អន្តរជាតិ
ប្រធានាធិបតីតួកគី បង្ហើបលទ្ធភាពយល់ព្រមឱ្យហ្វាំងឡង់ចូលណាតូមុនស៊ុយអែត
16, Mar 2023 , 2:34 pm        
រូបភាព
ករណីលោក កឹម សុខា ​៖ សម្ដេច ហ៊ុន សែន និយាយថា សកម្មភាពបរទេសខ្លះ ជាការដាក់បន្ទុកបន្ថែម
ករណីលោក កឹម សុខា ​៖ សម្ដេច ហ៊ុន សែន និយាយថា សកម្មភាពបរទេសខ្លះ ជាការដាក់បន្ទុកបន្ថែម
ប្រធានាធិបតីតួកគីលោក តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៥ ខែមីនា បានបង្ហើបថា ទីក្រុងអង់ការ៉ាអាចផ្តល់សច្ចាប័នលើពាក្យស្នើសុំរបស់ហ្វាំងឡង់ដើម្បីចូលរួមជាសមាជិកសម្ព័ន្ធមិត្តយោធាអង្គការណា​តូ ប៉ុន្តែមិនរាប់បញ្ចូលពាក្យស្នើសុំរបស់ស៊ុយអែតឡើយ។



ហ្វាំងឡង់ទំនងអាចចូលក្នុងសម្ព័ន្ធយោធាណាតូ មុនស៊ុយអែតដែលតួកគីនៅតែប្រកាន់ជំហរមិនពេញចិត្ត។ មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វាំងឡង់នៅអង់ការ៉ា លោក តៃយីប អ៊ែរដូហ្កាន់ ក៏បង្ហើបពីលទ្ធភាពដែលសភាតួកគីផ្ដល់សច្ចាប័នលើសំណើរបស់ហ្វាំងឡង់។
 
កន្លងមក រដ្ឋាភិបាលតួកគី បានចោទប្រកាន់ស៊ុយអែតមិនបានចាត់វិធានការឱ្យខ្លាំងចំពោះក្រុមដែលខ្លួនចាត់ទុកថាជាអង្គការភេរវកម្មដូចជាក្រុមឃឺដ និងកាត់បន្ថយការគំរាមកំហែងដែលមានស្រាប់។ ខណៈហាក់នៅប្រកាន់ជំហររឹងមាំមិនផ្ដល់សច្ចាប័នលើសំណើរបស់ស៊ុយអែត រដ្ឋាភិបាលទីក្រុងអង់ការ៉ា​បានលើកឡើងថា ខ្លួនបានមាន​នៅបញ្ហា​តិចតួចប៉ុណ្ណោះជាមួយសំណើរបស់​ហ្វាំងឡង់។
 
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto​ ទៅកាន់តួកគីក្នុងសប្តាហ៍នេះ លោក អ៊ែរដូហ្កាន់ បានបង្ហាញសញ្ញាវិជ្ជមាននៃការចូលជាសមាជិករបស់ហ្វាំងឡង់។ 
 
«យើងនឹងធ្វើផ្នែករបស់យើង។ យើងនឹងរក្សាការសន្យា។ យើងនឹងជួបជាមួយប្រធានាធិបតី (ហ្វាំងឡង់)នៅថ្ងៃសុក្រ ហើយបំពេញតាមការសន្យាដែលយើងបានធ្វើ»។ លោក អ៊ែរដូហ្កាន់ ប្រាប់អ្នកកាសែតបែបនេះ។ 
 
លោក Sauli Niinisto គ្រោងធ្វើដំណើរទៅតួកគីរួមជាមួយរដ្ឋមន្ត្រីការបរទេស Pekka Haavisto នៅថ្ងៃទី១៦ ខែមីនា ក្នុងគោលបំណងទៅធ្វើទស្សនកិច្ចនៅតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរីកាលពីខែមុន។
 
ក្នុងដំណើរទស្សនកិច្ចនេះដែរ មេដឹកនាំនៃប្រទេសទាំងពីរ នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៧ ខែមីនា។ ប្រធានាធិបតីហ្វាំងឡង់រំពឹងថាលោក អ៊ែរដូហ្កាន់ នឹងបញ្ជាក់ពីការគាំទ្ររបស់តួកគីលើសំណើរបស់ហ្វាំងឡង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ៕
 

Tag:
 តួកគី
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com