក្នុងរយៈពេលប៉ុន្មានខែមុនមានការរាតត្បាតជំងឺកូវីដ១៩ ក្រុមហ៊ុន Everbright Headwear ដែលមានទីស្នាក់ការនៅខេត្ត Jiangsu ក្នុងប្រទេសចិន ដែលផលិតនិងផ្គត់ផ្គង់មួកសម្រាប់ក្រុមកីឡាករ New York Yankees និង Dallas Cowboys អាចជួលក្រុមពលករមីយ៉ាន់ម៉ាដោយត្រឹមត្រូវតាមច្បាប់នៅក្រុង Ruili ដោយអស់សោហ៊ុយត្រឹមតែពាក់កណ្តាលនៃសោហ៊ុយសម្រាប់ជួលពលករចិនប៉ុណ្ណោះ ដោយឱ្យពួកគេរស់នៅក្នុងអន្តេវាសិកដ្ឋានដោយមានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន៤៥០ដុល្លារ។
 
នៅពេលខ្លះ ពលករខ្លះមកពីមីយ៉ាន់ម៉ាមិនបានធ្វើដំណើរទៅមកទេ ដោយស្នាក់នៅក្នុងប្រទេសចិនហួសអាយុកាលទិដ្ឋាការហើយធ្វើការនៅក្រុង Ruili ច្រើនខែ ដោយសារអាជ្ញាធរចិនមើលរំលងការបំពានទាំងនេះ។
 
ក៏ប៉ុន្តែ ការរាតត្បាតជំងឺកូវីដ១៩បានកែប្រែភាពងាយស្រួលនេះ ហើយនៅពេលដែលស្ត្រីម្នាក់មកពីមីយ៉ាន់ម៉ាត្រូវបានរាយការណ៍ថាមានរោគសញ្ញាជំងឺកូវីដ១៩នៅពេលទៅលេងនឹងគ្រួសាររបស់នាងនៅក្រុង Ruili កាលពីខែមីនា២០២០ ពួកមន្ត្រីចិនបានបិទព្រំដែនហើយរាំងខ្ទប់ក្រុងនេះតែម្តង។
 
អ្នកស្រុកក្នុងរដ្ឋ Shan នៅខាងមីយ៉ាន់ម៉ានិយាយថា ពួកគេត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសចិនម្ដងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ហើយត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់ចិនដែលរារាំងពួកគេមិនឱ្យស្នាក់នៅទីនោះហួសពេលកំណត់របស់ទិដ្ឋាការនោះឡើយ។
 
ពលករម្នាក់នៃក្រុមជនអំបូរភាគតិច Shan នៃប្រទេសមីយ៉ាន់ម៉ាបាននិយាយស្នើដល់វីអូអេផ្សាយជាភាសាភូមាមិនឱ្យបញ្ចេញឈ្មោះលោកដើម្បីចៀសវាងកុំឱ្យមានការចាប់អារម្មណ៍ពីពួកមន្ត្រីថា៖ «តើស្ថានភាពនេះនឹងនៅដដែលឬមួយក៏អត់គឺអាស្រ័យទៅលើថាតើភាគីម្ខាងទៀតចាត់វិធានការបែបណា»៕

© រក្សាសិទ្ធិដោយ thmeythmey.com