ជាតិ
សម្តេចព្រះមហាក្សត្រី ៖ ព្រះរាជដំណាក់ថ្មីខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញនាពេលឆាប់ៗ
14, Mar 2023 , 2:35 pm        
រូបភាព
ដោយ: រួបរួម
ពីក្រុងប៉េកាំង ប្រទេសចិន សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម សីហនុ បានផ្ញើរព្រះរាជសារដើម្បីថ្លែងអំណរគុណចំពោះជនរួមជាតិ និងអន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា។


 
«ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញយុទ្ធនាគារនៅបរទេស រួមមានបារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់»។ នេះបើតាមព្រះរាជចំណាររបស់សម្តេចព្រះវររាជមាតានៅលើព្រះរាជសារចុះថ្ងៃទី១៤ ខែមីនា។
 
សម្តេចព្រះមហាក្សត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ដែលបានជួយអន្តរាគមន៍ភ្លាមៗ។ 
 
ព្រះអង្គបានមានព្រះរាជបន្ទូលថា  តាមសេចក្តីទូលស្នើសុំរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញនៅពេលឆាប់ៗខាងមុខនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com