អន្តរជាតិ
ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ចិន​លើស​ពី​គោលដៅ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច
14, Mar 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ប្រជាជ​ន​គ្រវី​ទង់ជាតិ​ចិន​ ខណៈ​ដែល​យានយន្ដ​យោធា​ដឹកមីស៊ីល​ប្រភេទ DF-41 ឆ្លង​កាត់​ក្បួន​ដង្ហែ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិនថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រជាជ​ន​គ្រវី​ទង់ជាតិ​ចិន​ ខណៈ​ដែល​យានយន្ដ​យោធា​ដឹកមីស៊ីល​ប្រភេទ DF-41 ឆ្លង​កាត់​ក្បួន​ដង្ហែ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិនថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
ដោយ: VOA
ចំណែក​ច្រើន​ជាង​មុន​បន្តិចបន្តួច​នៃ​កញ្ចប់​ថវិកា​ឆ្នាំ ២០២៣ របស់​ប្រទេស​ចិន​គឺ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ។ នេះ​បើ​យោង​តាម​ពង្រាង​ថវិកា​ដែល​បាន​ដាក់​ជូន​សម័យ​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​របស់​ចិន​កាលពី​ថ្ងៃ​ទី ៥ ខែ​មីនា​កន្លង​ទៅ​នេះ។



នេះ​ជា​អ្វី​ដែល​អ្នក​វិភាគ​នានា​បាន​និយាយ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ក្លាយជា​មហា​អំណាច​យោធា​នៅ​ក្នុង​តំបន់។
 
ចិន​នឹង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ចំនួន ៧,២% នៅ​ក្នុង​ឆ្នាំ​នេះ ច្រើន​ជាង​ការ​បង្កើន​ចំនួន ៧,១% កាលពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ពង្រាង​ថវិកា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ដាក់​ជូន​សភា​ចិន។ ករណី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​នូវ​កញ្ចប់​ថវិកា​យោធា​របស់​ចិន​ក្នុង​រយៈពេល ៨ ឆ្នាំ​ជាប់ៗ​គ្នា ដែល​ឥឡូវ​នេះ​កញ្ចប់​ថវិកា​នេះ​បាន​ក្លាយជា​កញ្ចប់​ថវិកា​យោធា​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក។
 
កញ្ចប់​ថវិកា​ជាតិ​របស់​ចិន​បាន​បង្ហាញ​ថា ថវិកា​ចំនួន ២២៤ ពាន់​លាន​ដុល្លារ​គឺ​សម្រាប់​ការ​ចំណាយ​ខាង​យោធា។ នេះ​បើ​យោង​តាម​ពង្រាង​ថវិកា​របស់​ចិន។ ដូច​ឆ្នាំ​មុនៗ​ដែរ គេ​មិន​ឃើញ​មាន​ការ​បង្ហាញ​ព័ត៌មាន​ណា​មួយ​អំពី​ការ​ចំណាយ​ផ្សេងៗ​ទៀត​នៃ​កញ្ចប់​ថវិកា​នេះ​ទេ។ នៅ​រវាង​ឆ្នាំ ២០១១ និង ២០១៥ ចិន​បាន​រាយការណ៍​ថា​ថវិកា​ការពារ​ជាតិ​របស់​ខ្លួន​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ពី ១០% ទៅ ១២%។
 
ចំនួន​ថវិកា​សេដ្ឋកិច្ច​និង​ការពារ​ជាតិ​របស់​ចិន​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នៅ​ខាង​ក្រៅ​ជា​ច្រើន​ពិចារណា​ដោយ​មន្ទិល​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​រដ្ឋាភិបាល​ចិន​លើ​ប្រធានបទ​ដ៏​រសើប​នេះ។
 
កាលពី​ខែ​មុន ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) របស់​សហរដ្ឋ​អាមេរិក​លោក William Burnsបាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ការ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​ប្រាប់​យោធា​ចិន «ឱ្យ​ប្រុងប្រៀប​នៅ​ត្រឹម​ឆ្នាំ ២០២៧» ដើម្បី​ឈ្លានពាន​កោះ​តៃវ៉ាន់ បើ​ទោះបីជា​លោក Burnsបាន​បញ្ជាក់​ថា​បទពិសោធន៍​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​នៅ​មាន​មន្ទិល​អំពី​ផែនការ​នេះ​ក៏ដោយ។
 
លោក Chen Daoyin ដែល​ជា​អតីត​សាស្ត្រាចារ្យ​រង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ច្បាប់​នៃ​សាកល​វិទ្យាល័យ​សៀងហៃ (Shanghai University) ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​បរទេស បាន​និយាយ​ថា ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា​របស់​ចិន​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​គោលដៅ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បន្តិចបន្តួច ដែល​គោលដៅ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​គឺ​មាន​ចំនួន​ប្រហែល ៥%។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា វា​ជា «រឿង​ធម្មតា​ទេ» បើ​និយាយ​អំពី​សេចក្ដី​ប្រាថ្នា​ផ្នែក​យោធា​របស់​ចិន។
 
លោក​បាន​និយាយ​ដូច្នេះ​ថា៖ «វា​ជា​គោលដៅ​សម្រាប់​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​ការ​ពង្រឹង​យោធា នៅ​ពេល​ដែល​ខ្លួន​ប្រាថ្នា​ក្លាយជា​មហា​អំណាច​យោធា​ក្នុង​តំបន់​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ពិភពលោក»។
 
លោក Wen-Ti Sung ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​និយាយ​ថា ការ​បង្កើន​ថវិកា​របស់​ចិន​គឺ​បណ្ដាល​មកពី​កត្តា​មួយ​ចំនួន។
 
លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ខំ​ប្រឹង​ទាំង​លំបាក​របស់​រុស្ស៊ី​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទំនងជា​ផ្តល់​ទិន្នន័យ​ដ៏​សំខាន់​មួយ​អំពី​ទម្រង់​នៃ​សង្គ្រាម​នៅ​ពេល​បច្ចុប្បន្ន​និង​អំពី​ផ្នែក​អ្វី​ខ្លះ​ដែល​កងទ័ព​ចិន​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​ប្រសើ​ឡើង។ នេះ​ជា​ការ​បន្ទាន់​ពីព្រោះ​លោក Xi Jinping ចង់​ធ្វើ​ឱ្យ​ចិន​ក្លាយជា​មហា​អំណាច​យោធា​ថ្នាក់​ពិភពលោក​យ៉ាង​ពិត​ប្រាកដ​មួយ​នៅ​ឆ្នាំ ២០២៧ ខាង​មុខ»។
 
លោក​បាន​និយាយ​ទៀត​ថា ការ​ចំណាយ​ខាង​យោធា​នេះ​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​របស់​ចិន​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ការ​បង្កើន​ការងារ​នៅ​ក្នុង​ផ្នែក​ស៊ីវិល​ផង​ដែរ។
 
លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សម្រាប់​កោះ​តៃវ៉ាន់​និង​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ការ​បង្កើន​ថវិកា​ចំណាយ​ផ្នែក​ការពារ​ជាតិ​របស់​ចិន​នេះ​មិន​ចាំបាច់​សុទ្ធតែ​ជា​សញ្ញា​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ​ទេ។ វា​អាច​មាន​ន័យ​ថា​ចិន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្ថាបនា​សមត្ថភាព​យោធា ជាជាង​ការ​ប្រើ​កម្លាំង​យោធា​នោះ​បន្ទាន់​ភ្លាមៗ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com