កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Real ថានឹងបញ្ចេញអស់សមត្ថភាពដោយមិនយកប្រៀបលើ ​Liverpool ត្រឹមចំណេញ ៣គ្រាប់ទេ
15, Mar 2023 , 4:59 pm        
រូបភាព
លោក Carlo Ancelotti និយាយថា Real Madrid នឹងបញ្ចេញអស់សមត្ថភាពទល់ Liverpool ក្នុងជើងទីពីរសម្រាប់ជំនួបវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដោយមិនយកប្រៀបដោយមានគ្រាប់បាល់ចំណេញ ៣គ្រាប់កាលពីជើងទីមួយនោះទេ។



ក្លិបយក្សអេស្ប៉ាញនិងប្រចាំតំបន់អឺរ៉ុបកាលពីជើងទីមួយ វាយបកតាមពីក្រោយការនាំមុខរបស់ Liverpool រហូតអាចយកឈ្នះនៅទឹកដីអង់គ្លេស ៥-២ វិញកាលពីខែកុម្ភៈកន្លងទៅ។
តែលោក Ancelotti អ្នកចាត់ការក្រុមបាននិយាយថា កីឡាកររបស់លោកមិនភ្លេចខ្លួននោះទេ ចំពោះការប្រយុទ្ធវាយបករហូតយកឈ្នះវិញលើ Liverpool ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយបន្ថែមទៀតថា ក្រុមហង្សក្រហមមានសមត្ថភាពអាចធ្វើឱ្យ Real Madrid ខកចិត្តបាននៅទឹកដី ​Bernabeu នាថ្ងៃ១៥ មីនា។
 
«យើងត្រូវតែចាប់ផ្តើមការប្រកួតឱ្យបានល្អជាជាងយើងបានធ្វើនៅ Anfield ហើយយើងត្រូវស្វែងរកស្ថេរភាពទាំងនៅតំបន់ការពារនឹងតំបន់ប្រយុទ្ធ ព្រោះយើងបានឃើញបញ្ហានេះពេលចាប់ផ្តើម ១៥នាទីដំបូង។ យើងនឹងបញ្ចេញសមត្ថភាពដែលយើងមាន មិនមែនមានប្រៀប ៣គ្រាប់យើងរីករាយនោះទេ តែការឈឺចាប់ជាច្រើនស្ថិតក្នុងការចងចាំរបស់យើង ដូច្នេះយើងមិនអាចធ្វេសប្រហែសបានឡើយ ​យើងនឹងផ្តោតអារម្មណ៍តាំងពីនាទីដំបូងរហូតបញ្ចប់ដើម្បីជ័យជម្នះ និងសម្រាប់អ្នកគាំទ្រ។»។ លោក Ancelotti បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
លោក Ancelotti ក៏បានលើកឡើងពីការប្រកួតទល់ Chelsea កាលពីរដូវកាលមុនក្នុងវគ្គ ៨ក្រុមចុងក្រោយ ពេលនៅទឹកដីអង់គ្លេស Real Madrid យកឈ្នះដោយលទ្ធផល ៣-១។ 
ប៉ុន្តែវិលមកកាន់ទឹកដីអេស្ប៉ាញក្នុងជើងទីពីរ Chelsea ស៊ុតវាយបកវិញ ៣-០ នាំមុខមុនវិញ មុនពេលបញ្ចប់ការប្រកួតក្នុងរយៈពេល ១២០នាទីដែល Real Madrid អាចយកឈ្នះវិញបានក្នុងលទ្ធផល ៣-២ វិញ ដើម្បីឡើងទៅកាន់ពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ដោយឡែកការប្រកួតមួយគូផ្សេងទៀតនៃវគ្គ ១៦ក្រុមជើងទីពីរ ក្រុមកំពុងនាំមុខក្នុងក្របខណ្ឌ Serie A ក្លិប SSC Napoli ស្វាគមន៍ក្រុម Eintracht Frankfurt នាកីឡដ្ឋាន Diego Armando Maradona វេលាម៉ោង ៣យប់រំលងអាធ្រាត្រ៕
 
 

Tag:
 Real Madrid
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com